អ្នកនាំពាក្យក្រុមហួធី បាននិយាយថា ពួកគេពិតជាបានរឹបអូសកប៉ាល់មួយគ្រឿងនៅសមុទ្រក្រហមមែន និងថា នាវានោះ គឺជារបស់អ៊ីស្រាអែល។ យ៉ាងណាមិញ យោងតាមក្រុមហ៊ុនដឹកជញ្ជូនជប៉ុន Nippon Yusen ដែលជាក្រុមហ៊ុនរបស់កប៉ាល់នេះបានបញ្ជាក់ថា កប៉ាល់សម្រាប់ដឹករថយន្តដែលធ្វើប្រតិបត្តិការនៅសមុទ្រក្រហមនោះ ពិតជាត្រូវបានរឹបអូសមែន ហើយខ្លួនកំពុងប្រមូលព័ត៌មានបន្ថែម។ បើតាមការកាសែតជប៉ុននីកេ មាននាវិកចំនួន២២នាក់នៅលើនាវានោះ រួមទាំងជនជាតិប៊ុលហ្គារី និងហ្វីលីពីន ប៉ុន្តែមិនមានជនជាតិជប៉ុនទេ។
ទន្ទឹមគ្នានេះ មន្ត្រីការពារជាតិអាម៉េរិកម្នាក់បាននិយាយថា គេក៏បានដឹងអំពីហេតុការណ៍នេះដែរ និងកំពុងតាមដានយ៉ាងដិតដល់។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បាននិយាយថា គ្មានជនជាតិអ៊ីស្រាអែលណាម្នាក់នៅលើកប៉ាល់នោះទេ ហើយវាក៏មិនមែនជាកម្មសិទ្ធរបស់អ៊ីស្រាអែលដូចការចោទរបស់ក្រុមហួធីដែរ។ តែលោកថា នេះគឺជាអំពើភេរវកម្មមួយផ្សេងទៀតរបស់អ៊ីរ៉ង់ ដែលគាំទ្រក្រុមឧន្ទាម និងបានប៉ះពាល់ជាអន្តរជាតិ ទៅនឹងសុវត្ថិភាពនៃផ្លូវដឹកជញ្ជូនសកល។
មែនទែនទៅ កងកម្លាំងហួធីដែលកំពុងគ្រប់គ្រងមួយភាគធំនៃទឹកដីយេម៉ែន និងមានការគាំទ្រជួយពីក្រោយដោយអ៊ីរ៉ង់ បានប្រកាសគាំទ្រហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល តាំងពីដើមដំបូងមកម្ល៉េះ។ ក្រុមនេះក៏បាននិងកំពុងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើកជាច្រើនទៅកាន់អ៊ីស្រាអែលផងដែរ។ កាលពីពេលថ្មីៗ ក្រុមហួធី បាននិយាយថា កប៉ាល់ទាំងអស់ដែលគ្រប់គ្រង ឬធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអ៊ីស្រាអែល ឬមានទង់ជាតិអ៊ីស្រាអែលអាចនឹងត្រូវបានកំណត់គោលដៅ។
យ៉ាងណាមិញ បើតាមការរាយការណ៍មួយដោយកាសែត Washington Post កាលពីថ្ងៃសៅរិ៍ អ៊ីស្រាអែល សហរដ្ឋអាម៉េរិក និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដើម្បីដោះលែងស្ត្រី និងកុមាររាប់សិបនាក់ ដែលជាប់ជាចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការផ្អាកការប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ។ បើតាមកិច្ចព្រមព្រៀងកម្រាស់៦ទំព័រនោះ ភាគីទាំងអស់នឹងត្រូវផ្អាកប្រតិបត្តិការប្រយុទ្ធយ៉ាងហោចណាស់៥ថ្ងៃ ដើម្បីឱ្យចំណាប់ខ្មាំង៥០នាក់ ឬច្រើនជាងនេះ ត្រូវបានដោះលែងក្នុងរយៈពេល២៤ម៉ោង។
យោងតាមប្រភពដែលដឹងអំពីរឿងនេះបានប្រាប់ Washington Post ថា ការដោះលែងនឹងត្រូវធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈមិនទាន់មានការបញ្ជាក់ណាមួយពីសំណាក់សេតវិមាន និងរដ្ឋាភិបាលអ៊ីស្រាអែលនៅឡើយទេ ជុំវិញព័ត៌មាននេះ។
គួររំលឹកថា ក្រុមហាម៉ាសបានចាប់ចំណាប់ខ្មាំងប្រហែល២៤០នាក់ អំឡុងការវាយឆ្មក់លើអ៊ីស្រាអែលកាលពីថ្ងៃទី៧ តុលា និងកំពុងឃុំទុកនៅតំបន់ហ្គាហ្សា៕