គិតចាប់តាំងពីឆ្នាំ២០១១មក កម្ពុជាបាននិរទេសខ្លួនជនជាតិចិននិងតៃវ៉ាន់ចំនួនជាង៨០០នាក់ ទៅប្រទេសចិនវិញ ដែលត្រូវបានចាប់ខ្លួនពីបទសង្ស័យជំរិតប្រាក់និងឆបោកតាមប្រព័ន្ធទូរគមនាគមន៍។
នេះបើយោងតាមលោក អ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។
ការបង្រ្កាបនៅកម្ពុជា ក្នុងខែនេះគឺជាផ្នែកមួយនៃការបង្ក្រាបជាលក្ខណៈតំបន់ ខណៈដែលប្រទេសចិនបន្តការបង្រ្កាបទៅលើសកម្មភាពឆបោកនិងជំរិតប្រាក់តាមទូរស័ព្ទ និងអ៊ិនថឹណិត ដែលបានធ្វើឲ្យជនរងគ្រោះជនជាតិចិនខាតបង់លុយរាប់ពាន់លានដុល្លារ។
កាលពីខែកក្កដា កម្ពុជាបានបញ្ជូនចេញជនសង្ស័យចិននិងតៃវ៉ាន់ចំនួន១០៥នាក់ ទៅប្រទេសចិន ពីបទល្មើសដូចគ្នានេះដែរ។
តើបានអានអត្ថបទនេះឬនៅ? ជនជាតិចិនដែលកំពុងរស់នៅនិងរកស៊ីនៅស្រុកខ្មែរ | គិតត្រឹមឆ្នាំ២០២០ បុរសចិនដែលមិនអាចរកប្រពន្ធបាននឹងកើនឡើងដល់៣០លាននាក់
លោក អ៊ុក ហៃសិលា បានមានប្រសាសន៍ថា មានជនជាតិតៃវ៉ាន់តិចតួចទេ នៅក្នុងចំនួនជាង៨០០នាក់នេះ ហើយបានអះអាងបន្ថែមថា ពួកក្រុមនេះបានផ្តោតការបោកប្រាស់ទៅលើជនជាតិចិនជាបុគ្គលិករដ្ឋ ជាមន្រ្តីរាជការចូលនិវត្តន៍ដែលមានលុយនិងកេរ្តិ៍ឈ្មោះល្អ។
លោក អ៊ុក ហៃសិលា បាននិយាយថា ៖ «ពួកវាមានអ្នកស៊ើបប្រវត្តិរបស់បុគ្គលណាមួយ ឬមន្រ្តីរាជការនៅស្រុកចិន ដែលជាអ្នកមានលុយមានកិត្តយស។ បន្ទាប់ពីស៊ើបបានអស់ហើយ ពួកវាហ៊ែក (hack) ចូលតាម WhatsApp ដើម្បីយកលេខទូរស័ព្ទដើម្បីទាក់ទងគា្នតាមបណ្តាញសង្គម ដូចជា Wechat ហើយនិងប្រព័ន្ធ QQ»។
លោក អ៊ុក ហៃសិលា បន្តថា ដល់ពេលបានលេខទូរស័ព្ទហើយ ពួកវាចាប់ផ្តើមចូលខ្លួនមកពាក់ព័ន្ធជាមួយជនរងគ្រោះ ដែលឈានដល់ការស្រលាញ់គ្នា។
អត្ថបទទាក់ទងពីចិន៖ ១៧ឆ្នាំចុងក្រោយនេះ ប្រទេសណាខ្លះវិនិយោគលើវិស័យសំណង់កម្ពុជាច្រើនជាងគេ?
លោក អ៊ុក ហៃសិលា បានបន្តទៀតថា ៖ «ដល់អ៊ីចឹង វាថតរូបសិចស៊ីបង្ហាញទៅវិញទៅមក ហើយដល់ពេលវាបានអស់ហើយ វាឈប់ ហើយវាឲ្យទៅក្រុមជំនាញមួយទៀត ដើម្បីជំរិតទារលុយ ថា បើមិនផ្តល់លុយ វានឹងបង្ហោះរូបភាពតាមបណ្តាញសង្គម ឬទៅគ្រួសារ ឬនៅកន្លែងធ្វើការ»។
លោក អ៊ុក ហៃសិលា បានិយាយថា នៅស្រុកចិន អ្នកខ្លះខ្មាស់គេរហូតដល់មានសម្លាប់ខ្លួន ហើយខេត្តចិនមួយចំនួននៅជាប់ទល់ដែនវៀតណាមនិងថៃ គឺខាតបង់លុយដល់រាប់ពាន់លានដុល្លារដោយសារចាញ់បោកពួកហ្នឹង។
យោងតាមលោក អ៊ុក ហៃសិលា នៅកម្ពុជា បន្ទាប់ពីអាជ្ញាធរបានធ្វើការបង្រ្កាបនៅតាមខេត្ត ពួកវារត់មកភ្នំពេញវិញ ខណៈពីមុន អាជ្ញាធរបានបង្រ្កាបនៅភ្នំពេញ ពួកវាបានរត់ទៅខេត្ត៕