មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងទៀតថា ស្ថិរភាពលើអត្រាការប្រាក់ក្នុងរង្វង់ ៤.០៨៥រៀលក្នុង១ដុល្លារអាមេរិក ក៏ជាកត្តាសំខាន់មួយផងដែរ ក្នុងការរក្សាលំនឹងតម្លៃទំនិញនៅកម្ពុជា។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មបានអះអាងប្រាប់ខេមបូណូមីសថា កម្ពុជាពុំមានបញ្ហាអតិផរណាតម្លៃទំនិញ កើនឡើងគួរឲ្យព្រួយបារម្ភ ដែលអាចបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជានោះទេ។ ឯកឧត្តម កត់សម្គាល់ឃើញថា នៅឆមាសទី១ឆ្នាំ២០២១ នេះ តម្លៃទំនិញលើទីផ្សារមានការឡើងចុះជាធម្មតា ហើយកត្តាដែលធ្វើឲ្យមានការប្រែប្រួលតម្លៃទំនិញលើទីផ្សារ គឺអាស្រ័យលើប្រភពផ្គត់ផ្គង់ និងតម្រូវការប្រើប្រាស់តែប៉ុណ្ណោះ។អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ
បានសង្កត់ធ្ងន់ថា ក្រសួងនឹងធ្វើការអន្តរាគមន៍ ក៏ដូចជាចាត់វិធានការភ្លាមៗក្នុងករណីតម្លៃទំនិញយុទ្ធសាស្ត្របានហក់ឡើងថ្លៃ
ដែលអាចបង្កហានិភ័យដល់ការប្រើប្រាស់ ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្ថែមថា ក្រសួងពាណិជ្ជកម្មរង់ចាំអន្តរាគមន៍ជានិច្ចក្នុងការសហការ
និងសម្របសម្រួលជាមួយភាគីឯកជន ដើម្បីរួមចំណែកកាត់បន្ថយការកើនឡើង
និងរក្សាតម្លៃទំនិញនៅលើទីផ្សារ ដែលប្រជាពលរដ្ឋ និងអ្នកធ្វើអាជីវកម្មអាចទទួលយកបាន។
ការមិនមានការប្រែប្រួលខ្លាំងនូវអត្រាប្តូរប្រាក់ ក៏ជាកត្តាដ៏សំខាន់មួយក្នុងការជួយរក្សាអតិផរណាតម្លៃទំនិញលើទីផ្សារនៅកម្ពុជានៅឆមាសទី១ឆ្នាំ២០២១ ឲ្យស្ថិតក្នុងកម្រិតទាបផងដែរ។ នេះបើតាមការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជាក្នុងរបាយការណ៍បូកសរុបការងារប្រចាំឆមាសទី១ និងដាក់ទិសដៅអនុវត្តសម្រាប់ឆមាសទី២របស់ខ្លួនកាលពីពេលកន្លងទៅថ្មីៗ។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា នៅឆមាសទី១ឆ្នាំ២០២១ អត្រាប្តូរប្រាក់នៅកម្ពុជាមានការប្រែប្រួលក្នុងរង្វង់៤.០៨៥រៀលក្នុងមួយដុល្លារអាមេរិក៕