ទីភ្នាក់ងារមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក បាននិយាយថា ពលរដ្ឋអាមេរិកចំនួនជិត២២០ លាននាក់ហើយ ដែលបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូស ខណៈមនុស្សប្រមាណ ១៩០ លាននាក់បានចាក់គ្រប់ចំនួន ២ ដូស។
អាមេរិកបានប្រើវ៉ាក់សាំង ដែលចាក់ពីរដង មានដូចជា Moderna និង Pfizer ព្រមទាំងវ៉ាក់សាំងចាក់តែមួយដងគឺ Johnson & Johnson ជូនពលរដ្ឋរបស់ខ្លួន។
ចាប់ពីថ្ងៃទី ១៣ ខែសីហាមក នៅពេលដែលអាមេរិកអនុញ្ញាតឱ្យចាក់វ៉ាក់សាំងលើកទី ៣ ឬដូសជំរុញសម្រាប់អ្នកដែលមានប្រព័ន្ធការពារខ្សោយ មានពលរដ្ឋអាមេរិកប្រហែល ១២ លាននាក់ហើយ ដែលបានមកទទួលវ៉ាក់សាំងដូសជំរុញនេះ។
ទាក់ទងនឹងការចាក់វ៉ាក់សាំងនេះដែរ បើមើលទៅលើប្រទេសចិនវិញ បើតាមទិន្នន័យពីគណៈកម្មការសុខភាពជាតិបានបង្ហាញថា វ៉ាក់សាំងកូវីដ១៩ ច្រើនជាង ២ ពាន់លានដូស ត្រូវបានចាក់ជូនពលរដ្ឋរបស់ប្រទេសខ្លួន ខណៈដែលពលរដ្ឋបានចាក់វ៉ាក់សាំងគ្រប់ ២ ដូស ស្មើនឹង ៧៨ ភាគរយនៃពលរដ្ឋសរុប។
ចំនួននៃការចាក់វ៉ាក់សាំងឡើងដល់ជាង ២ពាន់លានដូសនេះ បានធ្វើឲ្យចិនក្លាយជាប្រទេសនាំមុខគេលើពិភពលោកដែលបានចាក់វ៉ាក់សាំងបានច្រើនជាងគេបំផុត ខណៈដែលប្រទេសឥណ្ឌាបានឈរនៅលំដាប់ទី២ តាមពីក្រោយចិន ដោយថ្មីៗនេះឥណ្ឌាទើបតែសម្រេចបានការចាក់វ៉ាក់សាំងដល់១ពាន់លានដូសហើយ ។
បន្ទាប់ពីឥណ្ឌា គឺសហភាពអឺរ៉ុប សម្រេចបានចាក់ចាក់វ៉ាក់សាំងជាង៥៨៥លានដូសហើយ ខណៈដែលអាមេរិកគឺឈរលេខរៀងបន្ទាប់ពីអឺរ៉ុប ដែលមានការចាក់វ៉ាក់សាំងជាង៤១២លានដូស ក្នុងនោះ អ្នកចាក់បានមួយដូសមានជាង៦៦% នៃពលរដ្ឋសរុប និងអ្នកចាក់បាន២ដូស មានជាង៥៧%។ នេះបើតាមទិន្នន័យដែលរៀបរៀងដោយសារព័ត៌មាន Bloomberg គិតត្រឹមថ្ងៃទី ២៤ ខែតុលា៕
អត្ថបទ៖ ស៊ើង និមល់