នេះបើតាមការចេញផ្សាយរបស់កាសែតវៀតណាមVN Expressនៅថ្ងៃនេះ។
យោងតាមព្រឹត្តិប័ត្រដែលបានបោះផ្សាយដោយក្រសួងហិរញ្ញវត្ថុវៀតណាមបានបង្ហាញថា បំណុលសាធារណៈរបស់វៀតណាមបានថយចុះជាបន្តបន្ទាប់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ពោលគឺបានថយចុះពីកម្រិតជាង៦១% នៃGDP នៅក្នុងឆ្នាំ២០១៧ មកនៅត្រឹមកម្រិតជាង ៤៣%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២១ ហើយគេធ្វើការធៀបនឹងផលិតផលក្នុងស្រុកសរុបចំនួន ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ គឺបំណុលសាធារណៈរបស់វៀតណាម មានចំនួន ១៥៧ ពាន់លានដុល្លារ។
ក្រៅតែពីបំណុលសាធារណៈ ស្ថិតិរបស់ក្រសួងហិរញ្ញវត្ថុសម្រាប់រយៈពេល ៥ ឆ្នាំ (ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១) បានបង្ហាញទៀតថា បំណុលរដ្ឋាភិបាល, ការធានាបំណុលដោយរដ្ឋាភិបាល និងបំណុលរដ្ឋាភិបាលមូលដ្ឋានក៏កំពុងតែធ្លាក់ចុះជាបណ្ដើរៗផងដែរ។
បំណុលរបស់រដ្ឋាភិបាលបានធ្លាក់ចុះពីកម្រិត ៥១,៧% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០១៧ មកនៅត្រឹមជាង ៣៩% ក្នុងឆ្នាំ២០២១ ដែលស្មើនឹងទឹកប្រាក់ជិត១៤៤ ពាន់លានដុល្លារ ហើយបំណុលធានាដោយរដ្ឋាភិបាលវិញ បានថយចុះពីកម្រិតជាង ៩% ក្នុងឆ្នាំ២០១៧ មកនៅត្រឹម ៣,៨% ក្នុងឆ្នាំ ២០២១ ឬជិត ១៤ ពាន់លានដុល្លារ ខណៈដែលបំណុលបរទេសរបស់វៀតណាមវិញនៅមានកម្រិត ៣៨,៤% នៅត្រឹមចុងឆ្នាំ២០២១ បើធៀបនឹងបំណុលនៅឆ្នាំ២០១៧គឺមានកម្រិត ៤៩% នៃផលិតផលក្នុងស្រុកសរុប។
ខណៈពេលដែលបំណុលបរទេសរបស់វៀតណាមមានការថយចុះនោះ បំណុលក្នុងស្រុកក៏បានកើនឡើងយ៉ាងខ្លាំងទៅវិញ ដែលមានមានប្រហែល ជាង៦៧% នៃបំណុលមិនទាន់សងសរុបរបស់រដ្ឋាភិបាល ឬស្មើនឹងទឹកប្រាក់ចំនួន៩៥ ពាន់លានដុល្លារគិតនៅចុងឆ្នាំ ២០១។ កិច្ចសន្យាសងបំណុលបរទេសរបស់ប្រទេសនេះ បានកើនឡើងបន្តិចផងដែរ គឺកើន ៦,៨% នៃការនាំចេញសរុបកាលពីឆ្នាំមុន។
យោងតាមព្រឹត្តិប័ត្រដដែលនេះបានបង្ហាញថា ប្រទេសជប៉ុន កូរ៉េខាងត្បូង បារាំង និងអាល្លឺម៉ង់ គឺជាម្ចាស់បំណុលទ្វេភាគីធំជាងគេរបស់វៀតណាម ហើយគិតត្រឹមឆ្នាំ ២០២១ ប្រទេសជប៉ុនបានផ្តល់ប្រាក់កម្ចីចំនួនជាង១៥ពាន់លានដុល្លារទៅឲ្យវៀតណាម។ កូរ៉េខាងត្បូង និងបារាំងបានផ្ដល់កម្ចីដល់វៀតណាមប្រហែលប្រហែលគ្នា គឺក្នុងរង្វង់ប្រហែល១,៣ពាន់លានដុល្លារ។
ក្រៅតែប្រទេសទាំងនេះ វៀតណាមក៏បានខ្ចីបំណុលពីស្ថាប័នផ្ដល់ប្រាក់កម្ចីជាច្រើនផ្សេងទៀតផងដែរ ដូចជាធនាគារពិភពលោក (WB) ដែលមានទឹកប្រាក់ជាង ១៦ ពាន់លានដុល្លារ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានទឹកប្រាក់ជាង ៨ពាន់លានដុល្លារ។
ដោយឡែក នៅឆ្នាំនេះរដ្ឋាភិបាលវៀតណាមត្រូវគេរំពឹងថានឹងខ្ចីប្រាក់រហូតដល់ចំនួន ៣០ ពាន់លានដុល្លារ ថែមទៀត ដែលក្នុងនោះ ៩៦% គឺជាប្រាក់កម្ចីដើម្បីរក្សាតុល្យភាពថវិការដ្ឋ។
ប្រសិនបើផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនៅឆ្នាំ២០២២នេះបានកើនឡើងដូចការរំពឹងទុកមែននោះ រដ្ឋាភិបាលបានគណនាថា បំណុលសាធារណៈនឹងមានប្រហែល ៤៣-៤៥% នៃផលិតផលក្នុងស្រុកសរុប៕
អត្ថបទ៖ សុខ ជា