ជាមួយនឹងការព្យាករក្នុងអត្រាកំណើនខ្ពស់បំផុតក្នុងពិភពលោក សេដ្ឋកិច្ចឌីជីថលរបស់តំបន់អាស៊ីគ្នេយ៍ ត្រូវបានព្យាករថា នឹងមានដល់ ៣០០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៥ និងដល់១ទ្រីលានដុល្លារនៅឆ្នាំ២០៣០។ នេះបើតាមរបាយការណ៍ស្ដីពី ការវិនិយោគនៅក្នុងតំបន់អាស៊ី២០២៣ ដែលបានចេញផ្សាយដោយអាស៊ាន នៅក្នុងភាពជាដៃគូជាមួយនឹងស្ថាប័ន Allurentis។
ដោយឡែក បើតាមរបាយការណ៍ពីធនាគារអភិវឌ្ឍអាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សេដ្ឋកិច្ចតំបន់អាស៊ាន នឹងកើនលើសកំណើនសេដ្ឋកិច្ចពិភពលោកដែលមាន ២,៧% នៅឆ្នាំ២០២៣នេះទៅទៀត។ ទិន្នន័យពី ADB នៅឆ្នាំ២០២២បានបង្ហាញថា សេដ្ឋកិច្ចឌីជីថល គឺមានរួមចំណែកប្រមាណ ៧% នៃផលិតផលក្នុងស្រុកសរុបរបស់សេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍។
យ៉ាងណាមិញ បើតាមក្រុមហ៊ុនប្រឹក្សាយោបល់ YCP Solidiance បានអះអាងថា កម្លាំងជំរុញសម្រាប់ការប្រើប្រាស់ឌីជីថល គឺជាក្រុមមនុស្សវ័យក្មេងៗ ដែលមានប្រមាណ ៧៥% នៃអ្នកប្រើប្រាស់នៅក្នុងតំបន់។
យោងតាមការសិក្សារបស់ធនាគារ HSBC ការធ្វើឌីជីថលនីយកម្ម គឺមានភាពសកម្មខ្លាំងនៅក្នុងវិស័យសាជីវកម្ម ដោយក្រុមហ៊ុននានាមានឆន្ទៈក្នុងការវិនិយោគ នៅក្នុងផ្នែកបច្ចេកវិទ្យា ដើម្បីផ្លាស់ប្ដូរអាជីវកម្មរបស់ពួកគេឲ្យកាន់តែប្រសើរឡើង។ យ៉ាងណាមិញ តាមការស្ទង់មតិ បង្ហាញថា មានពាក់កណ្ដាលនៃអ្នកឆ្លើយតបបាននិយាយថា ពួកគេនឹងវិនិយោគប្រមាណ ៥% ទៅ១០% នៃប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រឌីជីថលនីយកម្ម ខណៈអ្នកមួយចំនួនទៀតថា ពួកគេនឹងវិនិយោគលើសពីនេះ។
របាយការណ៍ដដែលគូសបញ្ជាក់ទៀតថា អ្នកវិនិយោគដែលមានសក្ដានុពល និងអ្នកចូលទៅក្នុងទីផ្សារ គួរតែពិចារណាពីតួនាទី នៃការសហការរវាងវិស័យរដ្ឋ និងឯកជន ព្រោះវានឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន។