សម្រាប់ការប្រកួត World Cup ឆ្នាំនេះ មានប្រទេសចំនួន៣២ដែលឡើងមកដល់ជុំចុងក្រោយ បន្ទាប់ពីប្រកួតជម្រុះអស់ជាច្រើន រួមមានក្រុមធំៗដូចជា អាហ្សង់ទីន បារាំង និងប្រេស៊ីលជាដើម សុទ្ធតែបានកំណត់គោលដៅចង់កាន់កាប់ជើងឯកនៅក្នុងឆ្នាំនេះ ដើម្បីជាមុខមាត់និងមោទនភាពរបស់ប្រទេសជាតិរៀងៗខ្លួន នៅក្នុងវិស័យកីឡាបាល់ទាត់។ ក្រៅតែពីមុខមាត់ ទោះបានជ័យលាភីឬមិនបានក៏ដោយ ក្រុមនីមួយៗក៏នឹងទទួលបានប្រាប់ឧបត្ថម្ភពី សហព័ន្ធបាល់ទាត់ពិភពលោក FIFA ផងដែរទាំងក្រុមជើងឯក និងមិនបានជើងឯក។ តើចំពោះក្រុមជើងឯកលើកពាន World Cup នៅឆ្នាំនេះវិញ តើនឹងទទួលបានប្រាក់រង្វាន់ប៉ុន្មានលានដុល្លារដែរ?
ក្រុមកីឡាចំនួន ៣២ ក្រុមនឹងធ្វើការប្រកួតមួយខែពេញ សរុបមាន៦៤ប្រកួត នៅរដូវ World Cup ឆ្នាំ២០២២នេះ ហើយគេនឹងអាចរកឃើញម្ចាស់ជើងឯក បាល់ទាត់ពិភពលោកនៅចុងខែធ្នូនេះ។ បើតាមការចុះផ្សាយរបស់គេហទំព័របាល់ទាត់ដ៏ល្បី Goal.com ជើងឯកបាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ២០២២នេះ នឹងទទួលបានប្រាក់រង្វាន់ប្រមាណ ៤២លានដុល្លារអាមេរិក កើនឡើងប្រមាណ៤លានដុល្លារបើធៀបនឹងប្រាក់រង្វាន់ជើងឯកកាលពី World Cup ឆ្នាំ២០១៨ ដែលបានធ្វើឡើងក្នុងប្រទេសរុស្ស៊ី។
គួរកត់សម្គាល់ថា ព្រឹត្តិការណ៍ដែលរៀបចំឡើងអស់២២លើកមកហើយនេះ គឺប្រាក់រង្វាន់សម្រាប់ជើងឯក គឺមានការកើនឡើងជារៀងរាល់ឆ្នាំ។ ជាក់ស្តែងកាលពីឆ្នាំ ១៩៨២ អ៊ីតាលីដែលជាជើងឯកទទួលបានប្រាក់រង្វាន់ត្រឹមតែ ២លាន២សែនដុល្លារប៉ុណ្ណោះ ខណៈទើបតែចាប់ពីឆ្នាំ២០០៦មកទេ ដែលជើងឯកចាប់ផ្តើមទទួលបានប្រាក់ច្រើនជាង១០លានដុល្លារជាលើកដំបូង។ ជាក់ស្តែងនៅក្នុងឆ្នាំ២០០៦នោះ អ៊ីតាលីដែលជាជើងឯកទទួលបានរង្វាន់២០លានដុល្លារ ហើយក៏បន្តកើនឡើងជារៀងរាល់ឆ្នាំ រហូតមកដល់បច្ចុប្បន្ន។
ដោយឡែក សម្រាប់ឆ្នាំ២០២២នេះវិញ សម្រាប់ក្រុមប្រទេសដែលរងជើងឯក មានន័យថាចំណាត់ថ្នាក់លេខ២គឺនឹងទទួលបាន ៣០លានដុល្លារ ចំណាត់ថ្នាក់លេខ៣បាន ២៧លានដុល្លារ និងលេខ៤ទទួលបាន ២៥លានដុល្លារ។ ក្រៅពីនោះ ក្រុមដែលឡើងមកដល់វគ្គ១៦ក្រុមចុងក្រោយនឹងទទួលបាន១៣លានដុល្លារ និងក្រុមដែលឡើងដល់វគ្គ៨ក្រុមចុងក្រោយ ទទួលបាន១៧លានដុល្លារ។ សម្រាប់ក្រុមដែលត្រូវហាលអាវ ពោលគឺធ្លាក់ចេញតាំងពីវគ្គជម្រុះក្នុងពូល នឹងទទួលបានប្រាក់លើកទឹកចិត្ត៩លានដុល្លារ។ នេះបើតាមគេហទំព័រ Goal.com ដដែល។
ក្នុងចំនួនទាំងនេះ បានសេចក្តីថា ប្រទេសដែលឡើងដល់វគ្គ៤ក្រុមចុងក្រោយនៅ World Cup ឆ្នាំនេះទទួលបានប្រាក់ច្រើនជាងម្ចាស់ជើងឯកកាលពីឆ្នាំ២០០៦ទៅទៀត។
យើងអាចនឹងភ្ញាក់ផ្អើលពីទឹកប្រាក់ដែលសហព័ន្ធបាល់ទាត់ពិភពលោកផ្តល់ឱ្យក្រុមដែលបានចូលរួម និងឈ្នះជើងឯក។ ប៉ុន្តែគួរកត់សម្គាល់ថា FIFA ក៏ទទួលបានប្រាក់ចំណេញមិនតិចដែរ ពីការរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្តងមួយនេះ។
បើតាមការចុះផ្សាយចុងក្រោយមួយកាលពីថ្ងៃទី២០ខែវិច្ឆិកា ដោយទីភ្នាក់ងារសារព័ត៌មាន AP សហព័ន្ធបាល់ទាត់ពិភពលោក FIFA ទទួលបានប្រាក់ចំណូលខ្ពស់បំផុតបំណែកកំណត់ត្រា ចំនួន ៧ពាន់៥ រយលានដុល្លារក្នុងរយៈពេល៤ឆ្នាំនៃកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្ម ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២នៅប្រទេសកាតា។
ទោះយ៉ាងណា យើងនឹងបានដឹងថាក្រុមមួយណាជាជើងឯក ហើយទទួលបានប្រាក់រង្វាន់ដ៏សន្ធឹកសន្ធាប់នេះនៅចុងខែធ្នូខាងមុខ ខណៈចាប់តាំងពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកដំបូងនៅឆ្នាំ ១៩៣០ មកទល់នឹងពេលនេះ ប្រទេសប្រេស៊ីល គឺជាអ្នកគ្រងជើងឯកច្រើនជាងគេដល់ទៅ ៥ដង។ អ៊ីតាលី និងអាល្លឺម៉ង់តាមពីក្រោយ ដោយធ្លាក់ឈ្នះជើងឯកម្នាក់៤សម័យកាល៕