តើសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែននេះ បានធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ចិនដោយកម្រិតណា ដ្បិតថារុស្ស៊ី និងចិនក៏ជាប្រទេសមិត្តជិតស្និទ្ធនឹងគ្នាចាក់ទឹកមិនលិចដែរនោះ ?
អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិនបានកើនឡើងយ៉ាងខ្លាំងជាប្រវត្តិសាស្ត្រនៅក្នុងអំឡុងពេលជំងឺរាតត្បាតខូវីដ១៩ ខណៈដែលមនុស្សបានប្រើទំនិញច្រើនជាងមុន ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនអាចនឹងធ្វើឱ្យពាណិជ្ជកម្មរបស់ចិនមានការប្រែប្រួល។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន CNBC។
អតិរេកពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ក្នុងពិភពលោកមួយនេះ អាចធ្លាក់ចុះមកនៅត្រឹម ២៣៨ ពាន់លានដុល្លារនៅឆ្នាំនេះ ពោលគឺមានប្រហែល ៣៥% ប៉ុណ្ណោះ នៃទំហំទឹកប្រាក់ចំនួន ៦៧៦ ពាន់លានដុល្លារជាប្រវត្តិសាស្ត្រដែលមានកាលពីឆ្នាំមុន។ នេះបើយោងតាមការប៉ាន់ស្មានពីក្រុមស្រាវជ្រាវ ANZ Research នៅប្រទេសអូស្ត្រាលីនិងនូវែលហ្សេឡង់។
លោក ជូលៀន អេវ៉ាន ព្រីតឆាដ (Julian Evans-Pritchard) សេដ្ឋវិទូជាន់ខ្ពស់នៅប្រទេសចិននៅក្រុមហ៊ុនស្រាវជ្រាវ Capital Economics បាននិយាយថា សង្គ្រាមនៅអ៊ុយក្រែននឹងចាប់ផ្តើមប៉ះពាល់ពាណិជ្ជកម្មសុទ្ធរបស់ចិនក្នុងពេលឆាប់ៗនេះ ដោយសារតម្រូវការបរទេសធ្លាក់ចុះនិងការនាំចូលកើនឡើង។
តើពាណិជ្ជកម្មរបស់ចិននឹងអាចរងប៉ះពាល់អ្វីខ្លះពីសង្គ្រាមនៅរុស្ស៊ីឈ្លានពាននៅអ៊ុយក្រែន?
ផលប៉ះពាល់ទី១ គឺវាប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មសំខាន់របស់ចិនជាពិសេសគឺ សហភាពអឺរ៉ុបតែម្ដងព្រោះ សង្គ្រាមនេះអាចបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងទូលំទូលាយនៅក្នុងសេដ្ឋកិច្ចពិភពលោកជាពិសេសនៅទ្វីបអឺរ៉ុប។
លោក បេតទី វ៉ាង (Betty Wang) សេដ្ឋវិទូជាន់ខ្ពស់របស់ក្រុមស្រាវជ្រាវ ANZ Research បាននិយាយថា សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់ចិនដែលមានចំណែក ១៥% នៃការនាំចេញសរុបរបស់ចិន ហើយការនាំចេញទៅកាន់សហភាពអឺរ៉ុបបានកើនឡើង ១៦%ថែមទៀតកាលពីឆ្នាំមុន ដែលបានជួយឱ្យចិនមានកំណើននាំចេញ៣០ភាគរយ។
ប៉ុន្តែដោយសារតែកំណើនសេដ្ឋកិច្ចអឺរ៉ុបធ្លាក់ចុះ ដោយសារសង្គ្រាមនេះ វាបានប៉ះពាល់ដល់ការនាំចេញទំនិញរបស់ចិនទៅកាន់អឺរ៉ុបក៏ធ្លាក់ចុះផងដែរ ហើយបើតាមក្រុមស្រាវជ្រាវនេះបានបញ្ជាក់ថា កំណើននាំចេញសរុបរបស់ចិនអាចនឹងធ្លាក់ចុះ ០,៣ ពិន្ទុភាគរយនៅឆ្នាំនេះ។
ផលប៉ះពាល់ទី២ គឺប៉ះពាល់ដល់ការនាំចូលគ្រឿងបច្ចេកវិទ្យា ដូចជាបន្ទះឈីបជាដើម។ បច្ចុប្បន្នប្រទេសចិនកំពុងខ្វះខាតខ្លាំងនូវគ្រឿងបន្ទះឈីបឬហៅថា semiconductors នេះរួចស្រាប់ទៅហើយ ហើយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននេះ វារឹតតែរំខានដល់សង្វាក់ផ្គត់ផ្គង់បន្ថែមទៀត។
ក្រុម ANZ Research បាននិយាយថា សង្គ្រាមនេះបានធ្វើឱ្យកាន់តែអាក្រក់ទៅៗនូវកង្វះខាតបន្ទះឈីប ឬបន្ទះសៀគ្វីជាសកលដែលប្រទេសចិនពឹងផ្អែកយ៉ាងខ្លាំងសម្រាប់បម្រើដល់ការផលិត និងការនាំចេញគ្រឿងអេឡិចត្រូនិករបស់ខ្លួន។ ការនាំចេញគ្រឿងអេឡិចត្រូនិកបានរួមចំណែក ជាង១៧ % ដល់កំណើននាំចេញ៣០% របស់ប្រទេសចិនក្នុងឆ្នាំ២០២១។
ផលប៉ះពាល់ទី៣ គឺប៉ះពាល់ដល់តម្លៃថាមពលតែម្ដង។ វិបត្តិនៅអ៊ុយក្រែនក៏បានធ្វើឱ្យតម្លៃប្រេងឡើងថ្លៃខ្ពស់បំផុតកាលពីសប្តាហ៍មុន ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសចិនព្រោះវាជាប្រទេសនាំចូលប្រេងធំជាងគេនៅក្នុងពិភពលោក។
សេដ្ឋវិទូរបស់ធនាគារសិង្ហបុរី DBS លោក Nathan Chow និងលោក Samuel Tse បាននិយាយថា ប្រទេសចិនបាននាំចូលថាមពលក្នុងតម្លៃសរុប ៤២៣ ពាន់លានដុល្លារកាលពីឆ្នាំមុនដែលក្នុងនោះទឹកប្រាក់ ២៥៣ ពាន់លានដុល្លារ គឺសម្រាប់ទិញប្រេងឆៅ។
អ្នកសេដ្ឋកិច្ចទាំងនេះបានបញ្ជាក់ទៀតថា GDP បឋមរបស់ចិននឹងត្រូវកាត់បន្ថយ ០,៨% ប្រសិនបើតម្លៃប្រេងជាមធ្យមកើនឡើងពីចន្លោះ ៧១ ដុល្លារក្នុងមួយបារ៉ែលទៅ ១១០ ដុល្លារនៅឆ្នាំនេះ។
ទោះយ៉ាងណា អ្នកជំនាញបានគូសបញ្ជាក់ថា ប្រទេសចិន អាចនឹងសម្រាលផលប៉ះពាល់របស់ខ្លួនបានពីសេស បញ្ហាថាមពលឡើងថ្លៃ ប្រសិនបើពួកគេងាយកទៅរកការពឹងផ្អែកនាំចូលប្រេងពីរុស្ស៊ី ក្នុងតម្លៃទាប។
ក៏ប៉ុន្ដែវាមិនងាយស្រួលទេ ដែលចិនអាចងាកទៅការពឹងផ្អែកពាណិជ្ជកម្មជាមួយនឹងរុស្ស៊ី ព្រោះបើធ្វើដូច្នេះ ចិននឹងត្រូវប្រឈមមុខនឹងសម្ពាធពីលោកខាងលិចពិសេស អាមេរិក និងអឺរ៉ុបបន្ថែមទៀត ព្រោះកន្លងមកអាមេរិក និងអូស្ត្រាលីជាដើម ក៏បានព្រមានចំៗទៅចិនរួចហើយថា ប្រសិនបើចិនហ៊ានចេញមុខជួយរុស្ស៊ីលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែននេះ។ ប៉ុន្ដែ សម្រាប់អ្នកជំនាញវិភាគនយោបាយតំបន់វិញ បានព្រមានថា ប្រសិនបើលោកខាងលិចហ៊ានប្រើទណ្ឌកម្មទៅលើចិនកាន់តែខ្លាំង នោះវានឹងដូចជារុញឲ្យចិនងាកទៅរករុស្ស៊ីកាន់តែខ្លាំងដូចគ្នាដែរ ដូច្នេះ ស្ថានការណ៍នឹងកាន់តែលំបាកទៅៗ។ ដូច្នេះ មានតែការចូលរួមក្នុងការដោះស្រាយវិបត្តិសង្គ្រាម ដោយការចរចាស្វែងរកសន្ដិភាពប៉ុណ្ណោះទេ ទើបជាជម្រើសប្រសើរ៕
អត្ថបទ សុខ ជា