ជាង១ឆ្នាំមកហើយ វិស័យទេសចរណ៍នៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជាដែរ ហាក់ដូចជាសន្លប់ស្ដូកស្ដឹង ដោយសារតែកូវីដ-១៩បានចូលមកវាយប្រហារយ៉ាងដំណំតែម្តង។ ប៉ុន្ដែ អ្នកជំនាញនៅក្នុងឧស្សាហកម្មគ្មានផ្សែង នៅតែមានជំនឿថា វិស័យនេះ អាចនឹងរលាស់ខ្លួនងើបឡើងវិញពីវិបត្តិកូវីដនេះ នៅក្រោយពេលដែលមនុស្សភាគច្រើននៅទូទាំងពិភពលោកត្រូវបានចាក់ វ៉ាក់សាំងកូវីដ-១៩ ។ សម្រាប់ប្រទេសកម្ពុជាវិញ ស្របពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងកំពុងត្រូវបានធ្វើឡើង រាជរដ្ឋាភិបាលក៏ទើបតែបានដាក់ចេញនូវផែនការស្ដារវិស័យទេសចរណ៍ឡើងវិញផងដែរ ។ តើយុទ្ធនាការចាក់វ៉ាក់សាំង និងផែនការស្ដារវិស័យទេសចរណ៍របស់កម្ពុជា នឹងអាចជួយឲ្យវិស័យទេសចរណ៍ស្ទុះងើបឡើងវិញបានកម្រិតណា? ក្រុមការងារខេមបូណូមីសយើងបានសម្ភាសន៍ជាមួយនឹងក្រុមអ្នកជំនាញ និងអ្នកជំនួញជាច្រើនដែលធ្វើការ និងរកស៊ីនៅក្នុងវិស័យនេះ ដោយពួកគាត់បានលើកឡើងនូវមតិផ្សេងៗគ្នាជុំវិញនឹងរឿងនេះ។
លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានប្រាប់ក្រុមការងារខេមណូមីសថា ខាងសហព័ន្ធទេសចរណ៍ កំពុងតែពិភាក្សាជាមួយក្រសួងទេសចរណ៍ធ្វើយ៉ាងណា ជំរុញឲ្យមានចលនាទេសចរណ៍ឡើងវិញឲ្យបាននៅមុន ឬអំឡុងខែកញ្ញា និងខែតុលាឆ្នាំ២០២១នេះ។ អ្នកជំនាញទេសចរណ៍រូបនេះ បន្ថែមថា លោកក៏បានស្នើសុំទៅក្រសួងសុខាភិបាលឲ្យកម្មករនយោជិតផ្នែកទេសចរណ៍ អាចទទួលបានការវ៉ាក់សាំងកូវីដ-១៩ក្នុងពេលឆាប់នេះដែរ ដើម្បីជំរុញការងារស្តាវិស័យនេះ ឲ្យបានកាន់តែលឿន។
ដោយឡែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីបាស៊ីហ្វិកកម្ពុជា (PATACC) បានអះអាងថា ការងើបឡើងវិញនៃមករកភាពក្រក្រតីនៃវិស័យទេសចរណ៍ គឺត្រូវរង់ចាំពេលវេលាវែងបន្តទៀត បើទោះ កម្ពុជាខិតប្រឹងប្រែងក្នុងការចាក់វ៉ាក់សាំងយ៉ាងណាក៏ដោយ។
កាលពីចុងខែមីនាកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញលិខិតមួយដែលបង្ហាញពីការគាំទ្រដល់ផែនការស្តារ និងលើកស្ទួយដល់វិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយពេលវិបត្តិជំងឺកូវីដ-១៩ របស់ក្រសួងទេសចរណ៍ ដោយចែកចេញជា ៣ ដំណាក់កាល រួមមាន៖
ទី១, ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលទម្លាប់ថ្មី និងរៀបំផែនការសម្រាប់ស្ដារទេសរណ៍ឡើងវិញ ឆ្នាំ២០២០-២០២១ ពីព្រោះវិបតត្តិនេះ បានផ្ដល់នូវឱកាសឲ្យយើងពិចារណាឡើងវិញ នូវប្រព័ន្ធសម្រាប់ផ្ដល់ឲ្យវិស័យទេសចរណ៍កម្ពុជាកាន់តែមានភាពធន់ និងប្រកបដោយនិរន្ដរភាពសម្រាប់អនាគត។
ទី២, ការស្ដារឡើងវិញនូវវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២២-២០២៣ និងការកាត់បន្ថយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ឲ្យបានជាអតិបរមា រាជរដ្ឋាភិបាលនឹងបន្ដផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជំនាញឌីជីថល និងជំនាញថ្មីៗ ឲ្យស្របតាមតម្រូវការទីផ្សារ
និងទី ៣ គឺការរៀបចំឆ្ពៅទៅកាន់អនាគតថ្មី ឆ្នាំ២០២៤-២០២៥ នៃវិស័យទេសចរណ៍កម្ពុជា សំដៅទាញយកផលប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឲ្យបានជាអតិបរមា។
ជុំវិញនឹងផែនការនេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបង្ហាញពីការគាំទ្រផែនការមេនេះ ហើយក៏សង្ឃឹមថាផែនការនេះ នេះជួយវិស័យទេសចរណ៍អាចងើបឡើងវិញបានលឿនជាងការរំពឹងទុក បន្ទាប់ពីវិស័យនេះ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ-១៩។
បើតាមលិខិតមួយរបស់សម្តេចតេជៅ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ផលប៉ះពាល់នៃកូវីដ-១៩ បាននាំឲ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាធ្លាក់ចុះដល់ទៅជាង៨០% និងភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះប្រមាណ២០% ដែលវាបានធ្វើឲ្យកម្ពុជាបាត់បង់ប្រាក់ចំណុលប្រមាណ៣ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០។ ទោះយ៉ាងណា តាមរយៈផែនការមេសម្រាប់ការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ដែលបានដាក់ចេញនេះ នឹងអាចជួយឲ្យកម្ពុជាទទួលបានទេសចរអន្តរជាតិឡើងវិញប្រមាណ ៧លាននាក់នៅឆ្នាំ២០២៥ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ១១លាននាក់នៅឆ្នាំ២០២៣ខាងមុខនេះ៕