កូវីដ១៩បំប្លែងខ្លួន«អូមីក្រុង»

តើមេរោគ អូមីក្រុងនឹងជិះឥទ្ធិពលយ៉ាងណាខ្លះ ទៅលើគោលដៅស្ដារវិស័យទេសចរណ៍កម្ពុជា?


ការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុងនៅតំបន់អាហ្វ្រិកកំពុងបង្កក្តីបារម្ភថ្មីបន្ថែមទៀតដល់ពិភពលោក ស្របពេលមេរោគចាស់ៗនៅមិនទាន់ផុតរលត់ពីភពផែនដីនៅឡើយ។ សម្រាប់ប្រទេសកម្ពុជាវិញ បើតាមការអះអាងពីអ្នកជំនាញ មេរោគបំប្លែងខ្លួនថ្មីនេះ ក៏កំពុងបង្កក្តីបារម្ភដល់ផែនការស្ដារវិស័យទេសចររបស់កម្ពុជាផងដែរ។
ប្រាសាទអង្គរវត្ត គោលដៅទេសចរណ៍សក្តានុពលរបស់កម្ពុជា

ជាមួយ​គ្នា​នេះ អ្នកជំនាញ​ជឿជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​មាន​វិធានការ​ច្បាស់លាស់​ក្នុង​ការ​ទប់ស្កាត់​មេរោគ​បំប្លែង​ខ្លួន​អូ​មី​ក្រុង​នេះ និង​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​បិទ​ជើងហោះហើរ​ពី​គោលដៅ​ប្រទេស​មួយ​ចំនួន​ដែល​កំពុង​មានការ​ផ្ទុះ​មេរោគ​បំប្លែង​ខ្លួន​នេះ បើ​ពុំ​ដូច្នេះ​ទេ វិស័យ​ទេសចរណ៍​អាច​ប្រឈម​នឹង​ការ​ខាតបង់​សា​ជា​ថ្មី ប្រសិនបើ​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​ចូល​មក​អុកឡុក​នៅ​កម្ពុជា​។

ស្រប​ពេល​វិស័យ​ទេសចរណ៍​កម្ពុជា​ជា​ពិសេស​ទេសចរណ៍​ផ្ទៃក្នុង​ចាប់ផ្តើម​កំរើក​ឡើង​វិញ​សន្សឹម​ៗ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើង​វិញ និង​លើកលែង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកដំណើរ​ចូល​មក​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​មាន​វត្តមាន​មេរោគ​កូ​វី​ដ​-១៩ បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង​មួយ​បន្ថែម​ទៀត ដែល​កំពុង​បង្កក្តី​បារម្ភ​ជា​ថ្មី​ដល់​ពិភពលោក​ទាំងមូល​រួម​ទាំង​កម្ពុជា​ផង​ដែរ​។

ពាក់ព័ន្ធ​មេរោគ​កូ​វី​ដ​-១៩​បំប្លែង​ថ្មី​អូ​មី​ក្រុង​នេះ​លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា ដែល​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ហើយ​លោក​បាន​ចាត់​ទុក​មេរោគ​បំប្លែង​ថ្មី​នេះ​ថា ជា​ការ​គំរាមកំហែង​ថ្មី​មួយទៀត សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​រំពឹង​នឹង​មាន​កំណើន​ខ្ពស់​នៅ​ចុងឆ្នាំ​២០២១ ឬ​ដើមឆ្នាំ​២០២២ ខាង​មុខ​។

ទោះបី​មេរោគ​នេះ មិន​ទាន់​មាន​វត្ត​មាននៅ​កម្ពុជា​ក៏​ដោយ តែ​អ្នកជំនាញ​បារម្ភ​ថា វត្តមាន​របស់​អូ​មី​ក្រុង​នៅ​តាម​ប្រទេស​មួយ​ចំនួន​ចង់​មិន​ចង់ នឹង​ជះ​ឥទ្ធិពល​មិនល្អ​ដល់​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍ និង​ទទួលភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ន​ចាក់​វ៉ាក់សាំង​រួច​របស់​កម្ពុជា​។ ទោះ​យ៉ាងណា លោក ធួន ស៊ី​ណា​ន ជឿជាក់​ថា រាជរដ្ឋាភិបាល​នឹង​មាន​វិធានការ​ច្បាស់លាស់​ក្នុង​ការ​ទប់ស្កាត់​មេរោគ​បំប្លែង​ខ្លួន​ថ្មី​នេះ​មិន​ឲ្យ​ចូល​មក​កម្ពុជា តាម​រយៈ​ការ​បិទ​ជើងហោះហើរ​ពី​ប្រទេស​មួយ​ចំនួន ដែល​មានការ​ផ្ទុះ​មេរោគ​បំប្លែង​ថ្មី​នេះ​។

លោក​ជំទាវ ឆាយ ស៊ី​លី​ន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ឥទ្ធិពល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង​ក្នុង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​ផង​ដែរ​។ អ្នកជំនាញ​រូប​នេះ បាន​គូសបញ្ជាក់​ថា មេរោគ​បំប្លែង​ខ្លួន​ថ្មី​នេះ​នឹង​ក្លាយជា​ឧបសគ្គ​ថ្មី​មួយ​បន្ថែម​ទៀត សម្រាប់​គម្រោង​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​របស់​កម្ពុជា ប្រសិនបើ​ក​មេរោគ​នេះ​មាន​វត្ត​មាននៅ​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។

ប្រធាន​សមាគម​ទេសចរណ៍​រូប​នេះ វាយតម្លៃ​ថា ប្រតិបត្តិ​ករ​ទេសចរណ៍​អាច​ប្រឈម​នឹង​ការ​ខាតបង់​កាន់តែ​ធ្ងន់ធ្ងរ​ប្រសិនបើ​មេរោគ​បំប្លែង​ថ្មី​នេះ ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​បរទេស ដែល​មាន​បំណង​ចូល​មក​កម្ពុជា​។ ខាតបង់ ក៏​ដោយ​តែ​ប្រត្តិករ​បាន​ចំណាយ​ថវិកា​យ៉ាងច្រើន​លើ​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​កន្លែង​រកស៊ី​របស់​ពួក​គេ​ឡើង​វិញ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ដែល​រំពឹង​មាន​កំណើន​ខ្ពស់​នៅ​ចុងឆ្នាំ​២០២១ ឬ​ដើមឆ្នាំ​២០២២​ខាង​មុខ​។

គួរ​បញ្ជាក់​ថា មេរោគ​កូ​វី​ដ​-១៩ បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង​ត្រូវ​បាន​រក​ឃើញ​មាន​ប្រភព​ចេញពី​ប្រទេស​អាហ្វ្រិក ហើយ​បច្ចុប្បន្ន​មេរោគ​នេះ​កំពុង​មាន​វត្ត​មាននៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​។ តាម​រយៈ​វត្តមាន​របស់​មេរោគ​បំប្លែង​ខ្លួន​ថ្មី​នេះ ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​បាន​រឹត​បន្តឹង​វិធានការ និង​បិទ​ការ​ហោះហើរ​ពី​ប្រទេស​មាន​ហានិភ័យ​មួយ​ចំនួន​។ ជាក់ស្តែង​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន​មាន​ដូច​ជា​ហ្វី​លី​ពី​ន ឥណ្ឌូ​ណេ​ស៊ី ថៃ និង​សិង្ហ​បុរី​ជាដើម ក៏​បាន​បិទ​ជើង​ហោះ​ពី​ប្រទេស​អាហ្វ្រិក និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន ដើម្បី​ទប់ស្កាត់​មេរោគ​បំប្លែង​ខ្លួន​ថ្មី​នេះ​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


ជម្លោះការទូតរុស្សី-អាមេរិក៖ អ្នកការទូតរុស្សីជិត៣០នាក់ទៀត នឹងត្រូវបណ្តេញចេញពីអាមេរិក

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយថា អ្នកការទូតរុស្ស៊ី ២៧នាក់បន្ថែមទៀត និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានបណ្តេញចេញពីសហរដ្ឋ…

ចិនព្រមានថា បើខ្លួនបើកចំហប្រទេស ដូចសហរដ្ឋអាមេរិក និងបារាំង ករណីឆ្លងកូវីដនឹងអាចកើនរាប់ម៉ឺននាក់ក្នុងមួយថ្ងៃ

ប្រទេសចិនអាចប្រឈមមុខនឹងការឆ្លងជំងឺកូវីដ១៩ ច្រើនជាង ៦៣ម៉ឺននាក់ ក្នុងមួយថ្ងៃ ប្រសិនបើប្រទេសនេះ បានទម្លាក់ចោលគោលនយោបាយគ្មានការអត់ឱនចំពោះក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ