ការជ្រើសរើសនេះកើតឡើងចំពេលនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ដែលមហាអំណាចទាំងពីរនេះសុទ្ធតែជាដៃគូពាណិជ្ជកម្មធំបំផុតដូចគ្នារបស់សិង្ហបុរី ហើយខណៈដែលសហរដ្ឋអាមេរិកលើកទឹកចិត្តដល់សម្ព័ន្ធមិត្ររបស់ខ្លួន ឲ្យដកក្រុមហ៊ុនចិន Huawei ចេញពីបណ្ដាញទូរគមនាគមន៍របស់ខ្លួន ដោយហេតុផលបារម្ភពីសន្តិសុខ។
រដ្ឋាភិបាលសិង្ហបុរីបានអនុញ្ញាតឲ្យក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍របស់ខ្លួន ជ្រើសរើសអ្នកផ្គត់ផ្គង់បណ្ដាញ network របស់ខ្លួន ដោយខ្លួនឯង ក្នុងលក្ខខណ្ឌដែលក្រុមហ៊ុនទាំងនោះបំពេញតាមលក្ខខណ្ឌតម្រូវនានា រួមទាំងលក្ខខណ្ឌសន្តិសុខផងដែរ។
ក្រុមហ៊ុនរកស៊ីចូលគ្នាមួយរវាង M1 និង StarHub ដែលទទួលបានអាជ្ញាបណ្ណ 5G មួយពីរដ្ឋាភិបាលសិង្ហបុរី បាននិយាយថា ខ្លួនបានជ្រើសរើសយកក្រុមហ៊ុនហ្វាំងឡង់ Nokia ធ្វើជាដៃគូស្ថាបនាបណ្ដាញ network របស់ខ្លួន និងថា ក្រុមហ៊ុន Nokia នឹងផ្គត់ផ្គង់ core network និង mmWave network។ ប៉ុន្តែ ទោះយ៉ាងណា ក្រុមហ៊ុនរកស៊ីចូលគ្នាមួយនេះ បាននិយាយថា ខ្លួនកំពុងពិនិត្យលើលទ្ធភាពផ្នែកផ្សេងទៀតនៃបណ្ដាញ ជាមួយក្រុមហ៊ុនចិន Huawei និង ZTE ផងដែរ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនសិង្ហបុរីមួយផ្សេងទៀត គឺ Singapore Telecommunications បាននិយាយថា ខ្លួនបានជ្រើសរើសយកក្រុមហ៊ុនស៊ុយអែត Ericsson ដើម្បីចរចាគ្នាពីការផ្គត់ផ្គង់បណ្ដាញ ran, core និង mmWave networks។
រដ្ឋមន្ត្រីសារគមនាគមន៍ និងព័ត៌មានសិង្ហបុរី បាននិយាយថា សិង្ហបុរីមិនបានផាត់ចេញនូវអ្នកផ្គត់ផ្គង់មួយណានោះទេ។
លោករដ្ឋមន្ត្រីបន្តថា ក្រុមហ៊ុន TPG Telecom របស់ប្រទេសអូស្ត្រាលី ដែលអាចស្ថាបនាបណ្ដាញ 5G នៅក្នុងប្រទេសសិង្ហបុរីរួចស្រេចហើយនោះ នឹងប្រើប្រាស់ក្រុមហ៊ុន Huawei ជាដៃគូ។
ភ្លាមៗនេះ មិនទាន់មានប្រតិកម្មផ្លូវការណាមួយពីក្រុមហ៊ុនចិន Huawei នៅឡើយទេ៕