សមាជិកសភាអាមេរិកអំពាវនាវឱ្យបញ្ចប់ការនាំចេញរបស់ក្រុមហ៊ុន Huawei

សមាជិកសភាអាមេរិកអំពាវនាវឱ្យបញ្ចប់ការនាំចេញរបស់ក្រុមហ៊ុន Huawei និង SMIC បន្ទាប់ពីការបំពានច្បាប់មួយចំនួន


ប្រធានគណៈកម្មាធិការសភាតំណាងរាស្ត្រអាមេរិកទទួលបន្ទុកកិច្ចការនៅប្រទេសចិនបាននិយាយពីថ្ងៃពុធថា ក្រសួងពាណិជ្ជកម្មអាមេរិកគួរតែបញ្ចប់ការនាំចេញបច្ចេកវិទ្យាទាំងអស់ទៅឱ្យក្រុមហ៊ុន Huawei និងក្រុមហ៊ុនផលិតបន្ទះឈីប SMIC ដ៏កំពូលរបស់ចិនបន្ទាប់ពីបានរកឃើញបន្ទះឈីបថ្មីនៅក្នុងទូរស័ព្ទដៃ Huawei ដែលអាចបំពានលើការរឹតបន្តឹងពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះក៏មានរបាយការណ៍ថាចិនបានហាមឃាត់ការប្រើទូរស័ព្ទ iPhone ក្នុងពេលម៉ោងធ្វើការនៅក្នុងប្រទេសនេះផងដែរ។
សមាជិកសភាអាមេរិកអំពាវនាវឱ្យបញ្ចប់ការនាំចេញរបស់ក្រុមហ៊ុន Huawei
ដោយ

នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។
លោក ម៉ៃ ហ្គាឡាហ្គឺ (Mike Gallagher) ជាប្រធានគណៈកម្មាធិការសភាតំណាងរាស្ត្ររបស់អាមេរិកទទួលបន្ទុកកិច្ចការនៅប្រទេសចិនមកពីគណបក្សសាធារណរដ្ឋតែងតែជំរុញឱ្យរដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកប្រកាន់ជំហរតឹងរ៉ឹងជាងមុនពីការបញ្ជូន បច្ចេកវិទ្យារបស់អាមេរិកទៅកាន់ប្រទេសចិន ហើយថ្មីៗនេះលោកក៏បានជំរុញឱ្យក្រសួងពាណិជ្ជកម្មអាមេរិកបិទការនាំចេញបច្ចេកវិទ្យាទាំងអស់ទៅឱ្យក្រុមហ៊ុនចិន Huawei និងក្រុមហ៊ុនសាជីវកម្មបន្ទះឈីបអន្តរជាតិរបស់ចិន SMIC ផងដែរ។
ការជំរុញរបស់លោក ហ្គាឡាហ្គឺ នេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Huawei កាលពីសប្តាហ៍មុនបានចាប់ផ្តើមលក់ទូរស័ព្ទស៊េរីថ្មីមួយគឺម៉ាក ម៉េត ៦០ ប្រូ (Mate 60 Pro)។ ទូរស័ព្ទនេះមានបន្ទះឈីបដែលអ្នកវិភាគជឿថាត្រូវបានបង្កើតឡើងដោយមានការសម្របសម្រួលបច្ចេកវិទ្យាពីក្រុមហ៊ុន SMIC។

លោក ហ្គាឡាហ្គឺ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទះឈីបនេះទំនងជាមិនអាច ផលិតឡើងដោយគ្មានការរួមចំណែកពីបច្ចេកវិទ្យារបស់អាមេរិកបានទេដូច្នេះក្រុមហ៊ុន SMIC អាចនឹងបំពានច្បាប់ផលិតផលផ្ទាល់ពីបរទេសរបស់ក្រសួងពាណិជ្ជកម្ម។ លោកបានបន្ថែមថា ពេលវេលាបានមកដល់ហើយក្នុងការបញ្ចប់ការនាំចេញបច្ចេកវិជ្ជារបស់អាមេរិកទាំងអស់ទៅ ឱ្យក្រុមហ៊ុន Huawei និង SMIC ដើម្បីបញ្ជាក់ឱ្យច្បាស់ថាក្រុមហ៊ុនណាដែលបំពានច្បាប់អាមេរិក និងធ្វើឱ្យខូចសន្តិសុខជាតិរបស់អាមេរិកគឺត្រូវកាត់ផ្តាច់ចេញពីបច្ចេកវិទ្យារបស់អាមេរិក។
ក្រុមហ៊ុន Huawei ត្រូវបានដាក់ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មក្នុងខែឧសភា ឆ្នាំ២០១៩ជុំវិញបញ្ហាសន្តិសុខជាតិដោយបង្ខំឱ្យអ្នកផ្គត់ផ្គង់របស់អាមេរិក និងក្រុមហ៊ុនផ្សេងទៀតទទួលបានអាជ្ញា ប័ណ្ណពិសេសដើម្បីដឹកជញ្ជូនទំនិញទៅឱ្យក្រុមហ៊ុននេះ។ ចំណែកក្រុមហ៊ុន SMIC ត្រូវបានបញ្ចូលទៅក្នុងបញ្ជីខ្មៅបែបនេះនៅក្នុងខែធ្នូ ឆ្នាំ២០២០ដោយសារអាមេរិកព្រួយបារម្ភថា ក្រុមហ៊ុននេះអាចបង្វែរបច្ចេកវិទ្យាទំនើបទៅឱ្យអ្នកប្រើប្រាស់យោធារបស់ចិន។

នៅថ្ងៃពុធ ទី៦ ខែកញ្ញានោះដែរកាសែត Wall Street Journal បានរាយការណ៍ដោយដកស្រង់សម្តីរបស់មនុស្សដែលដឹងអំពីបញ្ហានេះថា ប្រទេសចិនបានបញ្ជាឱ្យមន្ត្រីនៅតាមទីភ្នាក់ងាររដ្ឋាភិបាលមជ្ឈិមកុំឱ្យប្រើទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple និងឧបករណ៍ម៉ាកបរទេសផ្សេងទៀតសម្រាប់ការងារ ឬយកផលិតផលទាំងនេះចូលក្នុងការិយាល័យ។
កាសែត WSJ បាននិយាយទៀតថា បទបញ្ជានេះត្រូវបានថ្នាក់លើបញ្ជូនទៅដល់បុគ្គលិកនៅក្រោមឱវាទរបស់ពួកគេក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះប៉ុន្តែវាមិនច្បាស់ថាតើបទបញ្ជានេះត្រូវបានចែកចាយយ៉ាងទូលំទូលាយបានកម្រិតប៉ុនណានោះទេ។

ការហាមឃាត់នេះបានធ្វើឡើងនៅមុនពេលក្រុមហ៊ុន Apple នឹងរៀបចំព្រឹត្តិការណ៍មួយនៅ សប្តាហ៍ក្រោយនេះដែលអ្នកវិភាគជឿថានឹងនិយាយពីការចេញលក់ទូរស័ព្ទ iPhone ស៊េរីថ្មី ហើយអាចបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមក្រុមហ៊ុនបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិននៅពេលភាពតានតឹងរវាងចិន និងអាមេរិកកំពុងតែកើនឡើង៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ភ្នាក់ងារឃ្លាំមើលអឺរ៉ុបថា ២០២៣ ជាឆ្នាំដែលមានអាកាសធាតុក្តៅបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ

អ្នកឃ្លាំមើលអាកាសធាតុរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធ ទី៦ ខែកញ្ញាថា ឆ្នាំ២០២៣ ទំនងជាឆ្នាំ ដែលមានអាកាសធាតុក្តៅបំផុតក្នុងប្រវត្តិសាស្ត្…

ហេតុអ្វីទទួលទានស្រាក្រហម ត្រូវការជ្រើសរើសកែវឲ្យបានត្រឹមត្រូវ?

ការទទួលទានស្រាថ្លៃ រស់ជាតិឆ្ងាញ់ គឺជារសនិយមមួយបែប សម្រាប់មនុស្សសម័យថ្មី ប៉ុន្ដែ លោកអ្នកដឹងទេថា ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អក្នុងការទទួលទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ