ក្រុមហ៊ុន Huawei បានបង្ហាញនូវ បច្ចេកវិទ្យាឈានមុខគេបង្អស់លើសកលលោកដោយប្រកាសលក់ស្មាតហ្វូនរបស់ខ្លួនបំពាក់ដោយបច្ចេកវិទ្យា 5G ក្នុងតម្លៃជាង២.៦០០ ដុល្លារអាមេរិក នៅលើទីផ្សារប្រទេសអេស្ប៉ាញ ហើយប្រទេសកម្ពុជា ជាប្រទេសទី ៤ ដែលបានទទួលនូវបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei នេះ បើទោះបីជា កម្ពុជាមិនទាន់មានការប្រើប្រាស់បច្ចេកវិទ្យា 5G នេះនៅឡើយ។
លោក Henry Xiao នាយកក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា មានសុទិដ្ឋិនិយមខ្ពស់ ចំពោះការចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យា 5G នៅកម្ពុជា ហើយក្រុមហ៊ុន នឹងចាប់ផ្តើមដាក់លក់ ស្មាតហ្វូន Huawei Mate X ដែលដំណើរការដោយបច្ចេកវិទ្យាលឿនបំផុត 5G នៅឆមាសទី ២ ឆ្នាំ ២០១៩នេះ។
លោក បន្តថា Huawei ក៏ជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបង្ហាញស្មាតហ្វូនអេក្រង់បត់ នៅប្រទេសកម្ពុជា ដែលមានការច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាឈានមុខ ដើម្បីផ្តល់បទពិសោធន៍ថ្មីបំផុត សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា។
គួរជម្រាបដែរថា ក្រុមហ៊ុន Huawei ដែលក្រុមហ៊ុនទូរស័ព្ទធំជាងគេលំដាប់ទី ២ លើសកលលោក បានធ្វើការនាំចេញ ស្មាតហ្វូន ទៅកាន់ទីផ្សារសកលលោក ជាង ២០០លានគ្រឿង ក្នុងឆ្នាំ ២០១៨ កើនឡើងប្រមាណ ៣៣ភាគរយ ធៀបនឹងឆ្នាំ ២០១៧ និងបានកាន់កាប់ចំណែកទីផ្សារ ១៧ភាគរយ នៃទីផ្សារស្មាតហ្វូនប្រណិត ដែលមានតម្លៃលើសពី ៥០០ដុល្លារអាមេរិក៕