ថ្លែងចេញពីទីក្រុងសេអ៊ូល
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះថា ឆ្នាំនេះ
ជាខួបលើកទី៧២ឆ្នាំ នៃសង្គ្រាមកូរ៉េ ដែលបានចាប់ផ្តើម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ
១៩៥០។ សង្គ្រាមបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣
តែមិនមែនបញ្ចប់ដោយសន្ធិសញ្ញាសន្តិភាពអចិន្ត្រៃយ៍នោះទេ
ទោះបីជាកិច្ចខិតខំប្រឹងប្រែងសន្តិភាព ត្រូវបានធ្វើឡើង ក្នុងរយៈពេលជាច្រើនទសវត្សរ៍
ក៏ដោយ។ ប៉ុន្តែ ជាអកុសលសន្ធិសញ្ញាសន្តិភាពមិនទាន់អាចសម្រេចបាននៅឡើយ ហេតុដូច្នេះ
នេះគឺជាពេលវេលាដ៏សំខាន់ ដើម្បីសម្រេចបាននូវសន្ធិសញ្ញាសន្តិភាពនៅឧបទ្វីបកូរ៉េ។
នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន
ដោយសម្ដេចបានស្នើឱ្យកូរ៉េទាំងពីរឆាប់បញ្ចប់សង្គ្រាម និងឈានទៅសម្រេចសន្ធិសញ្ញាសន្តិភាព
ដើម្បីប្រយោជន៍ប្រជាជនជារួម។
ក្នុងនាម ជាសហប្រធាននៃកិច្ចប្រជុំខាងលើ សម្ដេចក៏បានចែករំលែក នូវទស្សនវិស័យលើផែនទីបង្ហាញផ្លូវទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ ដោយសម្ដេចបានលើកយក គោលនយោបាយ ឈ្នះ-ឈ្នះ នៅកម្ពុជាជា ឧទាហរណ៍ និងអាចជាការជំរុញទឹកចិត្ត និងប្រភពនៃការស្រាវជ្រាវសម្រាប់ប្រទេសនានា។ «យើងមិនអាចប្រើសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះទេ តែយើងត្រូវការកិច្ចសន្ទនាដោយសន្តិវិធី និងការចរចាឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាម»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលសន្តិពិភពលោកឆ្នាំ២០២២។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» គឺជាកិច្ចប្រជុំដ៏មានសារសំខាន់ ដើម្បីជជែកពិភាក្សា និងចែករំលែកទស្សនៈនានា ឈានឆ្ពោះទៅរកការបញ្ចប់ជម្លោះឧបទ្វីបកូរ៉េ។ កិច្ចប្រជុំនេះ មានមេដឹកនាំ និងអតីតមេដឹកនាំប្រទេស ព្រមទាំងមេដឹកនាំអង្គការពាក់ព័ន្ធមកពីប្រមាណ ១៥៧ប្រទេស បានចូលរួម៕