
គិតចាប់តាំងពីថ្ងៃបើកឲ្យចូលទស្សនាសាកល្បងដំបូង កាលពីថ្ងៃទី២៨ ខែមេសា មកទល់ពេលនេះ សួនសត្វភ្នំពេញសាហ្វារី ដែលមានទំហំផ្ទៃដីជាង ៦០ហិកតាមួយនេះ ទទួលបានភ្ញៀវចូលទស្សនាឥតស្រាកស្រាន្ដនោះឡើយ ដែលក្នុងមួយថ្ងៃៗ មានអ្នកទិញសំបុត្រចូលទស្សនាខ្ទង់រាប់ពាន់នាក់ឯណោះ។
សួនសត្វដែលជាព្រៃកម្សាន្ដភ្នំពេញដ៏ធំមួយនេះ ត្រូវបានដឹងថា វិនិយោគសាងសង់ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១០ លានដុល្លារអាមេរិក ដោយឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប និងមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ពោលគឺប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ជាមួយនឹងទំហំផ្ទៃដី ជាង៦០ហិកតា សួនសត្វភ្នំពេញសាហ្វារី មិនត្រឹមតែជាកន្លែងកម្សាន្ដទស្សនាការសម្ដែងសត្វនានាជាច្រើនប្រភេទប៉ុណ្ណោះទេ ប៉ុន្ដែ ក៏មានទេសភាពអមទៅដោយព្រៃឈើធម្មជាតិជាទីមនោរម្យ សម្រាប់ការសម្រាកលំហែកាយផងដែរ ខណៈដែលការតុបតែងរចនាបថនានា ក្នុងទីនោះ មានលក្ខណៈពិសេសប្លែក និងមានលំនាំតាមបែបសម័យអង្គរជាដើម។
ការវិនិយោគ សួនសត្វដ៏ធំនេះ ក៏ត្រូវបានឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានការសាទរយ៉ាងខ្លាំង និងសង្ឈឹមយ៉ាងមុតមាំថា នឹងទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងច្រើនមកកាន់ប្រទេសកម្ពុជា។

លក្ខណៈដ៏ពិសេសមួយទៀតរបស់សួនសត្វ ភ្នំពេញ សាហ្វារី គឺមានការសម្ដែងសត្វជាច្រើនប្រភេទ ដូចជា ទី១ កន្លែងសម្តែងសត្វខ្លា ទី២ កន្លែងសម្តែងសត្វក្រពើ ទី៣ កន្លែងសម្តែងសត្វស្វា អ៊ូរ៉ង់អ៊ូតង់ និងទី៤ កន្លែងសម្តែងសត្វសេកមកពីអាហ្វ្រិក និងមកពីប្រទេសផ្សេងៗទៀត។ ហើយការសម្ដែងបែបនេះ សម្រាប់កម្ពុជា គឺមានតែនៅសួនសត្វភ្នំពេញសាហ្វារីមួយប៉ុណ្ណោះ។ ក្រៅពីនេះ ក៏មានសត្វជាច្រើនប្រភេទផ្សេងទៀត រួមជាមួយនឹងសួនទឹកសម្រាប់ជិះទូកលេងកម្សាន្ត និងកន្លែងក្មេងលេងផងដែរ។

តាមការអះអាងរបស់អ្នកគ្រប់គ្រងសួនសត្វភ្នំពេញសាហ្វារី ធ្លាប់បានឲ្យដឹងថា សួនសត្វនេះ មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏នឹងក្លាយជាមេដែកទាក់ទាញទេសចរបរទេស ពិសេសជនជាតិចិនឲ្យចូលមកកម្សាន្ដកាន់តែច្រើនឡើង។
គួរបញ្ជាក់ថា ការវិនិយោគគម្រោងសួនសត្វដ៏ធំនេះ គឺជាចំណែកមួយនៃគម្រោងជាច្រើនទៀតរបស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលត្រូវបានអភិវឌ្ឍឡើងនៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលបច្ចុប្បន្នគម្រោងនេះ កំពុងមានការអភិវឌ្ឍកើនឡើងខ្លាំងខ្លាំងជាលំដាប់៕