ថ្លែងនៅក្នុងឱកាសអញ្ជើញពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ២២ ខែមិថុនានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា នៅឆ្នាំនេះ វិបត្តិកូវីដ-១៩ បានធ្វើឲ្យប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ និងមានការប៉ះទង្គិចទៅលើបញ្ហាជាច្រើន ពិសេសវិបត្តិសេដ្ឋកិច្ចពិភពលោក។ បើតាមសម្ដេច ហ៊ុន សែន នៅឆ្នាំនេះ អាចនឹងមានប្រទេសតិចតួចណាស់ ដែលមានសេដ្ឋកិច្ចវិជ្ជមាន រួមទាំងកម្ពុជាផងដែរ ពោលគឺអាចនឹងសេដ្ឋកិច្ចធ្លាក់ចុះ ដែលមានក្នុងអត្រាអវិជ្ជមាន គឺដក តែម្ដង។
សម្តេច ហ៊ុន សែនបានគូសបញ្ជាក់យ៉ាងដូច្នេះ «ឆ្នាំនេះ ប្រហែលមានប្រទេសតិចតួចណាស់ ប្រទេសដែលមានសេដ្ឋកិច្ចវិជ្ជមាន កំណើនវិជ្ជមាន ប៉ុន្ដែភាគច្រើនសេដ្ឋកិច្ចរបស់យើង សេដ្ឋកិច្ចនៃបណ្ដាប្រទេស គឺធ្លាក់ បានសេចក្ដីថាដក។ ប្រទេសខ្លះ បានប្រកាសទុកជាមុនហើយ ដូចជាសាំងហ្គាពួរថា នឹងដកដល់ទៅ ៧%នោះ ប្រទេសខ្លះថា [ដក] ១០% នោះ! ប៉ុន្ដែកម្ពុជាតាមការប៉ាន់ប្រមាណរបស់អ្នកសេដ្ឋកិច្ចរបស់យើង របស់ធនាគារអភិវឌ្ឍន៍អាស៊ី របស់ IMF និងធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ក្នុងរង្វង់១,៥% ទៅ២,៩%។ ប៉ុន្ដែ សម្រាប់យើង យើងវាយតម្លៃថា ភាពប្រាកដប្រជាអាចនឹងដក ១,៩% នៅឆ្នាំនេះ។»
សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់កម្ពុជាតាមអ្វីដែលបានប៉ាន់ប្រមាណ និងវាយតម្លៃខាងលើនេះ គឺជាការធ្លាក់ចុះមួយមិនធ្លាប់មានឡើយក្នុងរយៈពេល ២០ឆ្នាំមកនេះ។
បើទោះបីជាយ៉ាងណាក៏ដោយ សម្តេចបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយប្រកាសក្ស័យធន ឬក៏ការប្រកាសអាសន្នពីការខ្វះទុននោះទេ។ ជាក់ស្ដែង ក្រុមហ៊ុនសាងសង់ព្រលានយន្ដហោះភ្នំពេញថ្មី ដែលមានតម្លៃ១.៥០០ លានដុល្លារអាមេរិកនោះ ក៏ក្រុមហ៊ុនអ្នកសាងសង់មួយនេះ មិនមានប្រកាសថា ខ្វះទុនដើម្បីសងសង់ ឬផ្អាកដំណើរការសាងសង់នោះដែរ។ លើសពីនេះទៀត ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ធំៗដូចជា បុរីប៉េង ហួត, បុរីជីប ម៉ុង នៅតែបន្ដដំណើរការសាងសង់ធម្មតា។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា «យើងមើលក្រុមហ៊ុនដទៃទៀត ដូចជាក្រុមហ៊ុនប៉េង ហួត ក្រុមហ៊ុន ជីប ម៉ុង កំពុងតែបើកការដ្ឋានសាងសង់ទាំងអស់ ពីមុនធ្លាប់សាងសង់អាម៉េច នៅតែសាងសង់ដដែល ខ្ញុំបានជួប ប៉េង ហួត ជួបលាង ឃុន (ម្ចាស់គម្រោងបុរីជីប ម៉ុង) ខ្ញុំបានសួរថា ផ្ទះនៅលក់ដាច់អត់? ថាដាច់ គ្រាន់តែដាច់តិចជាងមុនតែប៉ុណ្ណឹង! អញ្ចឹងប្រជាជនខ្មែរនៅមានលទ្ធភាព ដើម្បីទិញផ្ទះតើ!»។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជាសល់សាច់លុយសន្សំជាង៣.៥០០លានដុល្លារ ហើយមិនទាន់បានប្រើប្រាស់ថវិកាជាតិសូម្បី១សេននោះទេ នៅក្នុងអំឡុងពេលការរាតត្បាតនៃកូវីដ-១៩នេះ។
សម្តេចបានបន្ថែមថា បើទោះបីជាចំណូលពន្ធគយធ្លាក់ចុះបន្តិចមែន តែមិនបានធ្វើឲ្យប៉ះពាល់ដល់ការបើកប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការប្រចាំខែនោះទេ ព្រោះរាជរដ្ឋាភិបាលមានចំណូលចរន្ត ដែលអាចទប់ទល់ទោះជាក្នុងអំឡុងពេលវិបត្តិកូវីដនេះក្ដី។
សម្តេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ទៀតថា វិបត្តិកូវីដ-១៩នេះ នឹងមិនអាចសម្លាប់រាជរដ្ឋាភិបាលកម្ពុជាបាននោះទេ។
គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងនេះ ធនាគារពិភពលោក បានព្យាករពីសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះថា ទំនងជាមិនអាចរកឃើញកំណើនវិជ្ជមានទេ ប៉ុន្ដែនឹងមានដល់ -១% (ក្នុងសេណារីយោគោល នៃការព្យាករ) និង -២,៩% (ក្នុងសេណារីយោដែលទាបបំផុត)។
របាយការណ៍របស់ធនាគារពិភពលោក ស្ដីអំពី «កម្ពុជានៅក្នុងកាលៈទេសៈមានវិបត្តិកូវីដ-១៩» បានឲ្យដឹងថា វិបត្តិសេដ្ឋកិច្ច និងការរីករាលដាលនៃមេរោគកូវីដ-១៩ បានបង្កការគំរាមកំហែងខ្លាំងមែនទែនមកលើការអភិវឌ្ឍដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ នៃប្រវត្តិសាស្ត្ររបស់ខ្លួន។
ក្នុងនោះដែរ ធនាគារពិភពលោកបានកត់សម្គាល់ឃើញថា មានវិស័យបីដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់កម្ពុជា គឺមានរងការប៉ះទង្គិចខ្លាំងជាងគេ រួមមាន វិស័យទេសចរណ៍ ឧស្សាហកម្ម ផលិតសម្រាប់នាំចេញ និងវិស័យសំណង់។ វិស័យទាំងបីនេះ មានចំណែករហូតដល់ទៅ ៧០% នៃកំណើនសេដ្ឋកិច្ច និងផ្ដល់ការងារមានកម្រៃចំនួន៣៩,៤% នៃការងារសរុបនៅក្នុងឆ្នាំ២០១៩កន្លងទៅ។
បើតាមសេដ្ឋវិទូប្រចាំធនាគារពិភពលោក គឺលោក លី សូដេត បានឲ្យដឹងថា ក្នុងចំណោមវិស័យដែលរងផលប៉ះពាល់នេះ គឺវិស័យទេសចរណ៍ មានការរងប៉ះពាល់ធំធេងជាងគេបំផុត។
ដោយឡែក របាយការណ៍ថ្មីចុងក្រោយមួយ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចេញផ្សាយនៅក្នុងខែមិថុនា បានព្យាករអំពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាថា អាចនឹងធ្លាក់ចុះ ដល់ទៅ -៥,៥% ដោយការធ្លាក់ចុះនេះ គឺកម្ពុជាឈរក្នុងលំដាប់ទី៣ នៃប្រទេសអាស៊ាន ដែលមានការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងជាងគេ។ ក្នុងនោះ ប្រទេសថៃឈរលំដាប់ជួរមុខគេ ដែលត្រូវបានព្យាករថា នឹងមានសេដ្ឋកិច្ចធ្លាក់ចុះ -៦,៥% បន្ទាប់គឺសិង្ហបុរី -៦% និងកម្ពុជាមាន -៥,៥%៕