សម្ដេច ហ៊ុន សែន អះអាងដូច្នេះ នៅក្នុងឱកាសដែលសម្ដេច អញ្ជើញថ្លែង សារពិសេសមួយជូនជនជាតិ ខ្មែរទាំងអស់ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងចំណោមប្រាក់ខែដែលនឹងត្រូវផ្ដល់ជូនកម្មករកម្មការិនី ៦០% នៃប្រាក់ខែសរុប ក្នុងអំឡុងពេលរោងចក្របិទបណ្ដោះអាសន្ន ព្រោះតែកង្វះវត្ថុធាតុដើមសម្រាប់ផលិតកម្មនោះ ថៅកែរោងចក្រនឹងត្រូវផ្ដល់ជូន៤០% និង រាជរដ្ឋាភិបាលកម្ពុជា នឹងផ្ដល់ជូនបន្ថែម ២០% សរុបទៅ គឺកម្មករកម្មការិនី នឹងទទួលបាន ៦០% ឬស្មើនឹងប្រមាណជាង ១២០ ដុល្លារអាមេរិក ក្នុងមួយខែ នៅក្នុងអំឡុងពេលព្យួរការងាររយៈពេល ៦ខែ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏លើកលែងពន្ធពី ៦ខែដល់ទៅ ១ឆ្នាំ ដល់រោងចក្រដែលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។
មិនតែប៉ុណ្ណោះ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលដាក់ចេញវិធានការមួយចំនួនដើម្បីជួយវិស័យកាត់ដេរ និងកម្មករ ក្រោយមានរោងចក្រមួយចំនួនបានព្យួរជាបណ្តើរៗ។
បើតាមការអះអាងរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា នាពេលកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ច្ចុប្បន្នវត្ថុធាតុដើមប្រហែលជាង ៦០% សម្រាប់បម្រើឲ្យផលិតកម្មក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតផលស្បែកជើងត្រូវបាននាំចូលពីប្រទេសចិន។ ដោយសារតែ បញ្ហារីករាលដាល នៃវីរុស Covid 19 បានធ្វើឲ្យរោងចក្រមួយចំនួន ដែលជាដៃគូផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់រោងចក្រកាត់ដេរនៅកម្ពុជា ត្រូវបានបិទទ្វារ លែងផ្គត់ផ្គង់មកឲ្យកម្ពុជា ដែលធ្វើឲ្យរោងចក្រកាត់ដេរនៅកម្ពុជាមួយចំនួនកំពុងជួបបញ្ហាខ្វះវត្ថុធាតុដើម សម្រាប់ការផលិត។ បើតាមសមាគរោងចក្រកាត់ដេរកម្ពុជា នៅខែមីនា ឆ្នាំ២០២០ នឹងមានរោងចក្រមួយចំនួន នឹងបិទទ្វារបណ្ដោះអាសន្ន ដែលអាចបិទរហូទដល់ពេញមួយខែ ឬ២ខែតែម្ដង។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ វិស័យកាត់ដេរកម្ពុជា មិនត្រឹមតែជួបបញ្ហាធំ ដោយសារតែបញ្ហាវីរុស Covid 19 ប៉ុណ្ណោះទេ ប៉ុន្ដែ វិស័យនេះ ក៏ត្រូវបានអឺរ៉ុបទើបតែសម្រេចព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ ដែលផលប៉ះពាល់នេះ អាចនឹងមានទំហំប្រមាណ ២០% នៃការនាំចេញសរុបនៃវិស័យកាត់ដេរកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប៕