សម្តេច តេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ដែលធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩នេះ។ ក្រៅពីបានអំពាវនាវដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវកុំឲ្យទម្លាក់ថ្លៃស្រូវរបស់កសិករហើយនោះ សម្តេច ហ៊ុន សែន ក៏បានជំរុញឲ្យក្រសួងពាក់ព័ន្ធ ត្រូវបន្តតាមដានរឿងនេះឲ្យបានជាប់លាប់ផងដែរ។
សម្ដេច ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលបានបញ្ចេញថវិកាចំនួន ៥០ លានដុល្លារ ដើម្បីជួយឲ្យម៉ាស៊ីនកិនស្រូវ ប៉ុន្ដែសូមអស់លោកយល់ មិនមែនយក៥០លានដុល្លារទៅច្របាច់កប្រជាជនសម្រាប់ទម្លាក់ថ្លៃនោះទេ។ ខ្ញុំសូមឲ្យក្រសួងក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រួតពិនិត្យមើលបញ្ហានេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅកើត»។
សម្ដេច ហ៊ុន សែនសង្កត់ធ្ងន់ទៀតថា «ស្រូវឥឡូវកំពុងតែពេញហើយ ទាំងស្រូវវស្សាក៏ច្រូតកាត់ ទាំងស្រូវប្រាំងក៏ច្រូតកាត់ ដំណាលគ្នា។ ស្រូវមានចំនួនច្រើន ក៏ប៉ុន្ដែ ថ្លៃស្រូវក៏បានធ្លាក់ចុះ ចឹងសូមឲ្យបណ្ដារោងម៉ាស៊ីនកិនស្រូវ ទទួលការទិញស្រូវដោយតម្លៃសមរម្យ កុំទម្លាក់ថ្លៃជ្រុលហួស ដែលធ្វើឲ្យប្រជាកសិកររបស់យើងជួបការលំបាក។»
ទាក់ទងនឹងការនាំចេញអង្ករវិញ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ដែរថា បោះទោះបីជាថ្មីៗនេះទីផ្សារអឺរ៉ុប បានតម្រូវឲ្យអង្ករកម្ពុជានាំចូលទៅ ត្រូវបង់ពន្ធគយក៏ពិតមែន ប៉ុន្ដែ ឃើញថា អង្កររបស់កម្ពុជានៅតែអាចលក់បាននៅក្នុងទីផ្សារអឺរ៉ុប ចំនួន ២៨ ប្រទេសដដែល។ ដូច្នេះ វាសម្ដេច ចាត់ទុកថា វាដូចជាការជួយជំរុញឲ្យកម្ពុជាមានទម្លាប់ល្អ ក្នុងការធ្វើពាណិជ្ជកម្មដោយមានការបង់ពន្ធទៅវិញទេ។
បន្ថែមពីនេះទៀត សម្ដេច ហ៊ុន សែន បានបង្ហើបដែរថា កាលពីពេលថ្មីៗនេះ សម្ដេច ក៏បានចុះហត្ថលេខាលើការបញ្ចេញទុន ១០០ លានដុល្លារអាមេរិក ដើម្បីបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមផងដែរ ដើម្បីជំរុញជួយដល់វិស័យឯកជន ខណៈដែលវិស័យស្រូវអង្ករក៏ជាផ្នែកមួយនៃវិស័យនេះសហគ្រាសធុនតូច និងមធ្យមនេះដែរ។
គួរបញ្ជាក់ថា បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា តាមរយៈទុនបន្ថែមថ្មីទំហំ៥០ លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលបានបញ្ចេញសម្រាប់ផ្ដល់ជូនរោងម៉ាស៊ីនកិនស្រូវនេះ នឹងជួយដល់រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម ដែលជាសមាជិកសហព័ន្ធ ក្នុងការបន្តប្រមូលទិញស្រូវពីប្រជាកសិករ នៅរដូវប្រមូលផលឆ្នាំនេះ រហូតដល់ដើមឆ្នាំ២០២០ខាងមុខ។
យ៉ាងណាក៏ដោយចុះ បើតាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉នធ្លាប់បានគូសបញ្ជាក់ថា យ៉ាងហោចណាស់គេត្រូវការទុនប្រមាណ ២០០ លានដុល្លារអាមេរិក ដើម្បីប្រមូលទិញស្រូវពីកសិករ ដើម្បីស្ដុកទុក និងកិនជាអង្ករដើម្បីនាំចេញ៕