តាមរយៈការផ្ដល់ទុនដំបូងបំផុតតាមការស្នើ ជាមួយនឹងការវាយតម្លៃខ្ទង់សែនដុល្លារអាមេរិកនេះ មានគោលបំណង គាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា ការចុះបញ្ជិកាក្រុមហ៊ុននៅកម្ពុជា ការលូតលាស់ និងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន មីតដុកទ័រនៅរាជធានីភ្នំពេញ តាមបណ្តាខេត្ត និងនៅក្រៅប្រទេសផងដែរ។
ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ “នៅពេលដែលសហគ្រិនខ្មែរចាប់ដៃគូជាមួយ 500Global ក្នុងការបង្កើតកម្មវិធី Angkor500 នៅកម្ពុជា សហគ្រិនខ្មែរ បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីជួយឲ្យសហគ្រិន សម្របខ្លួនទៅនឹងកម្មវិធីសិក្សាថ្នាក់អន្តរជាតិ។ ដោយមើលឃើញថាសហគ្រិនដែលបានចូលរួមក្នុងកម្មវិធីរបស់សហគ្រិនខ្មែរទទួលបានការវិនិយោគ និងវិវត្តន៍បន្តទៅមុខទៀត បានបង្ហាញឲ្យឃើញថាប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិនិយោគក្នុង និងក្រៅប្រទេស។ សហគ្រិនខ្មែរ សង្ឃឹមថាធុរកិច្ចថ្មីដែលមានសក្តានុពលក្នុងប្រទេសកម្ពុជា នឹងទទួលបានឱកាសថ្មីៗ ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួនបន្តទៅមុខទៀតនៅថ្ងៃអនាគត។
ពិធីចុះហត្ថលេខាវិនិយោគវាងក្រុមហ៊ុន អាយជីគ្រុប និង មីតដុកទ័រ ត្រូវបានប្រារព្ធឡើង ដោយមានវត្តមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួម ក្នុងនោះរួមមានតំណាងមកពី ImpactHub, UNDP និងស្ថាប័នជាច្រើនទៀត។ កិច្ចព្រមព្រៀងវិនិយោគនេះត្រូវបានចុះហត្ថលេខាដោយលោក ឈ សុផាណាក់ អគ្គនាយករងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍របស់ អាយជីគ្រុប ជាមួយនឹង លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី ស្ថាបនិក មីតដុកទ័រ ដោយមាន លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាល អាយជីគ្រុប ជាសក្សី។
លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយជីគ្រុប បានមានប្រសាសន៍ថា “បេសកកម្មរបស់ អាយជីគ្រុប គឺ ការចូលរួមធ្វើបរិវត្តន៍កម្ម កែលម្អ និងគាំទ្រ។ បរិវត្តន៍កម្មរបៀបដែលយើងធ្វើការ កែលម្អបរិស្ថានដែលយើងរស់នៅ និងគាំទ្ររដ្ឋាភិបាល វិស័យសាធារណៈនិងឯកជន ក្នុងកិច្ចខិតខំប្រឹងប្រែងឱ្យប្រទេសជាតិមានកំណើននិងតុល្យភាព។ ខ្ញុំមានសេចក្តីរំភើបរីករាយ ដោយឃើញថា ប្រព័ន្ធវេជ្ជសាស្ត្រដែលជាវិស័យមួយក្នុងចំណោមវិស័យដែលត្រូវបានគេមើលរំលងបំផុតសម្រាប់ការធ្វើឌីជីថលូបនីយកម្ម ក៏ដូចជាការកែលម្អជាទូទៅនៅកម្ពុជាកន្លងមក បាននិងកំពុងទទួលបានការយកចិត្តទុកដាក់ច្រើនគួរសមនាពេលបច្ចុប្បន្ន។ ខ្ញុំសូមជូនពរ មីតដុកទ័រ អាយជីគ្រុប សហគ្រិន និងអ្នកជំនាញវិជ្ជាជីវៈជាច្រើនទៀតជួបតែសំណាងល្អក្នុងដំណើរបរិវត្តន៍កម្មរបស់យើង និងសូមឱ្យការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាទទួលបានពរជ័យ និងជោគជ័យ ខណៈដែលវិស័យសុខាភិបាលបាននិងកំពុងក្លាយជាកត្តាសំខាន់ចម្បងក្នុងការកំណត់នូវសុខុមាលភាពរបស់ប្រជាជនកម្ពុជា”។លោក ឈ សុផាណាក់ អគ្គនាយករងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រុមហ៊ុន អាយជីគ្រុប បានធ្វើការកត់សម្គាល់ថា មីតដុកទ័រ និងអាយជីគ្រុបនឹងបន្តផ្ដោតលើឌីជីថលូបនីយកម្មនៅក្នុងវិស័យវេជ្ជសាស្រ្តនៅក្នុងប្រទេស ដោយដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដូចជា ការពិបាកទទួលបានសេវាសុខាភិបាល ការចំណាយលើសលុបលើសេវាសុខាភិបាល ទទួលបាននូវការព្យាបាលពីគ្រូពេទ្យដែលមានវិជ្ជាជីវៈពិតប្រាកដ ទទួលបាននូវការធានារ៉ាប់រង និងហិរញ្ញប្បទានហិរញ្ញវត្ថុសុខាភិបាល ទិន្នន័យវេជ្ជសាស្រ្ត ការចែករំលែក និងវិភាគដោយប្រព័ន្ធបញ្ញាសិប្បនិមិត្ម និងសេវាឌីជីថលជាច្រើនទៀត។
លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី ស្ថាបនិក មីតដុកទ័រ បានមានប្រសាសន៍ថា “មីតដុកទ័រមានមហិច្ឆតាធំ ក្នុងការផ្ដល់នូវសេវាសុខាភិបាលទៅដល់ប្រជាជនកម្ពុជាគ្រប់រូបដល់ផ្ទះរបស់ពួកគាត់តែម្ដង ក្នុងតម្លៃសមស្របទទួលយកបាន ជាមួយនឹងបទដ្ឋានព្យាបាល និងក្រុមគ្រូពេទ្យក្នុងស្រុក និងអន្តរជាតិ ប្រកបនឹងវិជ្ជាជីវៈខ្ពស់។ ហើយនេះនឹងមិនអាចទៅរួចនោះទេ ប្រសិនបើយើងមិនបង្កើតអាជីវកម្មថ្មីទាំងស្រុង និងផ្លាស់ប្តូរការថែទាំសុខភាពនៅក្នុងប្រទេសតាមរយៈមធ្យោបាយឌីជីថល។ ជាមួយនឹងការលើកឡើងបែបនេះ ខ្ញុំពិតជាមានសំណាងណាស់ដែលមានការគាំទ្រពី អាយជីគ្រុប ដើម្បីបង្កើតនូវកំពូលកម្មវិធីថែទាំសុខភាព (healthcare superapp) មួយដែលទៅដល់ប្រជាជនទូទាំងប្រទេស ជាមួយនឹងគោលដៅដែល មីតដុកទ័រ មាន គឺលើកកម្ពស់លទ្ធភាពទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅគ្រប់ទីកន្លែងទាំងអស់នៃប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសេដ្ឋកិច្ច សង្គម សម្រាប់ប្រជាពលរដ្ឋគ្រប់រូប”។
ក្នុងពិធី ក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំក្រុមហ៊ុនអាយជីគ្រុប លោក Tomas Pokorny សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការ CAFT ទីប្រឹក្សាក្រុមហ៊ុន អាយជីគ្រុប នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ ស្ថាបនិកក្រុមហ៊ុន D.Q.D ខនសាល់ធីង និងជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន FWD អ៊ិនស៊ូរិន (ខេមបូឌា) និងលោកស្រី Jitka Markova ជាប្រធានកម្មវិធី Angkor 500 ក៏បានចូលរួមអបអរសាទរផងដែរដល់ មីតដុកទ័រ ចំពោះជំហ៊ានជោគជ័យមួយនេះ។ “ខ្ញុំចាំថាខ្ញុំស្ញប់ស្ញែងពេលឃើញធុរកិច្ចថ្មីរបស់អ្នក ដែលបង្ហាញថាទីបំផុតកម្ពុជាមានការវិនិយោគចូលទៅក្នុងវិស័យបច្ចេកវិទ្យាសុខាភិបាល ហើយខ្ញុំពិតជាមានកិត្តិយសណាស់ដែល Angkor500 អាចជាផ្នែកមួយនៃដំណើររីកចម្រើនរបស់អ្នក។ ខ្ញុំសូមជូនពរឱ្យកិច្ចសហការវិនិយោគនេះក្លាយជាជំហានដ៏សំខាន់មួយ ទោះវាជាជំហានតូចក្តី ឆ្ពោះទៅរកការអភិវឌ្ឍប្រភេទអាជីវកម្មសុខាភិបាលថ្មីទាំងស្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា”៕