ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបង្គាប់ឲ្យគ្រប់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម គ្រប់អង្គភាពរដ្ឋាករទឹកចំណុះក្រសួង និងគ្រប់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម និងឧស្សាហកម្ម ត្រូវសហការជាមួយរដ្ឋបាលដែនដីក្នុងមូលដ្ឋានរបស់ខ្លួន និងមន្ទីរ អង្គភាពជំនាញ ជាពិសេស ជាមួយនឹងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ត្រូវធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាត ទៅដល់ការដ្ឋានសំណង់ សណ្ឋាគារ ផ្ទះសំណាក់ អគារស្នាក់នៅរួម សំណង់អគារពាណិជ្ជកម្ម អគាររោងចក្រ សហគ្រាស សិប្បកម្ម អគារសម្រាប់លក់ ឬជួលស្នាក់នៅ និងការសំដ្ឋានសំណង់ដទៃទៀត ដែលជាប្រភេទសំណង់ខុសច្បាប់ ឬសង់ខុសបច្ចេកទេស ដែលត្រូវបបានកំណត់បញ្ជាក់ដោយស្ថាប័ន ឬអង្គភាពសមត្ថកិច្ចជំនាញ។
បើតាមការបញ្ជាក់ពីក្រសួងសិបក្ម រាល់ការតភ្ជាប់បណ្ដាញទឹកស្អាត ដល់ប្រភេទសំណង់ខាងលើនេះបាន លុះត្រាតែមានឯកសារបញ្ជាក់គ្រប់គ្រាន់ពីក្រសួង មន្ទីរ ឬរដ្ឋបាលដែនដី ដែលមានសមត្ថកិច្ចគ្រប់គ្រងការដ្ឋានសំណង់ទាំងនោះ។
គួរបញ្ជាក់ថា វិស័យសំណង់កម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនយ៉ាងខ្លាំងពិសេសនៅខេត្តព្រះសីហនុ ដែលកំពុងត្រូវបានវិនិយោគសាងសង់សំណង់ខ្ពស់ៗជាច្រើន តែក៏មានការលើកឡើងដែរថា ក៏មានសំណង់មួយចំនួនមិនមានច្បាប់អនុញ្ញាត និងខ្លះទៀតសាងសង់គ្មានបច្ចេកទេសច្បាស់លាស់។ ជាឧទាហរណ៍ជាក់ស្ដែង កាលពីខែមុននេះ សំណង់អគាររបស់ក្រុមហ៊ុនចិនមួយ បានបាក់សង្កត់ស្លាប់ មនុស្ស និងរបួសជាច្រើននាក់ ដោយសារតែការសាងសង់គ្មានបច្ចេកទេសត្រឹមត្រូវ។
របាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណងបង្ហាញថា គិតរហូតមកដល់ខែមិថុនា ឆ្នាំ២០១៩ នេះក្រុមហ៊ុនសហគ្រាសប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ ដែលមានសុពលភាពសរុប មានចំនួន ៤៧ ក្រុមហ៊ុន និងសាងសង់ដែលមានសុពលភាពមានចំនួនសរុប ៩៣៧ក្រុមហ៊ុន ដែលក្នុងនោះ មានក្រុមហ៊ុនបរទេសចំនួន ៣៦២ ក្រុមហ៊ុន។
ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិកាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា នៅឆ្នាំនេះលោកកត់សម្គាល់ឃើញថា មានក្រុមហ៊ុន សហគ្រាស សិក្សាគម្រោងប្លង់ និង សាងសង់ជាច្រើនបាននិងកំពុងប្រកបអាជីវកម្ម លើការសាងសង់សំណង់លំនៅដ្ឋាន ការិយាល័យ សណ្ឋាគារ ភោជនីដ្ឋាន និងអគារផ្សេងៗជាច្រើនទៀត ដើម្បីផ្គត់ផ្គង់ទៅនឹងតម្រូវការទីផ្សារក៏ដូចជាឆ្លើយតបទៅនឹងកំណើនវិស័យសំណង់ផងដែរ។
ឯកឧត្តមបន្ថែមថា ដរាបណាវិស័យសេដ្ឋកិច្ចជាតិនូវតែបន្តការកើនឡើង នោះប្រាកដណាស់វិស័យសាងសង់ និង អចលនទ្រព្យ ក៏នូវតែបន្តការកើនឡើងដែរ។ «យើងជឿថា នៅឆ្នាំ២០១៩នេះ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និង សាងសង់នឹងមានការកើនឡើងបន្តទៀត ដោយសារយើងសង្កេតឃើញមានវិនិយោគិនបរទេសជាច្រើនចូលមកវិនិយោគក្នុងវិស័យសំណង់ និង អចលនទ្រព្យនៅកម្ពុជា»។ នេះបើតាមប្រសាសន៍ឯកឧត្តម ឡៅ ទិព្វសីហា៕