មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលថៃ បានលើកឡើងថា លោកស្រី គ្រីស្ដាលីណា ចចហ្គៀវ៉ា នាយកគ្រប់គ្រង ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អ៊ូចា កាលពីពេលថ្មីៗនេះ បានរាយការណ៍ពីរបាយការណ៍ទាក់ទងនឹងសេដ្ឋកិច្ចរបស់ប្រទេសថៃ។ លោកស្រី គ្រីស្ដាលីណា និងលោកប្រយុទ្ធចាន់អ៊ូចា បានជជែកពិភាក្សាលើប្រធានបទជាច្រើន រួមមានការអភិវឌ្ឍប្រកបដោយចីរភាព និងការប្រែប្រួលអាកាសធាតុជាដើម។
និយាយអំពីការកែទម្រង់រចនាសម្ព័ន្ធ និងការអភិវឌ្ឍការអប់រំ លោកប្រយុទ្ធ បានលើកឡើងថា រាជរដ្ឋាភិបាលថៃបានដាក់បញ្ចូលគោលនយោបាយនេះ ទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរួចហើយ។
ជាមួយគ្នានេះដែរ លោកស្រី គ្រីស្ដាលីណា បានជំរុញឲ្យរដ្ឋាភិបាលថៃ គ្រប់គ្រងសេដ្ឋកិច្ច ដោយការប្រើប្រាស់នូវគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុសមស្របទៅនឹងលក្ខណៈទាន់ពេលវេលា។
នាយិកាគ្រប់គ្រងស្ថាប័នរូបិវត្ថុអន្តរជាតិរូបនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ឥឡូវនេះ គឺជាពេលវេលាល្អសម្រាប់ថៃ ដើម្បីដាក់បញ្ចូលវិធានការជំរុញសេដ្ឋកិច្ច ដើម្បីបង្កើនសន្ទុះកំណើនសេដ្ឋកិច្ច ដែលត្រូវបានថមថយ ដោយសារតែការថយចុះនៃកំណើនសេដ្ឋកិច្ចសកលលោក។
លោកស្រី គ្រីស្ដាលីណា បានសង្កត់ធ្ងន់ទៀតថា វិធានការជំរុញនេះ គួរតែអាចជួយបង្កើនការវិនិយោគ ការផលិត និងការប្រើប្រាស់ ដែលអាចធ្វើឲ្យសេដ្ឋកិច្ចថៃ មានការរីកចម្រើនឡើងវិញ។
ដោយសារតែមានឥទ្ធិពលពីភាពតានតឹងពាណិជ្ជកម្ម និងការធ្លាក់ចុះនៃ សេដ្ឋកិច្ចសកល ស្ថាប័នរូបិយវត្ថុអន្តរជាតិ បានធ្វើកាទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ នៅឆ្នាំនេះ ថានៅមានតែ២,៩% ប៉ុណ្ណោះ ខណៈដែលឆ្នាំក្រោយមាន ៣% ។ ការព្យាករណ៍ថ្មីៗនេះ គឺមានទាបជាការព្យាករមុន ដែលថា មាន៣,៥% នៅឆ្នាំ២០១៩ និងឆ្នាំ២០២០។
របាយការណ៍ពី ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ បានឲ្យដឹងថា នៅ៩ខែឆ្នាំ២០១៩នេះ ការនាំចេញសរុបរបស់ថៃ សម្រេចបានជាង១៨៦ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ២,១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ បានព្យាករទៀតថា ការនាំចេញសរុបរបស់ថៃ នៅឆ្នាំនេះ នឹងធ្លាក់ចុះ១,៥% ហើយក៏អំពាវនាវដល់រាជរដ្ឋាភិបាលថៃឲ្យស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ៕