
ការបង្ហាញអំពីការវាយតម្លៃអំពីកំណើនសេដ្ឋកិច្ចកម្ពុជានេះ ធ្វើឡើងដោយក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដោយប្រធានក្រុមបសកកម្មនេះ គឺលោក Davide Furcer ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំបូកសរុប «លទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា សម្រាប់ឆ្នាំ២០២៣ និង ២០២៤» ក្រោមការដឹកនាំដោយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៣១ ខែតុលាឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំនោះ IMF ក៏បានវាយតម្លៃអំពីស្ថានភាពអត្រាអតិផរណារបស់កម្ពុជាផងដែរ ដោយនឹងមានការថយចុះក្នុងអត្រា ២,៣% ជាមធ្យមនៅឆ្នាំ២០២៣ ហើយនឹងវិលទៅរកនិន្នាការរយៈពេលវែងវិញក្នុងអត្រា ៣% នៅឆ្នាំ២០២៤ ដោយសារភាពស្រាកស្រាន្ដនៃកត្តាតម្លៃទំនិញ។ ប៉ុន្ដែ សម្រាប់ឱនភាពគណីចរន្ដវិញត្រូវបានរំពឹងថា នឹងរួមតូចមកត្រឹម -២,១% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៣ ដោយសារការថយចុះនូវការនាំចូលមាស ការងើបឡើងវិញនៃរំហូរទេសចរណ៍ និងកំណើនរឹងមាំនៃការនាំចេញផលិតផលកម្មន្ដសាលមិនមែនកាត់ដេរ។


ទោះបីជា សម្ទុះនៃកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ នៅល្អក្ដី ប៉ុន្ដែ IMF ក៏ទាញសញ្ញាព្រមានមួយចំនួនអំពីហានិភ័យធំៗ ដែលអាចជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចកម្ពុជា រួមមាន ភាពកាន់តែថមថយនូវតម្រូវការពីដៃគូពាណិជ្ជកម្មប្រទេសអភិវឌ្ឍន៍, ផលជះឥទ្ធិពលនៃភាពថមថយសេដ្ឋកិច្ចមហាយក្សចិន, ឥទ្ធិពលលើសការរំពឹងទុកនៃការរឹតបន្ដឹងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក, ការកើនឡើងសម្ពាធបំណុល និងការបន្ដនូវភាពបែកខ្ញែកទីតាំងភូមិសាស្ត្រសេដ្ឋកិច្ច-នយោបាយ។
ក្រុមបេសកកម្មពិសេស Article IV របស់ IMF ក៏បានផ្ដល់អនុសាសន៍វិធានការ និងគោលនយោបាយចាំបាច់មួយចំនួន ពិសេសគោលនយោបាយចម្រុះ រវាងគោលនយោបាយសារពើពន្ធ, គោលនយោបាយរូបិយវត្ថុ និងអត្រាប្ដូរប្រាក់ និងការកែទម្រង់ជារចនាសម្ព័ន្ធ។

យ៉ាងណាក៏ដោយចុះ IMF នៅតែមានរំពឹងថា សម្រាប់រយៈពេលមធ្យមខាងមុខ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើនក្នុងរង្វង់ ៦,៥% ប៉ុន្ដែ លទ្ធភាពនៃការសម្រេចបាននូវកំណើនសក្ដានុពលនេះ គឺចាំបាច់ត្រូវការពឹងផ្អែកលើការពង្រឹង និងពន្លឿនការងារទម្រង់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការវាយតម្លៃរបស់ក្រុមការងាររបស់ IMF និងថា រាជរដ្ឋាភិបាល បាននិងកំពុងដើរលើមាគ៌ាដ៏សមស្របមួយក្នុងការធានានូវការងើបឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏កំពុងពង្រឹងគោលនយោបាយសារពើពន្ធ ដោយពង្រឹងនូវប្រសិទ្ធភាពថវិកា ដោយបន្ដអនុវត្តកៀរគរចំណូលឲ្យបានប្រសើរឡើង, ពង្រឹងវិស័យ និងប្រសិទ្ធភាពចំណាយ និងបន្ដប្រុងប្រយ័ត្នលើការគ្រប់គ្រងបំណុលផងដែរ។