ប្រទេសកម្ពុជានៅឆ្នាំ២០២០នេះ ត្រូវបានស្ថានប័នរូបិយវត្ថុអន្តរជាតិ IMF ព្យាករថា កំណើនសេដ្ឋកិច្ចនឹងមានការធ្លាក់ចុះរហូតដល់ -១,៥% ប៉ុន្ដែ នៅឆ្នាំ២០២១ខាងមុខ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងស្ទុះងើបឡើងវិញដល់ទៅ ៦,១%។
មិនមែនតែកម្ពុជាទេ ដែលមានកំណើនដកនៅឆ្នាំ២០២០នេះ បើពិនិត្យមើលទៅលើរបាយការណ៍របស់ IMF ដដែលនេះ ឃើញថា ប្រទេសនៅតំបន់អាស៊ានចំនួន ៣ទៀត ក៏មានកំណើនសេដ្ឋកិច្ចដាំក្បាលចុះរហូតដល់ក្រោមសូន្យផងដែរ។ តួយ៉ាង ប្រទេសថៃ ឆ្នាំនេះ ត្រូវបាន IMF ព្យាករថា នឹងមានសេដ្ឋកិច្ច -៦,៥%, សិង្ហបុរីមាន -៣,៥% និងម៉ាឡេស៊ីមាន-១,៧%។
នៅក្នុងសន្និសីទអំពីរបាយការណ៍សង្ខេបស្ដីអំពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក កាលពីពាក់កណ្ដាលខែមេសា កន្លងទៅថ្មីៗនេះ លោក ឆាងយ៉ុង រី នាយក នាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិក នៃស្ថាប័ន IMF បាន និយាយថា IMF បានធ្វើការកែប្រែនូវការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា មកនៅអត្រា -១,៥% នៅឆ្នាំ២០២០នេះ។ លោកបន្ថែមថា សេដ្ឋកិច្ចកម្ពុជា ក៏មិនខុសពីសេដ្ឋកិច្ចប្រទេសក្នុងតំបន់អាស៊ានមួយចំនួនទៀត ដូចជា មីយ៉ាន់ម៉ា និងវៀតណាមនោះទេ ពោលគឺការនាំចេញនិងវិស័យទេសចរណ៍ដែលជាឆ្អឹងខ្នងដ៏សំខាន់របស់សេដ្ឋកិច្ច ត្រូវបានបង្អាក់ បើទោះបីជាប្រទេសទាំងនេះ ហាក់ដូចជាមើលទៅទើបតែកំពុងចាប់ផ្ដើមនៃការរាតត្បាតនៃមេរោគក៏ដោយ។
លោក ឆាង យ៉ុង រី លើកឡើងយ៉ាងដូច្នេះ «នៅពេលនេះ ប្រទេសកម្ពុជា គឺកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការរាតត្បាតនៃមេរោគកូវីដ-១៩ ប៉ុណ្ណោះគឺដូចជាប្រទេសផ្សេងទៀតនៅតំបន់អាស៊ីដែរ។ ទោះយ៉ាងណា ផលប៉ះពាល់វាបានកើតឡើងរួចទៅហើយ។ ហើយយើងបានឭមកថា ចំនួនភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរមកកាន់កម្ពុជាបានធ្លាក់ចុះដល់ទៅ ៦០%ហើយ ហើយវិស័យឧស្សាហកម្មកាត់ដេរ ដែលជាឆ្អឹងខ្នងដ៏សំខាន់នោះ គឺត្រូវបានអ្នកបញ្ជាទិញពីអឺរ៉ុប និងអាមេរិក លុបចោលការកម្ម៉ង់ផងដែរ ដូច្នេះ យើងយល់ថា សេដ្ឋកិច្ចកម្ពុជា នឹងជួបការប៉ះទង្គិចធ្ងន់ធ្ងរ»។
លោក ឆាងយ៉ុង រី បានគូសបញ្ជាក់ទៀតថា ខុសពីសេដ្ឋកិច្ចនៃបណ្ដាប្រទេសជឿនលឿនផ្សេងទៀត លំហគោលនយោបាយរបស់ប្រទេសកម្ពុជា គឺនៅមានកម្រិតនៅឡើយ ដូច្នេះ លោកយល់ថា វាជារឿងសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបំពេញតួនាទីដ៏ល្អបំផុត ហើយទាក់ទងនឹងបញ្ហាលំហគោលនយោបាយនេះ មិនមែនសំខាន់សម្រាប់តែកម្ពុជាទេ ប្រទេសសេដ្ឋកិច្ចជួរមុខផ្សេងទៀត នៅអាស៊ី ក៏ត្រូវគិតគូពីវាដូចគ្នាដែរ។ ប្រទេសទាំងនេះ ត្រូវតែផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើចំណុចណា ដែលជាអាទិភាព ហើយធ្វើនូវរឿងណាដែលត្រូវធ្វើ សម្រាប់អ្នកដែលពួកគេត្រូវការពារជាចម្បង។ នៅក្នុងពេលជាមួយគ្នានេះ វាក៏ជាហេតុផលមួយ ដែលសហគមន៍អន្តរជាតិ គួរតែឧបត្ថម្ភនូវធនធានបន្ថែមទៀត សម្រាប់បណ្ដាប្រទេសទាំងនេះ។ នេះបើតាមការគូសបញ្ជាក់របស់ នាយក នាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិក នៃស្ថាប័ន IMF។
បើទោះបីជា IMF បានព្យាករទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះ ថានឹងមានដកក្រោមសូន្យយ៉ាងនេះក្ដី បើតាមការព្យាកររបស់ធនាគារពិភពលោកកាលពីពេលថ្មីៗនេះដែរ បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០នេះ អាចនឹងរក្សាបានកំណើន២,៥% ខណៈដែលធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករដែរថា នឹងមានកំណើន ២,៣%។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជាត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ាន់ប្រមាណថា មានកំណើន៧,១% ខណៈដែលកាលពីឆ្នាំ២០១៨ មានកំណើនរហូតដល់ទៅ ៧,៥%ឯណោះ។
សម្រាប់ឆ្នាំ២០២០នេះដែរ បើតាមការអះអាងរបស់លោកស្រី គ្រីស្ដាលីណា ចចហ្គីវ៉ា នាយិកាគ្រប់គ្រងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ធ្លាប់បានមានប្រសាសន៍កាលពីខែមីនាកន្លងទៅនេះថា ជំងឺរាតត្បាត Covid-19 អាចនឹងបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំ២០២០នេះ ដែលវិបត្តិនេះអាចនឹងធ្ងន់ធ្ងរជាងវិបត្តិហិរញ្ញវត្ថុសកលកាលពីឆ្នាំ២០០៨-២០០៩ ទៅទៀត។ ប៉ុន្ដែ សេដ្ឋកិច្ចពិភពលោក អាចស្ទុះនឹងងើបឡើងវិញនៅក្នុងឆ្នាំ២០២១៕