មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា អាស៊ីនឹងសម្រេចបានកំណើនក្នុងរង្វង់៤,៥% នៅឆ្នាំ២០២៤ កើនឡើង០,៣% បើធៀបនឹងការព្យាករកាលពី៦ខែមុន។ បើតាម IMF កំណើនសេដ្ឋកិច្ចនៅតំបន់នេះនឹងរួមចំណែកភាគច្រើនដោយការកើនឡើងសេដ្ឋកិច្ចរបស់ឥណ្ឌា និងចិន។ ឥណ្ឌាត្រូវបានស្ថាប័នហិរញ្ញវត្ថុមួយនេះចាត់ទុកជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅលើពិភពលោក។ ប៉ុន្តែស្ថាប័ននេះអះអាង ហានិភ័យធំបំផុតសម្រាប់សេដ្ឋកិច្ចរបស់អាស៊ី គឺជាការកែតម្រូវគោលនយោបាយ និងការចាត់ចំណាត់ការហិរញ្ញវត្ថុក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន។
ការចាត់ទុកបែបនេះ ក៏ដោយសារ IMF យល់ថា វិធានការទាំងនោះអាចនឹងធ្វើឱ្យតម្រូវការអចលនទ្រព្យចុះខ្សោយ និងបង្កើនឱកាសនៃបរិត្តផរណាដែលអូសបន្លាយ ដោយបង្កើនឱកាសដល់ការវាយលុកសេដ្ឋកិច្ចផ្សេងទៀតតាមរយៈការលេចធ្លាយពាណិជ្ជកម្មដោយផ្ទាល់។យ៉ាងណាមិញ IMF បានគូសបញ្ជាក់ថា ចិនត្រូវការកញ្ចប់គោលនយោបាយដែលជួយពន្លឿនការចាកចេញពីវិបត្តិរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ជំរុញការបញ្ចប់គម្រោងលំនៅដ្ឋាន និងគ្រប់គ្រងហានិភ័យបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់។
លោក គ្រីស្នា ស្រ៊ីនីវាសាន (Krishna Srinivasan)នាយកមូលនិធីរូបិយវត្ថុអន្តរជាតិ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានឱ្យដឹងថា ទស្សនវិស័យសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៅឆ្នាំ២០២៤ បានស្ថិតនៅក្នុងស្ថានភាពភ្លឺស្វាង និងរំពឹងថា សេដ្ឋកិច្ចក្នុងតំបន់នេះនឹងល្អប្រសើរ ជាងការព្យាករណ៍ពីមុន ដោយសារសម្ពាធអតិផរណាបន្តធ្លាក់ចុះ។
លោកបានចាត់ទុកស្ថានភាពនេះ គឺជាការឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ដែលខ្លួនរំពឹងថា នឹងមានវិធានការជំរុញគោលនយោបាយ ដើម្បីផ្តល់ការគាំទ្រដល់វិស័យអចលនទ្រព្យកាន់តែសកម្ម ខណៈដែលការវិនិយោគសាធារណៈនៅឥណ្ឌា ដែល ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៥របស់ពិភពលោកជាមួយនឹងផលិតផលក្នុងស្រុកសរុបជិត៤ទ្រីលានលានដុល្លារ៕
ដោយៈ សរ សុជាតិ