គណៈកម្មការឯករាជ្យមួយនេះបានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃអង្គារ ទី៦ ខែកុម្ភៈថា ពួកគេបានបោះឆ្នោតច្រានចោលសំណើរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិក ដែលបានស្នើសុំយកពន្ធប្រឆាំងការលក់បង្ខូចតម្លៃពីអត្រា២.៦៥% ទៅ៦.៨៨% ទៅលើបន្ទះដែកស្ដើងៗសម្រាប់កែច្នៃធ្វើកំប៉ុងអាហារដែលនាំចូលពីប្រទេសកូរ៉េខាងត្បូង អាល្លឺម៉ង់ និងកាណាដា។
គណៈកម្មការឯករាជ្យមួយនេះក៏បានទម្លាក់ចោលការយកពន្ធប្រឆាំងការលក់បង្ខូចតម្លៃនៅក្នុងអត្រាជាង១២២% និងពន្ធប្រឆាំងការឧបត្ថម្ភធនលើការនាំចូលបន្ទះដែកស្ដើងៗផងដែរ។នេះគឺជាបរាជ័យមួយចំពោះក្រុមហ៊ុនផលិតដែកដ៏ធំបំផុតទី២របស់សហរដ្ឋអាម៉េរិក គឺក្រុមហ៊ុន ក្លេវើឡេន-គ្លីប (Cleveland-Cliffs) និងសហជីពកម្មករ ដែកថែបរួបរួមគ្នា ដែលបានដាក់ញត្តិទៅក្រសួងពាណិជ្ជកម្មកាលពីឆ្នាំមុន ដើម្បីស្នើសុំឱ្យយកពន្ធចន្លោះពីពីរខ្ទង់ទៅបីខ្ទង់ដោយចោទប្រកាន់ថាបានលក់នៅក្រោមតម្លៃទីផ្សារសមរម្យទៅទៀត។
តាមការណ៍ពិត ញត្តិរបស់ក្រុមហ៊ុននេះក៏ដាក់បញ្ចូលទាំងបន្ទះដែកស្ដើងៗមកពីប្រទេសហូឡង់ កោះតៃវ៉ាន់ តួកគី និងចក្រភពអង់គ្លេសផងដែរ ប៉ុន្តែការស៊ើបអង្កេតរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិកមិនបានដាក់ពន្ធទៅលើក្រុមអ្នកផ្គត់ផ្គង់ទាំងនេះទេ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាណាដា លោកស្រី ម៉ារី អិង (Mary Ng) បាននិយាយថា កាណាដាពេញចិត្តនឹងសេចក្តីសម្រេចនេះ ហើយថាអ្នកផលិតបន្ទះដែកកាណាដា គឺជាផ្នែកដ៏សំខាន់នៃឧស្សាហកម្មដែកថែបឆ្លងដែនរបស់កាណាដា។
សូមរំលឹកថា សហរដ្ឋអាម៉េរិកនៅតែបន្តយកពន្ធលើការនាំចូលបន្ទះដែកស្ដើងៗមកពីចិន កូរ៉េខាងត្បូង តៃវ៉ាន់ និងតួកគីក្នុងអត្រា២៥%ដដែល ដែលជាការបន្សល់ទុកពីអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៨៕
អត្ថបទ៖ សុខ ជា