បុរសម្នាក់នោះ គឺជា លោកបណ្ឌិត អ៊ិន ចាន់នី ដែលបច្ចុប្បន្ន ជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា។
តើអ្វីជា ដែលជារូបមន្ដ របស់លោក អ៊ិន ចាន់នី សម្រាប់យកមកដឹកនាំ និងពង្រីកធនាគារអេស៊ីលីដា បានដូចមកទល់សព្វថ្ងៃនេះ?
ឆ្លើយដោយខ្លី តែខ្លឹម ជាមួយនឹងអ្នកយកព័ត៌មាន ខេមបូណូមីស លោក អ៊ិន ចាន់នី ដែលមានបទពិសោធន៍ចាស់ទុំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ឬអាចចាត់ទុកថា ជា «ខ្លាចាស់» មួយរូបនៅក្នុងវិស័យនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំគិតថា អ្វីដែលខ្ញុំ និងអេស៊ីលីដា ទទួលបានមកទល់ពេលនេះ គឺផ្ដើមចេញពី ការស្ដាប់ត្រូវ គិតត្រូវ និងសម្រេចចិត្តធ្វើត្រូវ»។
មានឈាមជ័រ ជាអ្នកខេត្តព្រៃវែង លោក អ៊ិន ចាន់នី បានជីកបើកកកាយពីប្រវត្តិផ្ទាល់ខ្លួនខ្លះៗ ព្រមជាមួយនឹងការកកើត និងការដឹកនាំស្ថាប័នមួយ ដែលពីដំបូងត្រឹមតែជាអង្គការក្រៅរដ្ឋាភិបាល រហូតដល់ក្លាយជាធនាគារពាណិជ្ជ អេស៊ីលីដា ដ៏ធំជាងគេនៅកម្ពុជាយ៉ាងដូច្នេះថា ខ្លួនលោកដើមឡើយគ្រាន់តែជាគ្រូបង្រៀនម្នាក់ប៉ុណ្ណោះ ក្រោយមកលោកទទួលបានអាហារូបករណ៍ ដើម្បីបន្តការសិក្សានៅសហរដ្ឋអាមេរិក។ ការដែលទទួលបានឱកាសដ៏កម្រនេះ បានធ្វើឲ្យ យុវជន អ៊ិន ចាន់នី គិតគុំក្នុងចិត្តថា នេះជាឱកាសមួយដែលអាច ប្រែក្លាយជីវិតរបស់លោក ពីជីវិតគ្រូបង្រៀន ទៅចាប់ជំនាញផ្សេងទៀត ខណៈដែលលោកពេលនោះ ក៏មិនសូវជាចូលចិត្តការបង្រៀននេះប៉ុន្មានដែរ។
“ខ្ញុំគិតថា អ្វីដែលខ្ញុំ និងអេស៊ីលីដា ទទួលបានមកទល់ពេលនេះ គឺផ្ដើមចេញពី ការស្ដាប់ត្រូវ គិតត្រូវ និងសម្រេចចិត្តធ្វើត្រូវ”
លោក អ៊ិន ចាន់នី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពេលខ្ញុំ បានទទួលអាហារូបករណ៍ទៅរៀននៅសហរដ្ឋអាមេរិកហ្នឹង! ខ្ញុំយល់ថា ខ្ញុំមិនចង់ធ្វើជាគ្រូបង្រៀនទៀតទេ។ ខ្ញុំត្រូវតែសិក្សាពីជំនាញ គណនេយ្យ និងការគ្រប់គ្រងសហគ្រាស។ តែពេលខ្ញុំត្រឡប់មកវិញ ខ្ញុំបានធ្វើការនៅអង្គការពលកម្មអន្តរជាតិ និង UNDP ហ្នឹង ខ្ញុំនៅតែបង្រៀនដដែល ខ្ញុំបានបង្រៀនគណនេយ្យ និងការគ្រប់គ្រងដដែល។ ខ្ញុំក៏រកផ្លូវមួយឃើញថា ទោះក្នុងស្ថានភាពណាក៏ដោយ យើងនៅតែជាគ្រូបង្រៀនដដែល ដូចក្នុងការបង្រៀនបុគ្គលិករបស់យើង ពន្យល់សហការីរបស់យើង ក៏ស្ថិតនៅក្នុងការបង្រៀនដដែល»។
ក្រោយមកទៀត នៅឆ្នាំ ១៩៩៨ លោកអ៊ិន ចាន់នី ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកជាថ្មីម្ដងទៀត នៅសាលា Harvard ទាក់ទងនឹងការអភិវឌ្ឍហិរញ្ញវត្ថុសម្រាប់សហគ្រាស។ តាមបទពិសោធន៍ជំនាញជាគ្រូបង្រៀន គួបផ្សំនឹងចំណេះដឹងដែលបានរៀនពីសាលា ទាក់ទងនឹងសេដ្ឋកិច្ច គណនេយ្យ និងហិរញ្ញវត្ថុ បានធ្វើឲ្យលោកអាចឈានទៅបង្កើតអង្គការក្រៅរដ្ឋាភិបាលមួយឡើង នាអំឡុងពេលនោះ។
លោកអ៊ិន ចាន់នី បានគូសបញ្ជាក់ថា កត្តាសំខាន់មួយ ដែលធ្វើឲ្យលោក អាចឈានទៅសម្រេចគោលដៅទាំងនេះបាន គឺកើតចេញដំបូង តាមរយៈការស្ដាប់ ហើយលោកបានអះអាងថា លោកចូលចិត្តស្ដាប់អ្នកដទៃឲ្យយោបល់ ទោះបីត្រឹមត្រូវ ឬមិនត្រឹមត្រូវ ក៏លោកទទួលស្ដាប់ជានិច្ច រួចធ្វើការពិចារណាតាមក្រោយ។
“សហគ្រិនទាំងអស់ តែងតែចង់ធ្វើអ្វីដែលថ្មី ប៉ុន្ដែ ដើម្បីអាចធ្វើវាទៅបាន ឬមិនបាន យើងត្រូវសួរខ្លួនឯងថា តើយើងហ៊ានប៉ុនណា? ព្រោះថា ធ្វើអ្វីក៏ដោយ គឺមិនគេចផុតឡើយ ពីការប្រឈមនឹងហានិភ័យ”
អគ្គនាយកប្រតិបត្តិធនាគារអេស៊ីលីដារូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំចូលចិត្តស្ដាប់ ហើយខ្ញុំស្ដាប់ត្រូវ ខ្ញុំគិតត្រូវ និងខ្ញុំយកមកអនុវត្តត្រូវ ព្រោះខ្ញុំមានចរិតមួយ នៅពេលគេឲ្យយោបល់មកខ្ញុំ ខ្ញុំតែងតែស្ដាប់សិន ទោះខុសក៏ដោយ ត្រូវក៏ដោយ។ ហើយខ្ញុំគិតហើយ បានឲ្យយោបល់ទៅវិញ បើខ្ញុំមិនអាចធ្វើតាមបានខ្ញុំពន្យល់ទៅវិញ តែបើខ្ញុំអាចធ្វើបានខ្ញុំទទួលយក។ ហើយខ្ញុំក៏ឲ្យតម្លៃខ្ពស់ទៅលើអ្នកឲ្យយោបល់។ ការសម្រេចចិត្តទៀតសោត គឺខ្ញុំគិតគូរអំពីប្រយោជន៍រួមរបស់ស្ថាប័ន ខ្ញុំមិនដែលគិតគូរពីប្រយោជន៍ផ្ទាល់ខ្លួនខ្ញុំឡើយ»។
លោកអ៊ិន ចាន់នី បានពន្យល់ពីបទពិសោធន៍ នៃការស្ដាប់ត្រូវរបស់លោកថា កាលពីមុនបង្កើតបានជាធនាគារ លោកបានបង្កើតការបោះឆ្នោតមួយ ជាមួយនឹងសហការីចំនួន ១០នាក់ របស់លោក ដោយឲ្យពួកគេសរសេរពីគោលដៅរបស់ស្ថាប័ន ថាតើ ១០ ឆ្នាំទៅមុខទៀត ចង់ធ្វើអ្វី? មានអ្នកខ្លះថា ចង់ធ្វើមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រីឯអ្នកខ្លះទៀតថា ចង់ធ្វើជាធនាគារអភិវឌ្ឍន៍សេដ្ឋកិច្ច និងអ្នកខ្លះទៀតថា ចង់ធ្វើជាក្រុមហ៊ុនឯកជនបណ្ដុះបណ្ដាលសហគ្រិនភាព។ ក្រោយពីបានមតិយោបល់ទាំងអស់មក លោកបានយកមកបូកបញ្ចូលគ្នា រួចធ្វើការបោះឆ្នោត ថាតើ យកមតិមួយណា។ នៅទីបំផុត មាន៩០% បោះឆ្នោតថា នឹងបង្កើតធនាគារ អភិវឌ្ឍន៍សេដ្ឋកិច្ច។
លោក អ៊ិន ចាន់នី បានសង្កត់ធ្ងន់នៅត្រង់ចំណុចនេះថា នេះហើយ គឺជាអ្វីដែលកើតចេញពីការស្ដាប់ត្រូវ គឺការស្ដាប់ពីសហការីជុំវិញខ្លួន ព្រោះកាលនោះ ដ្បិតថាលោកក៏មានគំនិតចង់ធ្វើធនាគារអភិវឌ្ឍន៍សេដ្ឋកិច្ចដែរ ប៉ុន្ដែ លោកមិនបានកំណត់ថា ត្រូវតែធ្វើវានោះទេ។ លោកបានលើកឡើងថា «ការស្ដាប់ត្រូវ នឹងធ្វើឲ្យយើងគិតត្រូវ ហើយការគិតត្រូវនេះ នឹងធ្វើឲ្យយើងសម្រេចចិត្តធ្វើត្រូវ»។
ដោយឡែក បើនិយាយពីសហគ្រិនភាពវិញ លោកអ៊ិន ចាន់នី បានបង្ហើបឲ្យដឹងថា លោកក៏មិនខុសពីសហគ្រិនដទៃទៀតដែរ ពោលគឺ ហ៊ានធ្វើ ហ៊ានប្រឈមមុខនឹងហានិភ័យ។
«សហគ្រិនទាំងអស់ តែងតែចង់ធ្វើអ្វីដែលថ្មី ប៉ុន្ដែ ដើម្បីអាចធ្វើវាទៅបាន ឬមិនបាន យើងត្រូវសួរខ្លួនឯងថា តើយើងហ៊ានប៉ុនណា? ព្រោះថា ធ្វើអ្វីក៏ដោយ គឺមិនគេចផុតឡើយ ពីការប្រឈមនឹងហានិភ័យ» នេះគឺជាការលើកឡើងរបស់សហគ្រិនជើងចាស់ក្នុងវិស័យហិរញ្ញវត្ថុ លោក អ៊ិន ចាន់នី។
លោក អ៊ិន ចាន់នី បានបញ្ជាក់ថា កាលពីចាប់ផ្ដើមធនាគារអភិវឌ្ឍន៍សេដ្ឋកិច្ចដំបូង ក្រុមការងារលោក គ្មានទាំងជំនាញខាងធនាគារ និងគ្មានទាំងដើមទុន។ ប៉ុន្ដែ ដោយមានភាពក្លាហានទាំងអស់នេះហើយ ទើបលោក និងសហការី បានទៅរៀនពីជំនាញទាំងអស់ នឹងរៀបចំផែនការប្រតិបត្តិការឥណទានយ៉ាងច្បាស់លាស់ ដើម្បីស្នើសុំមូលនិធិពី ធនាគារអភិវឌ្ឍន៍បារាំង។
អ្នកជំនាញហិរញ្ញវត្ថុរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «កាលហ្នឹង ម្នាក់ៗគិតចង់ធ្វើធនាគារអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្ដែ គ្មានទុនទេ គឺពឹងលើទុនបរទេស ដោយយើងបានទៅរកទុនពីធនាគារអភិវឌ្ឍន៍បារាំង ហើយហ៊ានសន្យាជាមួយគេទៀត ដែលកាលហ្នឹង លុយនោះមានជាងប្រមាណ ៦០ម៉ឺនដុល្លារហ្នឹង ខ្ញុំថា ខ្ញុំអត់ឲ្យបាត់ទេ! ហើយអត់បាត់មែន ឥឡូវនេះ លុយយើងមានតែកើន កើនរហូតដល់យើងចុះបញ្ចីក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលសព្វថ្ងៃ។ នោះហើយជាទ្រព្យដើមរបស់យើង»។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០១៧កន្លងទៅនេះ ធនាគារអេស៊ីលីដា មានទ្រព្យសកម្មសរុបជាង ៥.២០០ លានដុល្លារអាមេរិក ខណៈដែលប្រាក់បញ្ញើមានជាង ៣.៣០០លានដុល្លារអាមេរិក និងឥណទាន និងបុរេប្រទាន (សុទ្ធ) មានជាង ៣.០០០ លានដុល្លារអាមេរិក។ រីឯ ប្រាក់ចំណេញក្រោយដកពន្ធ មានប្រមាណជាង ៩១លានដុល្លារអាមេរិក។
គិតក្នុងត្រឹមបំណាច់ឆ្នាំ២០១៧ដដែលនេះ ធនាគារអេស៊ីលីដា មានបណ្ដាញប្រតិបត្តិការចំនួន ២៦១ សាខាគ្របដណ្ដប់នៅទូទាំងប្រទេស ព្រមទាំងមានការពង្រីកខ្លួនធនាគារអេស៊ីលីដា នៅប្រទេសឡាវ មានចំនួន ៤១ ការិយាល័យ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា នៅមីយ៉ាន់ម៉ា មានចំនួន ៨ការិយាល័យផងដែរ៕