ការលក់រថយន្ដអគ្គិសនីបានច្រើនជាងគេបំផុតក្នុងពិភពលោក

ក្រុមហ៊ុនយក្សចិន BYD នាំមុខក្រុមហ៊ុន Tesla ជាលើកដំបូង ក្នុងការលក់រថយន្ដអគ្គិសនីបានច្រើនជាងគេបំផុតក្នុងពិភពលោក


របាយការណ៍ចុងក្រោយមួយបានបង្ហាញកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ចំនួនរថយន្តអគ្គិសនីដែលបានចុះបញ្ជីនៅទូទាំងពិភពលោក បានកើនលើសចំនួនជាង១០លានគ្រឿងក្នុងឆ្នាំ២០២២ ដោយសារឧស្សាហកម្មរថយន្តអគ្គិសនីបានបន្តនិន្នាការកើនឡើង ស្របជាមួយនឹងកំណើនដ៏ខ្លាំងក្លានៃទីផ្សារប្រទេសចិន។ ប្រការនេះក៏បានធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេមួយរបស់ចិន BYD សម្រេចបានការលក់ដ៏ច្រើនសម្បើម រហូតដល់វ៉ាដាច់ការលក់របស់ក្រុមហ៊ុនអាមេរិក Tesla ថែមទៀតផង កាលពីឆ្នាំ២០២២កន្លងទៅ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានកូរ៉េ THE KOREA Herald។
ការលក់រថយន្តអគ្គិសនីរបស់ចិន BYD នៅទូទាំងពិភពលោកកើនឡើងជាង២០០%!

បើយោងតាមអ្នកតាមដានទីផ្សារ SNE Research ឱ្យដឹងថា ការចុះបញ្ជីរថយន្ត EV ទូទាំងពិភពលោកបានកើនឡើងជាង ៦១%ក្នុងឆ្នាំ២០២២ ឈានដល់ចំនួនដល់ជាង ១០លាន ៨សែនគ្រឿង។ របាយការណ៍បានបន្តថា BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតមួយរបស់ចិនមានការលក់កើនឡើង២០៥%កាលពីឆ្នាំមុន តំណាងឱ្យ ១៧,៣%នៃទីផ្សាររថយន្តអគ្គិសនីសរុបនៅទូទាំងពិភពលោក ហើយទិន្នន័យនេះក៏បានធ្វើឱ្យ BYD ក្លាយជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីច្រើនជាងគេបំផុតនៅលើពិភពលោក ដោយសារតែម៉ូឌែលរថយន្តរបស់ BYD ទាំងអស់បានចុះបញ្ជីជាប្រភេទរថយន្តអគ្គិសនីសរុបមានចំនួនជិត២លានគ្រឿង។

ទោះបីជាក្រុមហ៊ុន Tesla បានបង្ហាញកំណើននៃការលក់ ៤០% ក្នុងឆ្នាំមុនក៏ដោយ ក៏ប៉ុន្ដែ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សេដ្ឋី Elon Musk មួយនេះ បានរអិលចុះមកចំណាត់ថ្នាក់ទីពីរវិញតាមពីក្រោយ BYD ជាមួយនឹងចំណែកទីផ្សារពិភពលោកនៅមានត្រឹម ជាង១២%។

ដោយឡែក រថយន្តម៉ូឌែលឈ្មោះ Geely ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី របស់ចិនមួយផ្សេងទៀត គឺជាក្រុមហ៊ុនតែមួយគត់របស់ចិន បន្ទាប់ពី BYD ដែលបានឈរនៅក្នុងកំពូលតារាងទាំងដប់ក្រុមហ៊ុន ហើយដែលបានប្រកាសអត្រាកំណើនការលក់ដល់ទៅបីខ្ទង់ដូច BYD ដែរ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ការលក់រថយន្តប្រភេទ EV នៅក្នុងប្រទេសចិនបានកើនឡើង ជាង៩៧% ធៀបនឹងឆ្នាំមុនក្នុងចំនួនជាង ៦លាន៥សែនគ្រឿង ខណៈដែលទីផ្សារ EV នៅសហរដ្ឋអាមេរិក និងអឺរ៉ុបកើនឡើងជិត ៥០% ។

សូមជម្រាបថា ក្រៅពីក្រុមហ៊ុនចិន និងអាមេរិក ក្រុមហ៊ុន Hyundai Motor និង Kia របស់កូរ៉េ បានកើនឡើងការលក់រថយន្ដអគ្គិសនី ៤១% ដែរ ប៉ុន្តែ ចំណែកទីផ្សាររួមរបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងទាំងពីរ បានធ្លាក់ចុះមកត្រឹម ៤,៧%ធៀបនឹង៥,៤%ពីឆ្នាំមុន។ ក្រុមហ៊ុន Hyundai Motor Group បានធ្លាក់មកចំណាត់ថ្នាក់ទី៦ក្នុងបញ្ជីក្រុមហ៊ុនលក់រថយន្ដអគ្គិសនីច្រើនជាងគេទាំង១០ តាមពីក្រោយក្រុមហ៊ុន Geely របស់ចិន៕




អត្ថបទបន្ទាប់


ប្រមុខ IMF បង្ហាញក្ដីព្រួយបារម្ភកាន់តែខ្លាំង ពីកម្រិតបំណុលសាធារណៈកំពុងប៉ោងឡើងនៅមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង

នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Kristalina Georgieva កាលពីពេលថ្មីៗនេះ បានបង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំងទៅលើកម្រិតបំណុល…

ប្រមុខការទូតអាមេរិក និងចិនកំពុងពិចារណាណាត់ជួបគ្នាឡើងវិញ ក្រោយខកខានជួបគ្នា

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កំពុងពិចារណាដើម្បីជួបជាមួយអ្នកការទូតកំពូលរបស់ចិន លោក Wang Yi នៅក្នុងសន្និសិទសន្តិសុខទីក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ