តម្លៃអង្ករក្នុងស្រុកនៅប្រទេសថៃបានហក់ឡើងជិត២០%កាលពីសប្តាហ៍មុនដល់ជាង២ម៉ឺនបាតប្រហែល៥៩៧ដុល្លារក្នុងមួយតោនពោលគឺបានបន្តកើនឡើងពីចំនួនប្រហែល៤៧៨ដុល្លារក្នុងមួយតោននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ការបន្តឡើងថ្លៃអង្ករនេះបានជំរុញឱ្យតម្លៃនាំចេញអង្ករសកម្រិត៥%របស់ថៃរួមទាំងអង្ករបាក់កម្រិត៥%ផងដែរឡើងដល់៦១០ដុល្លារក្នុងមួយតោនដែលបានឆ្លុះបញ្ចាំងពីការឡើងតម្លៃជា សកលដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១១ឆ្នាំមកនេះ។ បើទោះជារដ្ឋាភិបាលថៃមិនមានផែនការកំណត់ការនាំចេញអង្ករក៏ដោយប៉ុន្តែក្រុមហ៊ុននាំចេញអង្កររបស់ថៃនៅតែស្ទាក់ស្ទើរក្នុងការលក់ចេញដោយសារតែភាពមិនច្បាស់លាស់ពីការផ្គត់ផ្គង់ទីផ្សារ។
ជាធម្មតាប្រទេសថៃផលិតអង្ករប្រហែល២០លានតោនដោយចំនួនពាក់កណ្តាលនៃអង្ករនេះត្រូវបានលក់ចែកចាយក្នុងស្រុក ហើយចំនួនពាក់កណ្តាលផ្សេងទៀតត្រូវបាននាំចេញធម្មតា។
លោក ឆូកៀត អូផាសវង់សេ (Chookiat Ophaswongse) ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបានប្រាប់សារព័ត៌មាន Nikkei Asia ថា ប្រទេសថៃមិនដែលមានការផ្គត់ផ្គង់តឹងរ៉ឹងទេរហូតមកដល់ពេលនេះដោយសារថៃមានអតិរេកអង្ករច្រើនជារៀងរាល់ឆ្នាំ។ ប៉ុន្តែឆ្នាំនេះទីផ្សារអង្ករថៃស្ថិតក្នុងភាពច្របូកច្របល់ដោយសារអ្នកនាំចេញមិនអាចប៉ាន់ប្រមាណពីតម្លៃអង្ករបានឡើយខណៈពួកគេព្រួយបារម្ភពីការប្រែប្រួលតម្លៃ និងភាពមិនច្បាស់លាស់ពីការផ្គត់ផ្គង់។
សូមរំលឹកថា ប្រទេសឥណ្ឌាបានប្រកាសពីការហាមឃាត់នាំចេញអង្កររបស់ខ្លួនកាលពីថ្ងៃទី២០ ខែកក្កដា។ ការហាមឃាត់នេះបានបង្កឱ្យមានការភ័យខ្លាចពីការធ្លាក់ចុះការស្តុកអង្ករ និងបានលើកទឹកចិត្តអ្នកនាំចូលអង្ករសំខាន់ៗឱ្យស្វែងរកអង្ករពីអ្នកនាំចេញសំខាន់ៗផ្សេងទៀត រួមទាំងប្រទេសថៃ និងវៀតណាមផងដែរ។
ការស្តុកអង្ករទុកត្រូវបានគេរំពឹងថានឹងជំរុញឱ្យតម្លៃអង្ករនៅថៃឡើងដល់កម្រិតគ្មានអ្វីផ្ទឹមបានឡើយ និងធ្វើឱ្យថៃបាត់បង់ឱកាសមាសក្នុងការនាំចេញកាន់តែច្រើនដោយហេតុតែឥណ្ឌាអវត្ត មានពីទីផ្សារអន្តរជាតិ។ ក្រុមហ៊ុននាំចេញរបស់ថៃស្ទាក់ស្ទើរក្នុងការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងមួយចំនួនប្រសិនបើមិនអាចធានាពីការដឹកជញ្ជូនក្នុងតម្លៃដូចកាលពីមុននោះទេ។ ពាណិជ្ជករម្នាក់នៅស្ថាប័នពាណិជ្ជកម្មអន្តរជាតិមួយនៅទីក្រុងបាងកកបាននិយាយថា ការធ្វើដូច្នេះនឹងធ្វើឱ្យមានការខាតបង់ភ្លាមៗតែម្ដង៕