មហាសេដ្ឋី តារាភាពយន្តបូល្លីវូដ និងគ្រួសារអ្នកមានថ្នាក់លើមធ្យមជាច្រើននៅក្នុងប្រទេសឥណ្ឌា បាននាំគ្នារត់ភៀសខ្លួន តាមជើងយន្តហោះឯកជន ចេញពីប្រទេសហើយ ដោយសារការព្រួយបារម្ភពីវិបត្តិកូវីដ-១៩ ដែលកំពុងរុញច្រានប្រទេសឥណ្ឌាឲ្យធ្លាក់ទៅក្នុងគ្រោះមហន្តរាយជ្រៅទៅៗ។
សារព័ត៌មាន CNBC បានចុះផ្សាយដោយដកស្រង់សម្ភាសន៍របស់ប្រធានក្រុមហ៊ុនជួលយន្តហោះឯកជនមួយ ឈ្មោះ JetSetGo ថា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ការកក់ជួលយន្តហោះឯកជន បានកើនឡើង ៩០០% ដោយក្នុងនោះ អតិថិជន ពី ៧០% ទៅ ៨០% គឺជាគ្រួសារ ដែលមានជីវភាពលើមធ្យម ជាជាងអតិថិជនដែលមានទ្រព្យស្ដុកស្ដម្ភខ្លាំង។
ការសម្រុកចាកចេញពីសំណាក់អ្នកមានទ្រព្យធននេះ គឺស្របពេលដែលស្ថានភាពនៅឥណ្ឌាកាន់តែដុនដាបទៅៗហើយ ដោយគេសង្កេតឃើញថា អ្នកជំងឺកូវីដ-១៩ បន្ដប្រមូលផ្តុំយ៉ាងកកកុញនៅតាមមន្ទីរពេទ្យ កង្វះខាតអុកស៊ីហ្សែន និងគ្រែស្ថិតនៅជាបញ្ហាចោទដដែល ខណៈដែលកន្លែងបញ្ចុះ និងបូជាសពមានផ្សែងខ្មៅអួអាប់ជារៀងរាល់ថ្ងៃ។ អ្នកជំនាញបាននិយាយថា តួលេខជាក់ស្តែងស្តីពីស្ថានការណ៍នៅឥណ្ឌាអាចមានខ្ពស់ជាងការរាយការណ៍ដោយអាជ្ញាធរឥណ្ឌាទៅទៀត។
មកទល់នឹងពេលនេះ មានរដ្ឋជាច្រើនក្នុងប្រទេសឥណ្ឌាបានសម្រេចចិត្តបិទខ្ទប់តំបន់ដោយខ្លួនឯងតែម្តង ដោយមិនរង់ចាំការសម្រេចរបស់រដ្ឋសហព័ន្ធឥណ្ឌានោះទេ។ ក្រៅពីនោះ មានរដ្ឋផ្សេងៗទៀត មិនទាន់បានបិទខ្ទប់ទាំងស្រុងនៅឡើយ ដោយបានត្រឹមអនុវត្តវិធានការរឹតត្បិតមួយចំនួនដូចជា បិទកន្លែងសាធារណៈ រោងកុន ភោជនីយដ្ឋាន និងផ្សារទំនើបជាដើម។
យ៉ាងណាមិញ សម្ពាធបានធ្លាក់ទៅលើលោក ណារីនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងការសម្រេចចិត្តថាគួរតែសម្រេចបិទខ្ទប់ នៅទូទាំងប្រទេសតែម្តង ឬយ៉ាង។ រដ្ឋាភិបាលលោក ម៉ូឌី ហាក់នៅរារែកក្នុងការសម្រេចដាក់ប្រទេសទាំងមូលក្នុងការបិទខ្ទប់ ប៉ុន្តែគេនៅចាំបានថា កាលពីរលកឆ្លងនៅឥណ្ឌាលើកទី១កាលពីឆ្នាំមុន លោកម៉ូឌីបានបញ្ជាឲ្យបិទខ្ទប់ប្រទេសទាំងមូលភ្លាមៗ ដោយបានដាក់វិធានការហាមប្រាមការចេញដើរហើររបស់ពលរដ្ឋយ៉ាងតឹងរឹងទៀតផង។
គួររំឭកថា ការដឹកនាំ និងគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ក្នុងប្រទេសឥណ្ឌារបស់លោកម៉ូឌី បានក្លាយជាផ្ទាំងស៊ីបរិះគន់ ពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្រោយពីលោកបានមើលស្រាលស្ថានការណ៍ និងមើលស្រាលជំងឺកូវីដ១៩ ដោយបានអនុញ្ញាតឲ្យពលរដ្ឋជួបប្រជុំគ្នាក្នុងពីធីសាសនា និងការហែក្បួនរកសម្លេងឆ្នោត ដោយពុំមានអើពើពីវិធានសុខាភិបាលសោះឡើយ។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកជំងឺកូវីដ-១៩របស់សេតវិមាន សហរដ្ឋអាមេរិក លោលវេជ្ជបណ្ឌិត អាន់តូនី ហ្វោស៊ី បាននិយាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា លោកបានផ្តល់យោបល់ឲ្យអាជ្ញាធរឥណ្ឌាថា ពួកគេត្រូវសម្រេចបិទខ្ទប់ប្រទេសជាបន្ទាន់។
ត្រូវបានស្រង់សម្តីដើមដោយ ព័ត៌មាន ABC News លោក ហ្វោស៊ីគូសបញ្ជាក់ថា «ដើម្បីទប់ស្កាត់ការចម្លងពីមួយទៅមួយបាន មានតែវិធានការមួយគត់ ដែលឥណ្ឌាត្រូវធ្វើនោះ គឺការបិទខ្ទប់ប្រទេស(lockdown)»។
សមាគមវេជ្ជសាស្ត្រឥណ្ឌា (India Medical Association) ហៅកាត់ថា IMA បានទទូចឲ្យរដ្ឋាភិបាលខ្លួនបិទខ្ទប់ប្រទេសទាំងមូលផងដែរ ប៉ុន្តែពួកគេបានស្នើឲ្យមានការត្រៀមទុកមុន និងជូនដំណឹងជាមុនឲ្យត្រឹមត្រូវ។
ស្ថានភាពឆ្លងកូវីដ-១៩ នៅប្រទេសឥណ្ឌាហាក់មិនមានការថមថយឡើយ ទោះបីករណីឆ្លងមិនឡើងខ្ពស់ខ្លាំងដូចកាលពីសប្តាហ៍មុនក្តី។ ក្នុងនោះ រដ្ឋធានីញូដេលីរបស់ប្រទេសឥណ្ឌាបានឈានចូលដល់សប្តាហ៍ទី៤ហើយ នៃការបិទខ្ទប់ ខណៈដែលចំនួនអ្នកឆ្លងសរុបនៅឥណ្ឌាមានប្រមាណ ២៣លាននាក់និងអ្នកស្លាប់សរុបមានជិត ២៥ម៉ឺននាក់។ ប៉ុន្មានសប្ដាហ៍មកនេះ ឥណ្ឌារកឃើញអ្នកឆ្លងប្រមាណ៣០ទៅ៤០ម៉ឺននាក់ ខណៈដែលស្លាប់មានមានរាប់ពាន់នាក់ក្នុងមួយថ្ងៃ៕