ទំនាក់ទំនងរបស់ទីក្រុងកង់បេរ៉ា ជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួននោះ បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីដើមឆ្នាំ ២០២០ ជាពិសេសនៅពេលដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ចំពោះប្រភពដើមនៃមេរោគកូវីដ១៩។ ជុំវិញការអំពាវនាវនេះ បានធ្វើឱ្យទីក្រុងប៉េកាំងមានការមិនពេញចិត្ត និងបានសងសឹក តាមរយៈការរឹតត្បិតការធ្វើពាណិជ្ជកម្មទៅលើប្រទេសអូស្ត្រាលី រួមទាំងការកំណត់យកពន្ធខ្ពស់លើស្រូវសាលី និងស្រារបស់អូស្ត្រាលី រឹតត្បិតលើការនាំចូលធ្យូងថ្មផងដែរ។
តែយ៉ាងណាក៏ដោយចុះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានបដិសេធចំពោះ ការចោទប្រកាន់ថាខ្លួនបានប្រើប្រាស់ការបង្ខិតបង្ខំពាណិជ្ជកម្មប្រឆាំងនឹងអូស្ត្រាលី និងប្រទេសដទៃទៀត ខណៈដែលអ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចៅ លីចៀន បានចេញមុខមកបកស្រាយថា គ្រប់ការអនុវត្តរបស់ប្រទេសចិន គឺតែងតែអនុវត្តតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ។
សូមជម្រាបថា រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Jaishankar បានធ្វើដំណើរទៅទីក្រុង Melbourne ប្រទេសអូស្ត្រាលីកាលពីសប្តាហ៍មុននេះ ដើម្បីចូលរួមកិច្ចប្រជុំសម្ព័ន្ធចតុភាគី ដែលហៅកាត់ថា Quad ដែលសម្ព័ន្ធភាពជាដៃគូក្នុងតំបន់ ដែលបង្កើតឡើងដោយប្រទេសឥណ្ឌា ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលមានបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យ និងទប់ទល់ចំពោះការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន។ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌាបាននិយាយថា សមាជិក Quad ទាំងអស់បានយល់ស្របថា បញ្ហានយោបាយមិនគួរត្រូវបានធ្វើឡើងដោយការបង្ខិតបង្ខំនៅពេលណាក៏បាននោះទេ។ ក្នុងន័យនេះ សមាជិក Quad ចង់សំដៅទៅលើទីក្រុងប៉េកាំង ដែលតែងតែយកបញ្ហានយោបាយទៅជាការដាក់កំហិតពាណិជ្ជកម្ម ឬសេដ្ឋកិច្ចលើប្រទេសផ្សេងៗទៀត។
នៅក្នុងកិច្ចប្រជុំនេះផងដែរ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជំរុញឱ្យ Quad ប្រកាន់ជំហរតឹងរ៉ឹងជាងមុនចំពោះការប្រឆាំងរបស់ចិននៅក្នុងតំបន់។
ជាមួយគ្នានេះ ឥណ្ឌា និងអូស្ង្រាលីក៏មានកិច្ចប្រជុំជាមួយគ្នាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នាផងដែរ ដែលកិច្ចព្រមព្រៀងនេះ នឹងជួយជំរុញឲ្យការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងអូស្ត្រាលី និងឥណ្ឌានឹងកើនឡើងកាន់តែខ្លាំងផងដែរ។
សូមជម្រាបថា ជុំវិញជម្លោះរវាងអូស្ត្រាលី និងចិន កន្លងមករដ្ឋាភិបាលក្រុងកង់ប៉េរាក៏ធ្លាប់បានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោកផងដែរ ដើម្បីប្រឆាំងនឹងការដំឡើងពន្ធនាំចូលយ៉ាងច្រើនគំហុករបស់ចិន មកលើស្រាក្រហមរបស់អូស្ត្រាលី ចាប់តាំងពីប្រទេសទាំងពីរមានជម្លោះពាណិជ្ជកម្មតឹងតែងដាក់គ្នាមក៕