បើតាមលោករដ្ឋមន្ត្រី Bambang Brodjonegoro បានឱ្យដឹងក្នុងបទសម្ភាសន៍មួយថា សំណើថវិកានេះមានប្រមាណ ៤១២ ពាន់លានដុល្លារ នៅក្នុងការវិនិយោគចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤ ។ ទឹកលុយ ៤០ ភាគរយ នៃចំនួនសរុប នឹងត្រូវបានផ្តល់មូលនិធិដោយផ្ទាល់ពីរដ្ឋាភិបាល។ ២៤ ភាគរយតាមរយៈសហគ្រាសរដ្ឋ និងផ្នែកផ្សេងទៀតតាមរយៈវិស័យឯកជន។
ការចំណាយបែបនេះនឹងរួមបញ្ចូលយុទ្ធសាស្រ្តប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រធានាធិបតី Joko Widodo ជាគន្លឹះដ៏សំខាន់មួយដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
ការកសាងកំពង់ផែ និងកន្លែងសំខាន់ៗ មានភាពស្មុគស្មាញ និងចំណាយច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយសារតែប្រទេសនេះ ជាប្រជុំដែនកោះ ដែលមានចំនួន ១៧ ពាន់កោះ ហើយកោះខ្លះនៅឆ្ងាយដាច់ៗពីគ្នារាប់ពាន់គីឡូម៉ែត្រ។ ថ្នាក់ដឹកនាំប្រទេសនេះយល់ឃើញថា "មធ្យោបាយតែមួយគត់សម្រាប់ប្រទេសឥណ្ឌូនេស៊ី ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ គឺការតភ្ជាប់។ ប្រទេសនេះ កំពុងរៀបចំផែនការដើម្បីបង្កើតផ្លូវហាយវ៉េ សម្រាប់មហាវិថីដោយសាងសង់អាកាសយានដ្ឋានឬព្រលានយន្តហោះតូចសម្រាប់ការតភ្ជាប់នៅតំបន់ដាច់ស្រយាល ។
ប្រទេសឥណ្ឌូនេស៊ីមានកំណើនសេដ្ឋកិច្ច ប្រមាណ ៥ ភាគរយក្នុងមួយឆ្នាំ។ ខណៈពេលដែលរដ្ឋាភិបាលកំពុងមានបំណងឱ្យសេដ្ឋកិច្ចកើនពី ៥,៣% ទៅ ៥,៦% នៅឆ្នាំ២០២០។ យ៉ាងណាក្ដីគម្រោងទឹកប្រាក់ធំធេងនេះ នឹងអាច ធ្វើឱ្យប្រសើរឡើងនូវព្រលានយន្តហោះ ដែលមានស្រាប់ចំនួន ១៦៥ កន្លែង និង អភិវឌ្ឍផ្លូវទឹកចូលទៅដល់កោះដាច់ស្រយាលក្នុងប្រជុំកោះឥណ្ឌូនេស៊ី។
រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងជំរុញឱ្យមានការប្រើប្រាស់យន្តហោះប្រភេទយន្តហោះ N219 ដែលបានផលិតក្នុងស្រុកដើម្បីគាំទ្រការពង្រីកឧស្សាហកម្មទេសចរណ៍ នៅក្នុងប្រទេសដែលមានប្រជាជនជាង២៦០ លាននាក់៕