រដ្ឋាភិបាលទីក្រុងហ្សាកាតានៅក្នុងខែកុម្ភៈនេះ បានកំណត់ឱ្យមានការផលិតបញ្ចូលគ្នាកាន់តែខ្ពស់នៃប្រេងឥន្ធនៈ ដែលចម្រាញ់ចេញពីចំហេះប្រេងដូង ហើយរក្សាទុកតិចតួចជាងមុន សម្រាប់ការនាំចេញ។
ដូងប្រេង ត្រូវបានគេកែច្នៃប្រើយ៉ាងទូលំទូលាយ រាប់ចាប់ពីផលិតផលអាហារ រហូតដល់គ្រឿងសម្អាង ហើយក៏ជាប្រភេទប្រេងបន្លែ ដែលប្រើប្រាស់ច្រើនបំផុតផងដែរ។ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសផលិត និងអ្នកនាំចេញដ៏ធំបំផុតសម្រាប់ផលិតផលដូងប្រេង ហើយកាលពីខែមេសាឆ្នាំមុន ប្រទេសសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ ធ្លាប់បានដាក់បម្រាមនាំចេញដូងប្រេងម្តងហើយ ខណៈដែលខ្លួនព្យាយាមទប់ស្កាត់អតិផរណា និងធានាការផ្គត់ផ្គង់ក្នុងស្រុក។
វិធានការលើកមុនបានជំរុញឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ទំនិញជាសាកលម្តងរួចមកហើយ ដោយបានធ្វើឱ្យតម្លៃប្រេងដូងរបស់កើនឡើង ១៦៨០ ដុល្លារ ក្នុងមួយតោន នៅចុងខែមេសា ជិតដល់កម្រិតខ្ពស់បំផុត។ ប្រការនេះបានធ្វើឱ្យឥណ្ឌូនេស៊ីបានលុបចោលការហាមឃាត់វិញភ្លាមៗក្នុងរយៈពេលតិចជាងមួយខែប៉ុណ្ណោះ ដែលបណ្តាលឱ្យតម្លៃធ្លាក់ចុះមកវិញច្រើនជាងពាក់កណ្តាល។
យ៉ាងក៏ដោយ នៅពេលនេះ ទីក្រុងហ្សាកាតា ចង់លាយបញ្ចូលគ្នានៃការផលិតប្រេងឥន្ធនៈដែលកែច្នៃពីដូងប្រេង ក្នុងចំហេះ ពី៣០%ឱ្យដល់៣៥%។ កម្មវិធីត្រូវបានគេឱ្យឈ្នោះថា B35 ដោយរៀបចំឡើងដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសឥណ្ឌូនេស៊ី លើប្រេងឆៅនាំចូល។
ការធ្វើបែបនេះ ក៏អាចដោយសារឥណ្ឌូនេស៊ីមានហេតុផលមួយគឺ ដើម្បីប្រឆាំងនឹងការដាក់គំនាបពីទីផ្សារអឺរ៉ុបផងដែរ។ ជាក់ស្តែង ច្បាប់ថ្មីរបស់អឺរ៉ុបដែលបានដាក់សម្ពាធលើប្រទេសអ្នកនាំចេញដូងប្រេងធំៗទាំងពីរក្នុងពិភពលោកនេះ គឺសំដៅហាមឃាត់ ការនាំចេញ ឬលក់ ប្រេងជីវឥន្ធនៈ ដែលចម្រាញ់ចេញពីដូងប្រេង និងក៏ដូចជាទំនិញផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ សម្រាប់ការដាំដុះដូងប្រេង។
ប៉ុន្តែគួរកត់សម្គាល់ថា សហភាពអឺរ៉ុបគឺជាប្រទេសនាំចូលដូងប្រេងដ៏ធំ ហើយចំពោះច្បាប់ដែលសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាកាលខែធ្នូកន្លងមកនេះ បានធ្វើឱ្យផ្ទុះការមិនពេញចិត្តយ៉ាងខ្លាំងពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលជាជម្រុកផលិតកម្មដូងប្រេងច្រើនជាងគេបំផុតក្នុងពិភពលោក។
សូមជម្រាបថា សូម្បីតែម៉ាឡេស៊ី ដែលជាអ្នកដាំដុះ និងនាំចេញដូងប្រេងដ៏ធំមួយដែរនោះ ក៏ព្រមានកាលពីពេលថ្មីៗដែរថា ខ្លួនអាចបញ្ឈប់ការនាំចេញដូងប្រេងទៅកាន់សហភាពអឺរ៉ុបតែម្ដង ដើម្បីជាការឆ្លើយតបទៅនឹងច្បាប់ថ្មី ដែលអឺរ៉ុបបានដាក់ចេញនោះ៕