ប្រទេសឥណ្ឌូនេស៊ីដែលជាកំពូលប្រទេសនាំចេញប្រេងដូងច្រើនជាងគេនៅក្នុងពិភពលោកនោះចាប់តាំងពីថ្ងៃទី២៨ ខែមេសាមក បានបញ្ឈប់ការនាំចេញប្រេងដូងឆៅ និងផលិតផលរបស់ខ្លួនមួយចំនួនទៀត ក្នុងបំណងគ្រប់គ្រងការកើនឡើងនៃតម្លៃប្រេងចម្អិនអាហារក្នុងស្រុក ដែលធ្វើឱ្យទីផ្សារប្រេងបន្លែពិភពលោកមានការកើនឡើងយ៉ាងខ្លាំងផងដែរ។
ប្រជាកសិករបានប្រមូលផ្តុំគ្នាដោយដើរអមជាមួយរថយន្តដឹកផ្លែដូងប្រេងនៅខាងក្រៅការិយាល័យនៃក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចដែលដឹកនាំគោលនយោបាយរបស់រដ្ឋាភិបាល។
អ្នកតវ៉ាបានកាន់បដាមួយសរសេរថា «កសិករម៉ាឡេស៊ីកំពុងមានស្នាមញញឹមពេញទំហឹង ខណៈកសិករឥណ្ឌូនេស៊ីកំពុងរងទុក្ខ!»។ មែនទែនទៅ ប្រទេសម៉ាឡេស៊ីគឺជាប្រទេសផលិតប្រេងដូងធំជាងគេទីពីរ បន្ទាប់ពីឥណ្ឌូនេស៊ី ហើយនៅគ្រាដែលឥណ្ឌូនេស៊ីបិទខ្ទប់ការនាំចេញប្រេងដូង វាបានផ្ដល់ឱកាសសម្រាប់ការនាំចេញប្រេងដូងរបស់ម៉ាឡេស៊ីកាន់តែខ្លាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមកសិករខ្នាតតូចរបស់ឥណ្ឌូនេស៊ី បាននិយាយថា ចាប់តាំងពីការប្រកាសហាមឃាត់ការនាំចេញមក តម្លៃប្រេងដូងបានធ្លាក់ចុះ ៧០% នៅក្រោមតម្លៃទាបបំផុតដែលបានកំណត់ដោយអាជ្ញាធរក្នុងតំបន់ទៅទៀត។
ទន្ទឹមនឹងនេះដែរ ក្រុមកសិករខ្នាតតូចក៏បានប៉ាន់ប្រមាណថា រោងម៉ាស៊ីនចម្រាញ់ដូងប្រេងយ៉ាងហោចណាស់ ២៥% បានឈប់ទិញផ្លែដូងប្រេងពីក្រុមកសិករឯករាជ្យ តាំងពីពេលដែលមានការបិទខ្ទប់ការនាំចេញប្រេងដូង។
តាមការគូសបញ្ជាក់របស់ក្រុមកសិករដែលជាអ្នកតវ៉ាបានឲ្យដឹងដែរថា ពូកគេក៏មានគម្រោងដើរដង្ហែក្បួនតវ៉ាទៅកាន់វិមានប្រធានាធិបតីផងដែរ ហើយការតវ៉ាស្រដៀងគ្នានេះក៏ត្រូវបានធ្វើនៅក្នុងខេត្តចំនួន ២២ ផ្សេងទៀតផងដែរ។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានដាក់បម្រាមនាំចេញប្រេងដូង និងផលិតផលពាក់ព័ន្ធមួយចំនួនទៀតដែលប្រើប្រាស់ក្នុងការផលិតប្រេងឆាបន្ទាប់ពីគោលនយោបាយជាបន្តបន្ទាប់របស់លោកបានបរាជ័យក្នុងការគ្រប់គ្រងតម្លៃទំនិញប្រើប្រាស់ក្នុងផ្ទះជាមូលដ្ឋាន។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ីលោក អៃឡាងហ្កា ហាតាតូ (Airlangga Hartarto) បាននិយាយថា ការហាមប្រាមនេះ នឹងស្ថិតនៅដដែលរហូតដល់តម្លៃប្រេងចម្អិនអាហារភាគច្រើនធ្លាក់ចុះមកនៅត្រឹម ក្រោម១ ដុល្លារក្នុងមួយលីត្រនៅទូទាំងប្រទេសឥណ្ឌូនេស៊ី។
ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីបានបង្ហាញថា គិតត្រឹមថ្ងៃទី ១៣ឧសភា ប្រេងចម្អិនអាហារភាគច្រើនមានតម្លៃជាមធ្យមនៅមានប្រហែល១ដុល្លារ២០សេនក្នុងមួយលីត្រនៅប្រទេសនេះ៕