ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា គម្រោងនេះគឺជាគម្រោងដ៏អស្ចារ្យមួយ របស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ហើយក៏ជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ។
តាមអ្វីដែលបានគ្រោងទុកគម្រោងនេះគឺត្រូវកសាង ផ្លូវដែកប្រវែង ១៤២ គីឡូម៉ែត្រ ដែលត្រូវតភ្ជាប់ពីទីក្រុងហ្សាកាតាទៅកាន់ទីក្រុង បានឌុង ( Bandung ) ដោយផែនការដំបូងគឺត្រូវ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៩ ប៉ុន្តែដោយសារវាជាគម្រោងដែលមានមន្ទិលហើយហ៊ុំព័ទ្ធដោយបញ្ហាជាច្រើន រួមទាំងបញ្ហាដីធ្លី ការរាតត្បាតនៃជំងឺកូវីដ១៩ និងការចំណាយលើសខ្ទង់ ដ៏លើសលុបដែលមានតម្លៃដល់ទៅ១,២ពាន់លានដុល្លារ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលរួមគ្នាដោយឥណ្ឌនេស៊ី និង ក្រុមហ៊ុនរដ្ឋដែលកំពុងតែសាងសង់ផ្លូវដែក បានប្រកាសពន្យាពេលបើកសាកល្បងផ្លូវថ្មីនេះរយៈពេល ២ សប្តាហ៍ ពោលគឺទៅដល់ថ្ងៃទី ០១ ខែ កញ្ញា ដើម្បីធានាឲ្យប្រាកដចំពោះសុវត្ថិភាព ហើយ សកម្មភាពពាណិជ្ជកម្ម នឹងត្រូវដាក់ដំណើរការនៅក្នុងរង្វង់ថ្ងៃទី ០១ ខែ តុលា ។
លោក ប៊ូឌី កាយ៉ា ស៊ុំម៉ាឌី (Budi Karya Sumadi ) រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីបានអះអាងថា កាលបរិច្ឆេទនៃការដាក់ឲ្យប្រើប្រាស់លើផ្លូវរថភ្លើងល្បឿនលឿននេះ ទោះបីជាកំណត់ប៉ុន្តែក៏អាចនឹងប្រែប្រួលផងដែរ ។
លោកបានបញ្ជាក់ថា លោកប្រធានាធិបតីបានប្រាប់ខ្ញុំថាកុំប្រញាប់ប្រញាល់។ លោកប្រធានាធិបតី យកអាទិភាពទីមួយគឺសុវត្ថិភាព... នេះគឺជារថភ្លើងល្បឿនលឿនដំបូងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងអាស៊ាន ហើយវាមានបច្ចេកវិទ្យាទំនើប ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន។
កាលពីខែមុន ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានប្រាប់ប្រធានាធិបតី ឥណ្ឌូនេស៊ីក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌូណេស៊ីទៅកាន់ប្រទេសចិនថា ប្រទេសទាំងពីរត្រូវតែធានាថាគម្រោងនេះប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់នៅពេលដែលវាជិតបញ្ចប់។
លោករដ្ឋមន្រ្តីបានអះអាងថា លោកដឹងរាល់ការពន្យារវាគឺជាការខាតបង់ ប៉ុន្តែយើងជាអ្នកបច្ចេកទេសគិតថាសុវត្ថិភាពគឺជារឿងសំខាន់បំផុត ហើយប្រធានាធិបតីបានពិចារណាលើផលវិបាកទាំងអស់៕
ដោយៈ សរ សុជាតិ