លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រាប់សារព័ត៌មានខេមបូណូមីសថា មុខរបរប្រពៃណីមួយចំនួនរបស់ពលរដ្ឋខ្មែរ ត្រូវបានជនបរទេសដណ្ដើមយកធ្វើអាជីវកម្មជាបន្តបន្ទាប់។ តាមការកត់សម្គាល់របស់អ្នកជំនាញរូបនេះ មានជនជាតិចិន និងជនជាតិវៀតណាមមួយចំនួន បានធ្វើសកម្មភាពប្រកបមុខរបររត់រ៉ឺម៉កកង់បី បើកតាក់ស៊ី និងមុខរបរតូចតាចផ្សេងទៀត ដែលករណីនេះទាមទារឱ្យរដ្ឋត្រូវរៀបចំយន្តការសាជាថ្មី ដើម្បីទប់ស្កាត់កុំឱ្យជនបរទេសដណ្ដើមមុខរបរក្នុងសង្គមបែបប្រពៃណីរបស់ពលរដ្ឋខ្មែរតទៅទៀត ខណៈស្ថានភាពសេដ្ឋកិច្ចកំពុងយ៉ាប់យ៉ឺន ហើយប្រាក់ចំណូល និងការចំណាយពុំមានតុល្យភាព។
សម្រាប់ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការមិនទប់ស្កាត់ជនបរទេសដែលកំពុងដណ្ដើមមុខរបរពីពលរដ្ឋខ្មែរ កំពុងធ្វើឱ្យពលរដ្ឋខ្មែរបាត់បង់មុខរបរជាបន្តបន្ទាប់យ៉ាងច្រើន។
យ៉ាងណាមិញ លោក វន់ ពៅ ស្នើឱ្យរាជរដ្ឋាភិបាលអនុវត្តវិធានការដូចបណ្ដាប្រទេសជិតខាងកម្ពុជា ដើម្បីធានាបាននូវមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ពលរដ្ឋខ្មែរ កុំឱ្យបាត់បង់ប្រាក់ចំណូល។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗ បានរៀបចំយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធសម្រាប់ឆ្នាំ២០២៣-២០២៨។ យុទ្ធសាស្ត្រនេះត្រូវបានគេរំពឹងថា នឹងជួយរំកិលអ្នកកំពុងប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលសំដៅដល់អ្នកមានអាជីវកម្មតូចតាច ឬអ្នកលក់ដូរក្នុងផ្សារ និងតាមដងផ្លូវ ក៏ដូចជាអ្នករត់ម៉ូតូឌុប ម៉ូតូកង់បីជាដើម ឱ្យមានភាពរីកលូតលាស់និងទទួលបានផលប្រយោជន៍ដូចអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដែរ។
យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងភាពជាក់ស្តែងមួយចំនួន ព្រមទាំងបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ និងគាំទ្រអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តឱ្យអ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជនានា ក៏ដូចជាដើម្បីបង្កភាពងាយស្រួយដល់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា៕