អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកដ៏សំខាន់ដល់សេដ្ឋកិច្ចកម្ពុជានៅក្នុងដឹកជញ្ជូនតាមផ្លូវអាកាសទាំងក្នុងតំបន់ និងក្រៅតំបន់។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោ សម្រេចបានជិត៧៦% ហើយគ្រោងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការដំណាក់កាលទី១នៅអំឡុងឆមាសទី១ឆ្នាំ២០២៥ ខាងមុខ។
ការគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងអំឡុងពេល ឯកឧត្តម ចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ព្រលានយន្តហោះនេះ និងទទួលស្វាគមន៍តំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ និងក្រុមហ៊ុនផ្តល់សេវាកម្មគាំទ្រការដឹកជញ្ជូនតាមផ្លូវអាកាសនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ ឯកឧត្តមអះអាងថា ទោះបីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យរាំងស្ទះដល់ការសាងសង់ក៏ដោយ តែក្រុមហ៊ុន Cambodia Airport Investment បានយកចិត្តទុកដាក់ខ្ពស់ និងពុះពារគ្រប់រាល់ឧបសគ្គ ដើម្បីសម្រេចការសាងសង់ឱ្យបានឆាប់តាមផែនការដូចបានគ្រោងទុក។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានតម្លៃវិនិយោគ១,៥០០លានដុល្លារសហរដ្ឋអាម៉េរិក គឺជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ១០% នៅក្នុងភាគហ៊ុន១០០%។
នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង៨ ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉េត ហើយចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៤មក ក្រុមហ៊ុន Emirates Airlines បានហោះហើរមកកម្ពុជាឡើងវិញពីទីក្រុង Dubai ដោយឆ្លងកាត់ប្រទេសសិង្ហបុរីជាលក្ខណៈសិទ្ធិហោះ ហើរទី៥។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង២លាននាក់ មានការកើនឡើង២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង១លាន៦សែននាក់។
មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា រដ្ឋលេខា ធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងបន្តអនុវត្តគោលនយោបាយបើកចំហជើងមេឃ ពង្រឹង សុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍ បន្តពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយាន ដ្ឋានជាតិនិងអន្តរជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងទ្វេភាគី និងពហុភាគី ព្រមទាំងបន្តកិច្ចប្រឹងប្រែងបង្កើនការហោះហើរត្រង់មកកាន់កម្ពុជាទាំងក្នុងតំបន់ តំបន់មជ្ឈិមបូព៌ា និងជាពិសេសអឺរុប៕
អត្ថបទ៖ បូ ដូឡា