តម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេស បានធ្លាក់ចុះ ជិត១ដុល្លារ៣០សេន ឬស្មើនឹងអត្រាធ្លាក់ចុះ ១,៨%ក្នុងមួយធុងបារ៉ែល ដែលមានតម្លៃមកនៅត្រឹមតែជាង ៦៩ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយធុងបារ៉ែល ខណៈដែលកាលពីសប្ដាហ៍មុនបានធ្លាក់ចុះដល់ទៅ ៦%។ តួលេខនេះ គឺជាការធ្លាក់ចុះ និងបង្កការខាតបង់ធំបំផុតប្រចាំសប្ដាហ៍ក្នុងរយៈពេល៤ខែមកនេះ។
បើមើលទៅលើទីផ្សារអាមេរិកវិញ ប្រេងឆៅបានធ្លាក់ចុះជិត១ដុល្លារ ៣០សេនដូចគ្នា ឬស្មើនឹងអត្រាធ្លាក់ចុះ ១,៩% ដោយតម្លៃប្រេងឆៅក្នុងមួយធុងបារ៉ែលមានតម្លៃប្រមាណ ៦៧ដុល្លារអាមេរិក បន្ទាប់ពីបានធ្លាក់ចុះជិត៧% កាលពីសប្ដាហ៍មុន ដែលជាតួលេខធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល៩ខែមកនេះ។
យ៉ាងណាមិញ ប្រេងបានធ្លាក់ចុះស្របពេលដែលប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមួយក្នុងរយៈពេល ៤ ខែមកនេះ ធៀបទៅនឹងប្រាក់អឺរ៉ូ។
អ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិបានអះអាងថា ការព្រួយបារម្ភអំពីការធ្លាក់ចុះតម្រូវការប្រេងនៅលើពិភពលោកជាថ្មីម្ដងទៀតនេះ ចំពេលនៃការកើនឡើងនៃការឆ្លងរីករាលដាលជំងឺកូវីដ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ឌែលតា។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានចាត់ទុកថា ការដាក់ចេញវិធានការវឹតត្បិតនៅក្នុងប្រទេសចិន ដែលជាប្រទេសមានការប្រើប្រាស់ប្រេងធំជាងគេបំផុតទី២ក្នុងលោក គឺជាកត្តាចម្បងមួយក្នុងការធ្វើឲ្យទស្សនវិស័យអំពីតម្រូវការប្រេងស្ថិតក្នុងភាពស្រពេចស្រពិល។
ការដាក់ចេញវិធានការទប់ស្កាត់កូវីដ-១៩របស់ចិន បានតម្រូវឲ្យជើងហោះហើរត្រូវបានផ្អាក និងព្រមានពីការធ្វើដំណើរឆ្លងកាត់ទីក្រុងរហូតដល់ ៤៦ទីក្រុង និងមានការរឹតបន្ដឹងលើការធ្វើដំណើរសាធារណៈ និងសេវាតាក់ស៊ីនៅក្នុងតំបន់ជាង១៤០កន្លែងផងដែរ៕
អត្ថបទ៖ ស៊ើង និមល់