ថ្លែងក្នុងបទសម្ភាសជាមួយទូរទស្សន៍ CNBC លោក យ៉ុង លឺ (Young Liu) នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Foxconn បាននិយាយថា ការរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិតនៅតែត្រូវការពេលវេលាដើម្បីអាប់ដេតថែមទៀតនៅឡើយ ដោយសារតែគំរូភាសាសំខាន់ៗដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន OpenAI កាន់តែមានភាពឆ្លាតវៃជាងមុន។
លោក លឺ បាននិយាយថា សកម្មភាពទូទៅនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាបច្ចុប្បន្ននេះកំពុងមាននិន្នាការឆ្ពោះទៅរកទម្រង់បញ្ញាសិប្បនិម្មិតដែលមានភាពវៃឆ្លាតជាងមនុស្សទៅទៀត ពោលគឺជាប្រភេទ AI ម្យ៉ាងដែលគេហៅថា«បញ្ញាសិប្បនិម្មិតទូទៅ ឬហៅកាត់ថា AGI»។
បច្ចុប្បន្នក្រុមហ៊ុន OpenAI កំពុងឈានមុខគេមួយក្នុងការជំរុញឱ្យបង្កើតកម្មវិធី AGI នេះឡើង ហើយលោក សេម អាល់ម៉េន (Sam Altman) នាយកប្រតិបត្តិក្រុមហ៊ុននេះធ្លាប់បាននិយាយកាលពីមុនថា កម្មវិធី AGI នឹងត្រូវអភិវឌ្ឍន៍នៅក្នុងពេលអនាគតឆាប់ៗនេះ ប៉ុន្តែលោកក៏គិតដែរថា វានឹងផ្លាស់ប្តូរការងារតិច ជាងច្រើន បើធៀបនឹងអ្វីដែលលោកធ្លាប់គិតពីមុនមក។
ក្រុមហ៊ុន OpenAI បានបង្ហាញកាលពីសប្តាហ៍មុនថា ខ្លួនបានរៃអង្គាសប្រាក់បាន៦,៦ពាន់លានដុល្លារ ដែលធ្វើឱ្យក្រុមហ៊ុននេះមានតម្លៃប្រមាណ១៥៧ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុននេះកំពុងធ្វើការឆ្ពោះទៅរកការចេញកម្មវិធី GPT-5 ជំនាន់ថ្មីបង្អស់របស់ខ្លួន ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ។
លោក លឺ បាននិយាយថា ការរីកចម្រើនឆ្ពោះទៅរកបញ្ញាសិប្បនិម្មិតកាន់តែឆ្លាតវៃបែបនេះអាចជារឿងល្អសម្រាប់ឧស្សាហកម្មម៉ាស៊ីនសេវើបញ្ញាសិប្បនិម្មិត ដែលផ្ដល់អត្ថប្រយោជន៍ដ៏សំខាន់ដល់កំណើនរបស់ក្រុមហ៊ុន Foxconn នៅឆ្នាំនេះ៕
អត្ថបទ៖ សុខ មង្គល