ជាក់ស្តែង ទាក់ទងនឹងឱកាសការងារ និងអាជីវកម្មនៅទីក្រុងយ៉ាងហ្គូន ដែលជាទីក្រុងមួយស្ថិតនៅប្រទេសមីយ៉ាន់ម៉ានេះ ហាក់ដូចជានៅមានសភាពតូចចង្អៀតនៅឡើយ។ តូចចង្អៀតដោយសារតែទីក្រុងនេះកំពុងខ្វះខាតនូវការផ្គត់ផ្គង់អាជីវកម្ម និងការងារមួយចំនួនដើម្បីបំពេញតម្រូវការរស់នៅប្រចាំថ្ងៃសម្រាប់ប្រជាជននៅទីនោះ។ ហើយនេះគឺជាឱកាសល្អបំផុតសម្រាប់ប្រជាជនខ្មែរ ដែលចង់ប្រើប្រាស់ថវិកានិងទុនដែលខ្លួនមានស្រាប់ ដើម្បីវិនិយោគលើអាជីវកម្មមួយចំនួន នៅទីក្រុងយ៉ាងហ្គូន។
១. អាជីវកម្មសាងសង់និងសំណង់ស៊ីវិល
យើងសង្កេតមើលឃើញថា មីយ៉ាន់ម៉ាគឺជាប្រទេសមួយដែលកំពុងស្ថិតនៅក្រោមការអភិវឌ្ឍនៅឡើយ។ ដូច្នេះហើយ ការដាក់ទុនទៅលើអាជីវកម្មសាងសង់ និងការធ្វើសំណង់ស៊ីវិលផ្សេងៗ គឺជាឱកាសមួយដែលល្អបំផុតដែលប្រជាជនខ្មែរអាចពិចារណាដាក់ទុនក្នុងការវិនិយោគទៅលើវិស័យនេះ។
២. ភោជនីយដ្ឋាន ហាងកាហ្វេ និងទីផ្សារលក់សម្ភារៈផ្សេងៗ
ជាទូទៅ មីយ៉ាន់ម៉ាហាក់ដូចជាមានភាពខ្វះខាតនៅក្នុងការផ្គត់ផ្គង់របបអាហារហូបចុក និងសម្ភារៈផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃជាដើម ដែលមានដូចជា អាហារបរិភោគប្រចាំថ្ងៃ គ្រឿងទេស សម្ភារៈសំណង់ ការិយាល័យ ឬសិក្សា សម្ភារៈផ្ទះបាយ ព្រមគ្នាជាមួយនឹងភេសជ្ជៈផ្សេងៗ រួមមាន កាហ្វេជាដើម។ ភាពខ្វះខាតនេះ បានបង្កផលវិបាកជាច្រើនសម្រាប់ប្រជាជនដែលរស់នៅទីនោះ ក៏ដូចជាជនបរទេស ឬវិនិយោគិនផ្សេងៗ ដែលកំពុងប្រកបរបរការងារនៅទីនោះ។ ហេតុដូច្នេះហើយ សម្រាប់ប្រជាជនខ្មែរដែលមានចំណូលចិត្តក្នុងការវិនិយោគលើផ្នែកភោជនីយដ្ឋាន និងហាងកាហ្វេ និងទីផ្សារផ្គត់ផ្គង់សម្ភារៈផ្សេងៗ គួរតែពិចារណាបោះទុននៅទីក្រុងយ៉ាងហ្គូននេះ។
៣. ការជួល ឬលក់អាផាតមេន ផ្ទះ ខុនដូ និងសណ្ឋាគារ
បច្ចុប្បន្ន យ៉ាងហ្គូន គឺជាទីក្រុងមួយដែលសម្បូរទៅដោយជនបរទេសដែលបានធ្វើការចំណាកស្រុកពីប្រទេសរបស់ខ្លួនដើម្បីប្រកបរបរ និងការងារនៅទីនេះ។ មួយវិញទៀត គេក៏សង្កេតឃើញនូវការហូរចូលនៃភ្ញៀវទេសចរណ៍ទៅទស្សនាតំបន់ទេសចរណ៍ផ្សេងៗនៅទីនោះ ផងដែរ។
យ៉ាងណាមិញ ពួកគេហាក់ដូចជាមានការរអ៊ូរទាំជុំវិញតម្លៃជារួម នៃអាផាតមេន ផ្ទះ ខុនដូ និងសណ្ឋាគារនៅទីនោះ។ បើទោះបីជាមានការមិនពេញចិត្តចំពោះតម្លៃយ៉ាងណា ក៏ពួកគេត្រូវតែសម្រេចចិត្តទទួលយកនូវតម្លៃនេះ ដោយសារតែការផ្គត់ផ្គង់អាផាតមេន ផ្ទះ ខុនដូ និងសណ្ឋាគារ នៅមានតិចតួចនៅឡើយ។
៤. ការបើកសាលារៀនឯកជនផ្សេងៗ
ទាក់ទងទៅនឹងការផ្គត់ផ្គង់លើផ្នែកសាលារៀន ទីក្រុងយ៉ាងហ្គូនហាក់នៅមានភាពខ្វះខាតច្រើននៅលើការបើកសាលារៀនអន្តរជាតិ ដែលមានគុណភាពល្អ សម្រាប់បំពេញសេចក្តីត្រូវការ និងការពង្រឹងទៅលើវិស័យអប់រំ នៅឡើយ។ ដូចនេះ សម្រាប់ប្រជាជនខ្មែរដែលមានគោលបំណងក្នុងការបង្កើតសាលាអន្តរជាតិ សាលាបណ្តុះបណ្តាលលើផ្នែកភាសា និងសាលាបណ្តុះបណ្តាលលើជំនាញ ទីក្រុងយ៉ាងហ្គូន គឺជាទិសដៅដែលមានសក្តានុពលជាទីបំផុត។
គួរកត់សម្គាល់ថា កម្ពុជាមានជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងយ៉ាងហ្គូនរួចហើយ ដោយជារៀងរាល់ថ្ងៃ មានជើងហោះហើរត្រង់តាមរយៈក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត ដោយចាប់ផ្តើមចេញដំណើរនៅវេលាម៉ោង ១១:១០នាទីយប់ ហើយទៅដល់ទិសដៅនៅវេលាម៉ោង ១២ និង៤០នាទី រំលងអធ្រាត្រ៕