
ពីមួយថ្ងៃទៅមួយថ្ងៃចេះតែកើតមានសញ្ញាលេចឡើងកាន់តែច្រើន ដែលបង្ហាញថា ការដំឡើងពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ កំពុងធ្វើឱ្យក្រុមហ៊ុនសហគ្រាសនានា កាន់តែមានការប្រុងប្រយ័ត្នខ្លាំងឡើងៗ។ ពេលនេះ ក្រុមហ៊ុនសហគ្រាសនានា បានព្រមានថា គោលនយោបាយពាណិជ្ជកម្មដែលពិបាកប៉ាន់ស្មានរបស់លោក ត្រាំ និងការគំរាមដំឡើងពន្ធរបស់លោកកំពុងជះផលប៉ះពាល់ដល់ឧស្សាហកម្មជាច្រើន ខណៈដែលអតិថិជនជាអ្នកប្រើប្រាស់កាត់បន្ថយការចាយវាយគ្រប់ផ្នែករាប់ចាប់ពីទំនិញ មូលដ្ឋានរហូតដល់ការធ្វើដំណើរ។
គោលនយោបាយពន្ធគយរបស់លោក ដូណាល់ ត្រាំ ដែលម្ដងបែបនេះ ម្ដងបែបនោះ ដាក់ទៅលើប្រទេសជាដៃគូពាណិជ្ជកម្មធំៗបានធ្វើឱ្យទីផ្សារនានា ជ្រួលច្របល់ និងនាំឱ្យក្រុមហ៊ុនសហគ្រាសនានា ព្រមានថា ពួកគេប្រហែលជាត្រូវបង្ខំចិត្តដំឡើងថ្លៃទំនិញដែលអាចធ្វើឱ្យអតិផរណាកើនឡើង និងធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។
កាលពីថ្ងៃទី១១ ខែមីនា លោក ដូណាល់ ត្រាំ បានធ្វើឱ្យភាពតានតឹងកាន់តែឡើងកម្ដៅថែមទៀត នៅពេលដែលលោកបានប្រកាសដំឡើងពន្ធរហូតដល់ទៅ៥០% លើដែកថែក និងអាលុយមីញ៉ូមដែលនាំចូលពីប្រទេសកាណាដា ខណៈដំបូងឡើយ លោកគ្រោងដំឡើងពន្ធត្រឹមតែ២៥% ប៉ុណ្ណោះ។
លោក ដូណាល់ ត្រាំ បានទទូលស្គាល់ថា គោលនយោបាយរបស់លោកអាចបង្កផលប៉ះពាល់រយៈពេលខ្លី ប៉ុន្តែបណ្ដាវិនិយោគិនបានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ។ ការព្រួយបារម្ភទាំងអស់នេះបានបណ្ដាលឱ្យវិនិយោគិនសម្រុកលក់ចេញភាគហ៊ុនយ៉ាងគំហុក ដែលធ្វើឱ្យផ្សារហ៊ុនអាម៉េរិក S&P 500 ខាតបង់ធ្ងន់ធ្ងររហូតដល់ទៅជិត៥ពាន់ពាន់លានដុល្លារ (៥ទ្រីលានដុល្លារ)ឯណោះ។
លោក ផេទ្រីក ខេស័រ (Patrick Kaser) នាយកគ្រប់គ្រងក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ Brandywine Global ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានលើកឡើងថា សេតវិមាន បានធ្វើឱ្យកក្រើកទីផ្សារដែលមានស្ថិរភាព ហើយថា ភាពជ្រួលច្របល់នេះកើតចេញពីភាពមិន
ប្រាកដប្រជាជុំវិញគោលដៅរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ។ លោកបានចោទជាសំណួរថា ហេតុអ្វីបានជាសហរដ្ឋអាម៉េរិក ត្រូវដំឡើងពន្ធធ្វើបាបប្រទេសកាណាដា?
ទោះបីជាទីផ្សារជួបការលំបាកយ៉ាងណាក្ដី ក៏នាយកប្រតិបត្តិភាគច្រើនបានជៀសវាងការរិះគន់គោលនយោបាយពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ។ ផ្ទុយទៅវិញ ពួកគេបានត្រឹមតែបន្ទោសភាពមិនប្រាកដប្រជាចំពោះការធ្វើឱ្យទំនុកចិត្តក្នុងទីផ្សារធ្លាក់ចុះ។ ទន្ទឹមនេះ ក្រុមទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ដូណាល់ ត្រាំ បាននិយាយសម្រាលការព្រួយបារម្ភនានា ហើយអះអាងថា បញ្ហាប្រឈមរយៈពេលខ្លី គឺសមនឹងតម្លៃ ព្រោះវាចាំបាច់ណាស់សម្រាប់បង្កើនផលិតកម្មក្នុងស្រុកនៅលើទឹកដីសហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម