ទូរស័ព្ទ iPhone 15 ប្រឈមមុខនឹងបញ្ហាមួយចំនួននៅប្រទេសចិន

តើអ្វីជាកត្តាប្រឈមសម្រាប់ការលក់ iPhone 15 នៅលើទីផ្សារក្នុងប្រទេសចិន?


ក្រុមហ៊ុន Apple ហាក់ដូចជាកំពុងប្រឈមមុខនឹងបញ្ហាអនាគតដ៏អាប់អួនៅប្រទេសចិនក្នុងការកំពុងប្រជែងជាមួយក្រុមហ៊ុន Huawei របស់ចិន ដែលទើបបានបញ្ចេញទូរស័ព្ទថ្មីប្រើអ៊ីនធឺណិត 5G នៅពេល២ថ្ងៃមុនពេលក្រុមហ៊ុនអាមេរិកនេះនឹងបញ្ចេញលក់ទូរស័ព្ទ iPhone 15 ។
ទូរស័ព្ទ iPhone 15 ប្រឈមមុខនឹងបញ្ហាមួយចំនួននៅប្រទេសចិន
ដោយ

ប៉ុន្តែអ្នកចូលរួមឧស្សាហកម្មនេះ និងអ្នកវិភាគបាមនិយាយថា អ្នកគាំទ្រទំនងជានៅតែពេញចិត្តផលិតផលរបស់ក្រុមហ៊ុន Apple ហើយថា បញ្ហាដែលក្រុមហ៊ុនផលិតទូរស័ព្ទអាមេរិកនេះប្រឈមបំផុតនៅចិននោះ គឺកង្វះមុខងារថ្មី ដើម្បីទាក់ទាញចំណាប់អារម្មណ៍នៅក្នុងទូរស័ព្ទ iPhone 15 និងទស្សនវិស័យសេដ្ឋកិច្ចជារួម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។

ការព្រួយបារម្ភចំពោះការទប់ស្កាត់របស់រដ្ឋាភិបាលចិន ដែលអាចជះឥទ្ធិពលដល់ការលក់ទូរស័ព្ទ iPhone បានអូសទាញភាគហ៊ុនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះជិត៥% នៅចន្លោះថ្ងៃទី៥ ខែកញ្ញា ជាពេលដែលចិនបានចាប់ផ្ដើមរឹតបន្តឹងការប្រើទូរស័ព្ទ iPhone លើកដំបូងរហូតដល់ថ្ងៃទី១១ ខែកញ្ញា ពោលគឺនៅមុនពេលប៉ុន្មានថ្ងៃនៃការចាប់ផ្ដើមលក់ទូរស័ព្ទរបស់ក្រុមហ៊ុន Apple។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះជិត២%បន្ថែមទៀតជាមួយតម្លៃជាង១៧៦ដុល្លារក្នុងមួយហ៊ុនកាលពីថ្ងៃអង្គារ បន្ទាប់ពីព្រឹត្តិការណ៍សម្ពោធលក់ទូរស័ព្ទ iPhone 15។

លោក ដេន អាយស៍ (Dan Ives) នាយកគ្រប់គ្រងផ្សារហ៊ុន Wedbush Securities បាននិយាយដោយសំដៅទៅដល់ទង្វើរបស់ចិនថា លោកជឿថា ការព្រុសគឺអាក្រក់ជាងខាំទៅទៀត។ លោក អាយស៍ បានពន្យល់ថា វាពិតជាអាចមានការផ្ទុះឡើង ប៉ុន្តែលោកចាត់ទុកចិនជាហានិភ័យមួយដែលអាចទប់ទល់។ លោកបានបន្ថែមថា នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ការហាមប្រាមរបស់រដ្ឋាភិបាលចិននឹងប៉ះពាល់ដល់ទូរស័ព្ទ iPhone ចំនួន៥០ម៉ឺនគ្រឿងក្នុងចំណោមប្រហែល៤៥លានគ្រឿង ដែលគ្រោងនឹងដាក់លក់នៅក្នុងប្រទេសចិនក្នុងរយៈពេល១២ខែខាងមុខទៀតនេះ។

សារព័ត៌មាន Nikkei Asia បានរាយការណ៍នៅថ្ងៃពុធនេះថា ការរឹតបន្តឹងលើការប្រើប្រាស់ iPhone របស់បុគ្គលិករដ្ឋាភិបាលកណ្តាលកំពុងត្រូវបានពង្រីកដល់រដ្ឋាភិបាលក្នុងតំបន់ និងក្រុមហ៊ុនរដ្ឋផងដែរ។ ទោះជាវាហាក់ដូចជាមានភាពតានតឹងសម្រាប់ក្រុមហ៊ុន Apple ក៏ពិតមែន ប៉ុន្តែចិននៅតែស្ថិតក្នុងចំណោមប្រទេស និងតំបន់ចំនួន៤០ដំបូង ដែលមានលក់ទូរស័ព្ទ iPhone 15 នៅថ្ងៃទី២២ ខែកញ្ញា ហើយអ្នកគាំទ្រទូរស័ព្ទស៊េរីថ្មីនេះកំពុងត្រៀមខ្លួនសម្រាប់ការចេញផ្សាយរបស់ទូរស័ព្ទស៊េរីថ្មីនេះ។

លោក បិន វូដ ជាប្រធានអ្នកវិភាគនៅក្រុមហ៊ុន CCS Insight បាននិយាយថា ទូរស័ព្ទ iPhone គឺនៅតែជាឧបករណ៍ដ៏ពេញនិយមបំផុតក្នុងចំណោមអ្នកប្រើនៅប្រទេសចិន។ បើទោះជារដ្ឋាភិបាលចិនអាចនឹងដាក់កម្រិតលើទូរស័ព្ទនេះពិតមែន ប៉ុន្តែលោក វូដ រំពឹងថា វានឹងគ្មានការរំខានដល់ការលក់ iPhone នៅក្នុងប្រទេសចិននោះទេ។

អ្វីដែលជាបញ្ហាប្រឈមសម្រាប់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិននោះ គឺកង្វះមុខងារថ្មីនៅក្នុងទូរស័ព្ទដើម្បីទាក់ភ្នែករបស់អ្នកប្រើឱ្យកាន់តែទំនើប គឺមិនមែនជាការបង្ក្រាបរបស់រដ្ឋាភិបាលចិន ឬក៏ក្រុមហ៊ុនផលិតទូរស័ព្ទ Huawei របស់ចិននោះដែរ។

មានកត្តាប្រឈមមួយចំនួនដែលអាចប៉ះពាល់ដល់ការលក់ iPhone 15 នាពេលខាងមុខនេះគឺការខ្វះបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនមុខងារថ្មីនៅក្នុងទូរស័ព្ទនេះ បណ្ដាលមកពីការរឹតបន្តឹងការនាំចេញបន្ទះឈីបរបស់អាមេរិកចូលទៅប្រទេសចិន។ បញ្ហាមួយទៀត គឺលក្ខខណ្ឌសេដ្ឋកិច្ចធ្លាក់ចុះនៅប្រទេសចិន ដែលធ្វើឱ្យអ្នកប្រើមិនទាន់នឹកចង់ប្ដូរ ឬក៏ដំឡើងស៊េរីទូរស័ព្ទថ្មីរបស់ពួកគេដោយសារពួកគេជាប់រវល់ទប់ទល់នឹងការចំណាយសម្រាប់សម្ភារៈចាំបាច់ប្រចាំថ្ងៃជាដើម៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ចិនដីគោកក្តោបចំណែក៥៥%លើការវិនិយោគក្នុងវិស័យកាត់ដេរ ខណៈកម្ពុជាកំពុងខិតខំទាក់ទាញការវិនិយោគពីអឺរ៉ុប និងលោកខាងលិច

ក្រុមហ៊ុនវិនិយោគមកពីចិនដីគោកកំពុងក្តោបចំណែកទីផ្សារប្រមាណ៥៥% លើការវិនិយោគក្នុងវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅ…

រដ្ឋាភិបាលថៃថ្មីប្ដេជ្ញាដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថៃឲ្យដល់កម្រិតជាង១១ដុល្លារ

រដ្ឋាភិបាលថៃថ្មីដែលដឹកនាំដោយលោក ស្រ៊ីថា ថាវីស៊ីន ជានាយករដ្ឋមន្រ្តី បានប្រកាសពីការប្តេជ្ញាចិត្តដើម្បីដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់កម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ