ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានមើលឃើញថា ក្នុងវិបត្តិតែងតែមានឱកាសសម្រាប់អ្នកវិនិយោគលើវិស័យអចលនទ្រព្យដើម្បីប្រាក់ចំណេញ។ ព្រោះក្នុងវិបត្តិ វាអាចធ្វើឲ្យតម្លៃអចលនវត្ថុមានការថមថយចុះ ដ្បិតមនុស្សមួយចំនួនត្រូវការលក់អចលនទ្រព្យ ដើម្បីយកលុយមកទ្រទ្រង់ដំណើរការអាជីវកម្ម ឬដោះស្រាយការចំណាយផ្សេងៗ។
ប៉ុន្តែ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL រូបនេះ បានសង្កត់ធ្ងន់ថា ឱកាសមិនមែនអាចកើតឡើងសម្រាប់មនុស្សគ្រប់គ្នានោះទេ ពោលគឺទាល់តែបុគ្គលនោះមានលទ្ធភាពគ្រប់គ្រាន់ និងហ៊ានការប្រថុយថានខ្ពស់។
ជាមួយគ្នានេះ អ្នកជំនាញដែលមានពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យអចលនទ្រព្យរូបនេះ បានលើកឡើងជាទស្សនៈ និងកត្តាគួរជៀសវាងមួយចំនួនសម្រាប់អ្នក ដែលមានបំណងចង់វិនិយោគលើវិស័យអចលទ្រព្យក្នុងកាលៈទេសៈបច្ចុប្បន្ននេះផងដែរ។
ទោះបច្ចុប្បន្ន ចរន្តនៃការទិញលក់ ឬជួលអចលនវត្ថុមានការធ្លាក់ចុះបន្តិចក៏ពិតមែន តែឧកញ៉ា ចេង ខេង សង្កេតឃើញថា តម្លៃអចលនទ្រព្យនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តពុំមានការធ្លាក់ចុះខ្លាំងនោះទេ តែវានៅមានសភាពនៅទ្រឹង។
បើតាមអ្នកជំនាញផ្នែកអចលនទ្រព្យ បានវាយតម្លៃថា អចលនទ្រព្យ ដែលរងផលប៉ះពាល់ខ្លាំងក្នុងអំឡុងពេលនេះ ជាប្រភេទអចលនទ្រព្យដែលតម្លៃខ្ពស់ ខណៈអចលនវត្ថុ ដែលមានតម្លៃសមរម្យមិនសូវរងផលប៉ះពាល់ខ្លាំងនោះទេ៕