កាលពីថ្ងៃពុធ ទី១ ខែវិច្ឆិកា មានសេចក្តីរាយការណ៍មកថា យ៉ាងហោចណាស់មានពលរដ្ឋបរទេសចំនួន៣២០នាក់នៅក្នុងបញ្ជីឈ្មោះដំបូងចំនួន៥០០នាក់ ក៏ដូចជាប្រជាជនហ្គាហ្សា ដែលរងរបួសយ៉ាងធ្ងន់ធ្ងរជាច្រើននាក់បានឆ្លងចូលទៅក្នុងប្រទេសអេហ្ស៊ីបហើយ ក្រោមកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល អេហ្ស៊ីប និងក្រុមហាម៉ាស។ ក្នុងនោះអ្នកដែលមានលិខិតឆ្លងដែនមកពីប្រទេសអូស្ត្រាលី អូទ្រីស ប៊ុលហ្គារី សាធារណរដ្ឋឆេក ហ្វាំងឡង់ ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន ហ្ស៊កដានី ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក ទើបអាចឆ្លងចូលបាន។
បើតាមមន្ត្រីហ្កាហ្សា បាននិយាយថា ច្រកព្រំដែនរ៉ាហ្វា ដែលភ្ជាប់ពីតំបន់ហ្កាហ្សាចូលទៅអេហ្ស៊ីបនឹងបើកឡើងវិញនៅថ្ងៃព្រហស្បតិ៍ ដូច្នេះជនបរទេសជាច្រើនទៀតអាចចាកចេញបាន។ ប្រភពការទូតមួយបាននិយាយថា អ្នកកាន់លិខិតឆ្លងដែនបរទេសប្រមាណ៧,៥០០នាក់ នឹងបន្តចាកចេញពីតំបន់ហ្គាហ្សាក្នុងរយៈពេលប្រហែលពីរសប្តាហ៍ខាងមុខ។ យ៉ាងណា មកទល់នឹងពេលនេះ មានមនុស្សជិត៩ពាន់នាក់ហើយបានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលមានកុមារជាង៣ពាន់៦រយនាក់។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា។
ស្របពេលជាមួយគ្នានេះ យោធាអ៊ីស្រាអែល នៅថ្ងៃអង្គារ និងថ្ងៃពុធ បានវាយប្រហារទៅលើជំរុំជនភៀសខ្លួន Jabalia ដែលជាជំរុំធំបំផុតមួយនៅហ្កាហហ្សា និងបានអះអាងថា បានសម្លាប់មេបញ្ជាការក្រុមហាម៉ាសពីរនាក់ និងបំផ្លាញទីស្នាក់ការបញ្ជាការ រួមទាំងហេដ្ឋារចនាសម្ព័ន្ធនៅក្រោមដី និងជុំវិញអគារជំរុំនោះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស ភ្លាមៗក្រោយការវាយប្រហារកាលពីថ្ងៃពុធ ត្រូវបានរាយការណ៍ថា មានជនស៊ីវិលប៉ាឡេស្ទីន ប្រមាណ១៩៥ស្លាប់ ១២០នាក់ បានបាត់ខ្លួន និងជិត៨រយនាក់ទៀតរងរបួស។ មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ការវាយប្រហារលើជំរុំជនភាសខ្លួនពីសំណាក់អ៊ីស្រាអែលនេះ អាចចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម។
ទន្ទឹមគ្នានេះ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានដាក់ពង្រាយកប៉ាល់មីស៊ីលនៅក្នុងសមុទ្រក្រហមកាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីចលនាក្រុមហួធីដែលមានអ៊ីរ៉ង់នៅពីក្រោយ បានបាញ់មីស៊ីល និងដ្រូនជាច្រើនសំដៅលើអ៊ីស្រាអែល ដោយក្រុមនេះប្តេជ្ញាបង្កើនការបាញ់ប្រហារបន្ថែមទៀត។
ទោះយ៉ាងណា មីស៊ីលនិងដ្រូនទាំងនោះមិនបានបណ្តាលឱ្យមានការខូតខាតអ្វីនោះទេ ក្រោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលស្ទាក់ចាប់បានទាំងយប់។ បើតាមអ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែលលោក Tzachi Hanegbi បានហៅទង្វើនេះថា ជារឿងដែលមិនអាចលើកលែងឱ្យបាន។
មែនទែនទៅ ក្រុមហួធីនៅក្នុងប្រទេសយេម៉ែន គឺជាក្រុមចលនាប្រដាប់អាវុធប្រឆាំងនឹងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល និងដែលមានអ៊ីរ៉ង់ជាបងធំនៅពីក្រោយ។ ក្រុមនេះបានប្រកាសគាំទ្រហាម៉ាសតាំងពីដើមដំបូងម្លេះ និងដោយបានប្រកាសកាលពីថ្ងៃអង្គារនេះថា កងកម្លាំងខ្លួនបានបាញ់មីស៊ីលប៉ាឡេស្ទិក និងយន្តហោះគ្មានមនុស្សបើកក្នុងចំនួនមួយដ៏ធំ ឆ្ពោះទៅរកអ៊ីស្រាអែល ហើយនឹងមានការវាយប្រហារបែបនេះបន្ថែមទៀត ដើម្បីជួយប៉ាឡេស្ទីនឱ្យទទួលបានជ័យជំនះ។
ក្នុងពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមៀរ៉ាដូឡាហៀន (Hossein Amirabdollahian) កាលពីថ្ងៃពុធ បានព្រមានពីផលវិបាកដ៏អាក្រក់ ប្រសិនបើការវាយប្រហារនៅតែបន្តលើតំបន់ហ្គាហ្សា ដែលជាការព្រមានចុងក្រោយបង្អស់ពីប្រទេសនេះ ដែលបានប្រកាសគាំទ្រហាម៉ាស និងជាបងធំរបស់ក្រុមសកម្មប្រយុទ្ធផ្សេងទៀតក្នុងតំបន់៕