យោងតាមសេចចក្តីថ្លែងការណ៍មួយចេញដោយការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ស្ត្រីនិងកុមារចំនួន៥០នាក់នឹងត្រូវដោះលែងក្នុងរយៈពេល៤ថ្ងៃ ហើយក្នុងអំឡុងពេលនោះ ក៏នឹងមានការផ្អាកការប្រយុទ្ធគ្នាផងដែរ។
មុនការប្រកាសនេះ លោក នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានជួបជាមួយគណៈរដ្ឋមន្ត្រី និងក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីពិភាក្សាលើបញ្ហានេះ។ បន្ទាបពីជំនួបនោះ លោក បាននិយាយថា អន្តរាគមន៍របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជួយធ្វើឱ្យមានកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយនេះកើនឡើង។ ទោះយ៉ាងណា លោក ថាគោលដៅធំរបស់អ៊ីស្រាអែល គឺមិនបានផ្លាស់ប្តូរទេ នោះគឺកម្ទេចហាម៉ាសឱ្យក្លាយជាផេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល កាដោះលែងចំណាប់ខ្មាំងដំបូងប្រហែលនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ គួររំលឹកឡើងវិញថា ក្រុមហាម៉ាសត្រូវបានគេជឿថា កំពុងមានចំណាប់ខ្មាំងជាង២០០នាក់ក្នុងដៃ ដែលខ្លួនបានចាប់ក្នុងការវាយឆ្មក់ចូលអ៊ីស្រាអែលកាលពីថ្ងៃទី៧ តុលា និងបានសម្លាប់ជនស៊ីវិលអ៊ីស្រាអែល១ពាន់២រយនាក់។
ទោះយ៉ាងណា មុនឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងនេះ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាជាងមួយខែមកនេះ បានធ្វើឱ្យជនស៊ីវិលប៉ាឡេស្ទីនប្រមាណជាង១ម៉ឺន៣ពាន់នាក់បានស្លាប់ និងមនុស្សជាង២លាន៣សែននាក់ទៀតបាត់បង់ផ្ទះសម្បែង។ នេះបើតាមអាជ្ញាធរនៅហ្គាហ្សាគ្រប់គ្រងដោយហាម៉ាស។
យ៉ាងណាមិញ កាលពីថ្ងៃអង្គារ នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូមួយ នៃកិច្ចប្រជុំមេដឹកនាំប្រទេស BRICS ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានអំពាវនាវឲ្យមានការដោះលែងអ្នកជាប់ឃុំជនស៊ីវិល និងមានបទឈប់បាញ់ជាបន្ទាន់ក្នុងសង្គ្រាមនៅហ្កាហ្សា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក ស៊ី ក៏បានអំពាវនាវឱ្យមានសន្និសីទសន្តិភាពអន្តរជាតិ ដើម្បីដោះស្រាយជម្លោះនេះដែរ។ ទន្ទឹមនឹងនេះ លោក ស៊ី ជិនពីង បានលើកឡើងទៀតថា មានតែដំណោះស្រាយរដ្ឋពីរប៉ុណ្ណោះ ទើបអាចនាំមកនូវសន្តិភាពយូរអង្វែងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបាន។
ក្នុងន័យនេះ លោក ចង់សង្កត់ធ្ងន់ថា ចិនគាំទ្រសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន និងការបង្កើតរដ្ឋឯករាជ្យប៉ាឡេស្ទីនមួយ។ គ្មានសន្តិសុខនៅមជ្ឈិមបូព៌ាទេ បើគ្មានដំណោះស្រាយត្រឹមត្រូវចំពោះសំណួរ ដែលចោទឡើងចំពោះប៉ាឡេស្ទីន។
មេដឹកនាំកំពូល ក៏បានថ្លែងប្រាប់មេដឹកនាំ BRICS តាមអនឡាញនោះដែរថា ប្រទេសចិនបានបញ្ជូនជំនួយមនុស្សធម៌ដល់ប្រជាជននៅតំបន់ហ្គាហ្សា រួមទាំងថវិកាសង្គ្រោះបន្ទាន់ចំនួន២លានដុល្លារតាមរយៈអង្គការសហប្រជាជាតិ និងអាជ្ញាធរប៉ាឡេស្ទីន ព្រមទាំងជំនួយ២លានដុល្លារទៀតជាស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តតាមរយៈប្រទេសអេហ្ស៊ីបចូលទៅក្នុងតំបន់សង្រ្គាមនេះ។
ទោះយ៉ាងណា គេមើលឃើញថា នេះគឺជាសុន្ទរកថាជាសាធារណៈលើកដំបូងរបស់ប្រធានាធិបតីចិនអំពីជម្លោះនៅហ្កាហ្សា ដែលបានផ្ទុះឡើងជិតពីរខែមកហើយ៕