ថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅទីក្រុង ថែល អាវី កាលពីថ្ងៃសៅរ៍ លោក នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា «ប្រតិបត្តិការសឹកលើកនេះនឹងមានរយៈពេលយូរ និងស្មុគស្មាញ។ លោកគូសបញ្ជាក់ថា គោលបំណងនៃការវាយលុកលុយនេះ គឺច្បាស់ណាស់ ដើម្បីកម្ទេចក្រុមហាម៉ាសទាំងនៅលើដី និងក្រោមដី ព្រមទាំងរំដោះចំណាត់ខ្មាំងទាំងអស់មកផ្ទះវិញ»។
លោកបានសង្កត់ធ្ងន់ថា ប្រតិបត្តិការសឹកនេះទើបតែចាប់ផ្តើមប៉ុណ្ណោះ និងអំពាវនាវឱ្យជនស៊ីវិលប៉ាឡេស្ទីនទាំងអស់បន្តជម្លៀសខ្លួនទៅភាគខាងជើងតំបន់ហ្កាហ្សា។ អ៊ីស្រាអែល បានបញ្ជូនកងទ័ព និងរថក្រោះចូលទៅក្នុងតំបន់ហ្គាហ្សាកាលពីយប់ថ្ងៃសុក្រ និងផ្តោតការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងបណ្តាញផ្លូវរូងក្រោមដី ដែលបង្កើតឡើងដោយក្រុមហាម៉ាស។
ស្របពេលជាមួយគ្នានេះ ចាប់តាំងពីយប់ថ្ងៃសុក្រមក ហ្កាហ្សាទាំងមូលត្រូវបានកាត់ផ្តាច់ភ្លើង និងអ៊ីនធឺណិតសម្រាប់ប្រើប្រាស់។ ចំពោះរឿងនេះ អាជ្ញាធរប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាបានចោទអ៊ីស្រាអែលជាអ្នកកាត់ផ្តាច់ ខណៈអ៊ីស្រាអែលមិនបកស្រាយលើរឿងនេះទេ តែបានបញ្ជាក់ថា ខ្លួននឹងនៅតែអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយដូចជាអាហារ ទឹក ប្រេង និងថ្នាំពេទ្យចូលទៅកាន់តំបន់ហ្កាហ្សា។
យ៉ាងណាមិញ ប្រមុខអង្គការសុខភាពពិភពលោកយល់ឃើញថា ការផ្តាច់ភ្លើងកំពុងធ្វើឱ្យស្ថានការកាន់តែអាក្រក់ឡើង ដោយបានកាត់ផ្តាច់ទាំងស្រុងវិទ្យុទាក់ទងរថយន្តសង្គ្រោះបន្ទាន់ និងការជម្លៀសអ្នកជំងឺទៅកាន់ទីជម្រកសុវត្ថិភាព។ យោងតាមអាជ្ញាធរសុខាភិបាលនៅហ្កាហ្សា គិតត្រឹមថ្ងៃសៅរ៍មានមនុស្សជាង៧ពាន់៧រយនាក់ហើយ បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់កងទ័ពអ៊ីស្រាអែល។
ក្នុងពេលជាមួយគ្នានេះ ប្រធានាធិបតី និងអាជ្ញាធរប៉ាឡេស្ទីនគ្រប់គ្រង់នៅតំបន់ West Bank បាននិយាយថា ជនជាតិប៉ាឡេស្ទីននៅហ្កាហ្សាកំពុងស្ថិតក្នុងសង្គ្រាមប្រល័យពូជសាសន៍ និងការសម្លាប់រង្គាលពីសំណាក់កងទ័ពអ៊ីស្រាអែល ហើយពិភពលោកត្រូវតែឈឺឆ្អាលអំពីរឿងនេះ។ នៅឯអង្គការសហប្រជាជាតិវិញ លោក ហ្គូតឺរេស បានបន្តដង្ហើយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាប់សម្រាប់ជំនួយមនុស្សធម៌។
ទន្ទឹមគ្នានេះដែរ អ៊ីស្រាអែល បានបញ្ជាឱ្យតំណាងការទូតរបស់ខ្លួនចាកចេញពីប្រទេសទួកគី កាលពីថ្ងៃសៅរ៍ ក្រោយពេលដែលលោក អេដូហ្កាន ប្រធានាធិបតីប្រទេសនេះ បានថ្លែងចោទប្រកាន់អ៊ីស្រាអែលថា កំពុងប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាមលើជនជាតិ ប៉ាឡេស្ទីន។ ក្រោយការលើកឡើងបែបនេះ លោក នេតាន់យ៉ាហ៊ូ បានបកស្រាយថា កងទ័ពអ៊ីស្រាអែលជាកងទ័ព ដែលមានសីលធម៌បំផុតនៅលើពិភពលោក និងថាហាម៉ាសទេ ដែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងយកជនស៊ីវិលជាខែលការពារ។
ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការបើកប្រតិបតិ្តការវាយលុកតាមផ្លូវគោកនេះ វាក៏បានធ្វើឱ្យវាសនាចំណាត់ខ្មាំងជាង២រយនាក់ ដែលកំពុងស្ថិតក្នុងដៃពួកហាម៉ាសកាន់តែមានភាពមិនច្បាស់លាស់ដែរ។
គួររំលឹកថា បច្ចុប្បន្នហាម៉ាសកំពុងមានចំណាត់ខ្មាំងប្រមាណ២៣០នាក់ក្នុងដៃ ក្រោយការវាយឆ្មក់លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ តុលា និងសម្លាប់ប្រជាជនអ៊ីស្រាអែល ជាង១ពាន់៤រយនាក់ភ្លាមៗ។ នៅក្នុងការថ្លែងតាមទូរទស្សន៍នៅព្រឹកថ្ងៃសៅរ៍ លោក នេតាន់យ៉ាហ៊ូ បានសន្យាជាមួយគ្រួសារចំណាប់ខ្មាំងថា នឹងធ្វើឱ្យអស់ពីសមត្ថភាពដែលអ៊ីស្រាអែលមាន ដើម្បីរំដោះចំណាប់ខ្មាំងទាំងនោះមកវិញទាល់តែបាន។
យ៉ាងណាក៏ដោយ បណ្តាញក្រុមហាម៉ាស បានឱ្យដឹងថា ខ្លួននិងក្រុមរំដោះប៉ាឡេស្ទីនផ្សេងទៀតត្រៀមខ្លួនរួចស្រេចទប់ទល់ការឈ្លានពានរបស់ពួកអាណានិគមអ៊ីស្រាអែល៕