តំបន់មជ្ឈិមបូព៌ា

អ៊ីស្រាអែលប្រុងជើងការ និងកំពុងរៀបចំយុទ្ធសាស្រ្តកងទ័ពជើងគោកចូលវាយហ្គាហ្សា


កងទ័ពអ៊ីស្រាអែល បានបន្តបើកការប្រហារដោយការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា ខណៈដែលយន្តហោះចម្បាំងបានបើកប្រតិបត្តិការយោធានៅភាគខាងត្បូងលីបង់។ ជាមួយគ្នានេះលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានកោះប្រជុំក្រុមឧត្តមសេនីយ៍ និងគណរដ្ឋមន្រ្តីសង្រ្គាមរបស់ខ្លួន ដើម្បីវាយតម្លៃជម្លោះ ដែលកំពុងកើនឡើង។ នៅពេលនេះកងកម្លាំងអ៊ីស្រាអែល កំពុងប្រមូលរថក្រោះ និងឧបករណ៍សង្រ្គាមព័ទ្ធតំបន់ហ្គាហ្សា។
តំបន់មជ្ឈិមបូព៌ា
ដោយ

កងកម្លាំងអ៊ីស្រាអែល បានបន្តទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា កាលពី​ថ្ងៃចន្ទ ទី២៣ ខែតុលា ក្រោយកងកម្លាំងអាកាសបានវាយប្រហារភាគខាងត្បូង ប្រទេសលីបង់ ពេញមួយយប់ ដែលធ្វើឱ្យសង្គ្រាមរវាងអ៊ីស្រាអែល ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីន កាន់តែក្តៅ និងអាចរីកកាន់តែធំ។ ជាមួយគ្នានេះនាយករដ្ឋមន្រ្តី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានកោះប្រជុំក្រុមឧត្តមសេនីយ៍កំពូលៗ និងគណៈរដ្ឋមន្ត្រីសង្រ្គាមរបស់លោក ដើម្បីវាយតម្លៃជម្លោះដែលកំពុងកើនឡើងនៅតំបន់ហ្គាហ្សា។

ពាក់ព័ន្ធនឹងការវាយប្រហារនេះប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល ផ្តោតទៅលើភាគកណ្តាល និងភាគខាងជើងតំបន់ហ្គាហ្សា។ មកដល់ពេលនេះមនុស្សជាង៤ពាន់៦រយនាក់ ​បានស្លាប់ ចាប់តាំងពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានចាប់ផ្តើមនៅដើមខែតុលា ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

ឆ្លើយតបនឹងការវាយប្រហារនេះ មេដឹកនាំក្រុមហាម៉ាស់ ប៉ាឡេស្ទីនគឺលោក អ៊ីស្មាអ៊ីល ហានីយេស ( Ismail Haniyeh ) និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមីរ៉ាដូឡាអៀន ( Hossein Amirabdollahian ) បានពិភាក្សាគ្នាតាមទូរសព្ទកាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីរកដំណោះស្រាយ និងមធ្យោបាយបញ្ឈប់ឧក្រិដ្ឋកម្ម និងអំពើឃោឃៅដោយសារតែជម្លោះ ខណៈដែលគេដឹងថា នៅពេលនេះ កងកម្លាំងអ៊ីស្រាអែល កំពុងត្រៀមបម្រុង និងប្រមូលកងកម្លាំង និងរថពាសដែករបស់ខ្លួនដាក់ពង្រាយតាមតំបន់ព័ទ្ធជុំវិញហ្គាហ្សា។

ជុំវិញសភាពការណ៍សង្គ្រាមវិវត្តន៍ទៅមុខនេះដែរ ទីក្រុងវ៉ាស៊ីនតោន ក៏បានប្រកាសពីការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ផងដែរ។ មន្ទីរបញ្ចកោណបានបញ្ជូនកម្លាំងទ័ពជើងទឹកយ៉ាងច្រើនទៅកាន់មជ្ឈិមបូព៌ា រួមទាំងនាវាផ្ទុកយន្តហោះពីរ នាវាជំនួយ និងកងម៉ារីន ប្រហែល២ពាន់នាក់ ដើម្បីជួយទប់ស្កាត់ការវាយប្រហារដោយកងកម្លាំងពាក់ព័ន្ធរបស់អ៊ីរ៉ង់។

លោក ឡូយ អូស្ទីន ( Lloyd Austin ) រដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា អ្វីដែលខ្លួនកំពុងមើលឃើញ គឺជាការរំពឹងទុកនៃការកើនឡើងគួរឱ្យកត់សម្គាល់នៃការវាយប្រហារលើកងទ័ព និងប្រជាជនរបស់អាម៉េរិកទូទាំងតំបន់។ ជាមួយគ្នានេះ អាម៉េរិក ក៏បានព្រមានឆ្លើយតបដោយកម្លាំងយោធាផងដែរ ប្រសិនបើកងកម្លាំងរបស់ខ្លួនរងការវាយប្រហារដោយក្រុមណាមួយ។

ដោយឡែក បេសកជនពិសេសចិន គឺ លោក ជៃ ជន ( Zhai Jun) ដែលកំពុងបំពេញទស្សនកិច្ចក្នុងតំបន់បានព្រមានថា ហានិភ័យនៃជម្លោះទ្រង់ទ្រាយធំកំពុងកើនឡើង ហើយជម្លោះដែលផ្ទុះឡើងនៅក្នុងតំបន់គឺ "គួរឱ្យព្រួយបារម្ភ"៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ហ្វីលីពីនថ្កោលទោសទង្វើរបស់អាជ្ញាធរចិន ខណៈអាម៉េរិក ស្រែកបន្ទរតាមក្រោយ

ប្រទេសហ្វីលីពីន បានអំពាវនាវឱ្យប្រទេសចិន បញ្ឈប់សកម្មភាពឈ្លានពាននៅក្នុងសមុទ្រចិនខាងត្បូង និងបានកោះហៅឯគ្គរដ្ឋទូតចិន ប្រចាំក្រុងម៉ានីលមកសួរនាំ…

អាជ្ញាធររឹបអូសសាច់បង្កកខូចគុណភាពបានជិត២ពាន់តោន យកមកកំទេចចោលនៅ៩ខែឆ្នាំនេះ

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រឹបអូសសាច់បង្កកចម្រុះខូចគុណភាព មានផ្ទុក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ