ស្ថានការណ៍វិវត្តចុងក្រោយនេះ បានកើតឡើងនៅពេលដែលសម្ព័ន្ធភាពនៃរដ្ឋាភិបាលចម្រុះរបស់លោក Bennett ដែលរួមមានគណបក្សស្តាំនិយមជ្រុល សេរីនិយម និងអារ៉ាប់ រួមបញ្ចូលគ្នាជារដ្ឋាភិបាលតែមួយ បានចាប់ផ្តើមរង្គោះរង្គើ ខិតកាន់តែជិតទៅរកការដួលរលំ នៅមួយឆ្នាំបន្ទាប់អតីតនាយករដ្ឋមន្ត្រី លោក បេនចាមីន នេតាន់យ៉ាហូ(Benjamin Netanyahu) បានចាញ់ការបោះឆ្នោតក្រោយដឹកនាំអ៊ីស្រាអែលបាន១២ឆ្នាំ។
សមាជិកសភាមួយរូបដែលបាននិយាយថា លោកលែងជាផ្នែកមួយរបស់រដ្ឋាភិបាលចម្រុះទៀតហើយនោះ គឺលោក នៀ អរបាច់(Nir Orbach) មកពីគណៈបក្សស្តាំនិយមជ្រុលឈ្មោះ Yamina។ លោក អរបាច់ បានបដិសេធសមភាពរបស់លោក ក្នុងជួររដ្ឋាភិបាល តាមរយៈការថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយដែលត្រូវបានសារព័ត៌មានក្នុងរបស់អ៊ីស្រាអែលជាច្រើន យកមកចុះផ្សាយព្រោងព្រាត។
យ៉ាងណាក៏ដោយ មិនមានការអត្ថាធិប្បាយផ្ទាល់មាត់ពីសាមីខ្លួននោះទេ លើកលែងតែសេចក្តីថ្លែងការណ៍របស់គាត់ដែលត្រូវបានគេចុះផ្សាយប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍នោះបន្តទៀតថា ភាពជ្រុលនិយម និងការប្រឆាំងនឹងលទ្ធិស៊ីយ៉ូន បានធ្វើឱ្យរដ្ឋាភិបាលចម្រុះអ៊ីស្រាអែល ស្ថិតនៅលលើផ្លូវទៅរកបញ្ហាមិនចេញចប់។
បើតាមសេចក្តីថ្លែងការណ៍ដដែល លោកអរបាច់ថា លោកនឹងមិនចូលរួមការបោះឆ្នោតទៀតទេ ហើយលោកក៏នឹងមិនបោះឆ្នោតដើម្បីរំលាយសភាដែរ បើទោះបីជាការចាកចេញរបស់លោក បានធ្វើឱ្យរដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្ត្រី បេនណេតខ្វះខាតសម្លេង ដើម្បីបង្គ្រប់សម្លេងភាគច្រើនក្នុងសភាក៏ដោយ។
សូមជម្រាបថា លោកនេតាន់យ៉ាហូ ដែលបច្ចុប្បន្នជាមេដឹកនាំបក្សប្រឆាំង និងបានសច្ចាថានឹងវិលត្រលប់មកក្នុងការបោះឆ្នោតវិញ និងបើទោះបីជាគាត់កំពុងស្ថិតក្នុងការចោទប្រកាន់ពីបទពុករលួយក៏ដោយ ហើយលោកបានអះអាងថា រដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្នកំពុងស្ថិតក្នុងភាពរង្គោះរង្គើកាន់តែខ្លាំងហើយ។
ប្រសិនបើរដ្ឋាភិបាលចម្រុះលើកនេះ នឹងត្រូវដួលរលំមែននោះ គេទំនងជាអាចឃើញការបោះឆ្នោតលើកទី៥នៅប្រទេសអ៊ីស្រាអែល នឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ៕