យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ខណៈពេលនេះមេដឹកនាំនៃបណ្តាប្រទេសជាង ២០ បានធ្វើដំណើរទៅដល់ទីក្រុងស៊ិនជិន ប្រទេសចិន ជាបន្តបន្ទាប់ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC។ នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ អ្វីដែលជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍ ដែលកំពុងទាក់អារម្មណ៍ពិភពលោកនោះ គឺជំនួបទល់មុខគ្នាត្រីភាគីរវាងមេដឹកនាំមហាអំណាចយោធាទាំងបី គឺប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីចិន លោក ស៊ី ជីនភីង និងប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ ប្រភពដដែលបានចាត់ទុកជំនួបនេះថា ជាព្រឹត្តិការណ៍ការទូតដ៏មានឥទ្ធិពល និងសំខាន់បំផុតប្រចាំឆ្នាំ២០២៦។
ក្រៅពីសារព័ត៌មាន CNBC ក្រុមអ្នកវិភាគនៅតាមបណ្តាញសារព័ត៌មានបរទេសធំៗជាច្រើនទៀតបានព្យាករថា មេដឹកនាំនៃប្រទេសមហាអំណាចនុយក្លេអ៊ែទាំងបីនេះ នឹងលើកយកបញ្ហាធំៗចំនួន៣មកដាក់លើតុចរចារួមមានការរៀបចំតុល្យភាពអំណាចសកលជាថ្មី, ការដោះស្រាយភ្លើងសង្គ្រាមនៅតំបន់យុទ្ធសាស្ត្រ និងការទប់ស្កាត់ហានិភ័យអាវុធនុយក្លេអ៊ែ។
ពាក់ព័ន្ធការរៀបចំសណ្តាប់ធ្នាប់ពិភពលោក អ្នកវិភាគបានលើកឡើងថា ជំហររបស់ចិននាពេលបច្ចុប្បន្នគឺមិនធម្មតាឡើយ ដោយទីក្រុងប៉េកាំងអាចនឹងទាមទារតួនាទីស្នូល និងបង្ហាញខ្លួនជាមជ្ឈមណ្ឌលសម្របសម្រួលកិច្ចការអន្តរជាតិដ៏ចម្បង។ ចំណែកឯរុស្ស៊ីវិញ នឹងប្រើប្រាស់វេទិកានេះជាឱកាសយុទ្ធសាស្ត្រ ដើម្បីការពារ និងពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងនាមជាមហាអំណាច ដែលមិនអាចខ្វះបានលើឆាកអន្តរជាតិ។
ដោយឡែកពាក់ព័ន្ធនឹងការបញ្ចប់សង្គ្រាម បច្ចុប្បន្នចិនកំពុងឈរនៅចំណុចកណ្តាល នៃវិបត្តិសង្គ្រាមធំៗពីរ គឺសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ារវាងសម្ព័ន្ធមិត្តអាម៉េរិក-អ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់។ ក្នុងបរិបទនេះ ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ សុទ្ធតែមិនអាចមើលរំលង ឬបដិសេធតួនាទីសម្របសម្រួលរបស់ទីក្រុងប៉េកាំងបានឡើយ។
ពាក់ព័ន្ធនឹងបញ្ហាអាវុធនុយក្លេអ៊ែ ត្រូវបានអ្នកជំនាញចាត់ទុកជារបៀបវារៈដ៏រសើប ដែលមេដឹកនាំទាំង៣មិនអាចគេចវេះបាន។ ក្នុងនាមជាអ្នកកាន់កូនសោបញ្ជាអាវុធមហាប្រល័យ ដែលមានឥទ្ធិពលបំផុតលើផែនដី មេដឹកនាំទាំងបីត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីយន្តការកាត់បន្ថយភាពតានតឹង ដើម្បីបញ្ចៀសគ្រោះមហន្តរាយ នៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែ៕
ដោយៈ សរ សុជាតិ