មហាសេដ្ឋីចិន

Jack Ma ខាតបង់ប្រាក់ ១១ ពាន់លានដុល្លារ ត្រឹមតែ ២ខែប៉ុណ្ណោះ! ហេតុអ្វី?


ត្រឹមតែរយៈពេល ២ខែ ប៉ុណ្ណោះ ដោយគិតមកតាំងពីចុងខែតុលា ឆ្នាំ២០២០មក ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីប្រាក់ពាន់លានដុល្លាររបស់ចិន គឺលោក Jack Ma ត្រូវបានបាត់បង់អស់ ១១ ពាន់លានដុល្លារ ស្របពេលដែលរដ្ឋាភិបាលចិនបង្កើនការត្រួតពិនិត្យតាមដាន លើអាណាចក្រជំនួញរបស់ក្រុមហ៊ុនលោក ។ នេះបើយោងតាមការរាយការណ៍មួយ ដោយ Bloomberg។
Jack Ma ខាតបង់ប្រាក់ ១១ ពាន់លានដុល្លារ ត្រឹមតែ ២ខែប៉ុណ្ណោះ! ហេតុអ្វី? (រូបភាព៖ Bloomberg)
ដោយ

ប្រភព​ព័ត៌មាន​បាន​ឲ្យដឹងទៀតថា សហស្ថាបនិក​ក្រុមហ៊ុន​អាលីបាបា បានឈាន​ដល់​កម្រិតកំពូល​ដោយមាន​ទ្រព្យ​សម្បត្តិ​ជាទឹកប្រាក់សរុប​៦១,៧ ពាន់លាន​ដុល្លារអាមេរិក​នៅឆ្នាំនេះ និងបាន​បម្រុង​នឹង​ក្លាយទៅ​ជា​អ្នកមាន​ទ្រព្យ​សម្បត្តិ​ច្រើនជាងគេ​បំផុត​នៅអាស៊ីទៅហើយ ជាមួយនឹង​ការ​បោះផ្សាយ​លក់​ភាគហ៊ុន​​ក្រុមហ៊ុនរបស់​ខ្លួន គឺ Ant Group។ ប៉ុន្ដែ បន្ទាប់​ពីដំណើរការ​នៃ​ការ​បោះផ្សាយ​លក់ភាគហ៊ុន Ant Group របស់​លោក JacK Ma ត្រូវបាន​បរាជ័យ ដោយសារតែ​មានការ​អន្តរាគមន៍ និងត្រួតពិនិត្យ​ឡើងវិញ​ដោយ​អាជ្ញាធរចិនរួចមក ឃើញថា ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​សំដីចាក់ទឹក​មិនលិច​រូបនេះ បានធ្លាក់​មកនៅ​ត្រឹម​តែ​ ៥០,៩ ពាន់លាន​ដុល្លារ​ប៉ុណ្ណោះ នៅពេល​បច្ចុប្បន្ននេះ។

អាជ្ញាធរចិន​បាន​បង្កើន​ការ​ស៊ើបអង្កេត​ទៅលើ​អាណាចក្រ​ជំនួញ​របស់​លោក Jack Ma និងបាន​បង្គាប់​ឲ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Ant ត្រូវ​កែតម្រូវ​ នូវ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ទាក់ទង​នឹង​ការផ្ដល់​ប្រាក់​កម្ចី របស់​ក្រុមហ៊ុននេះ រួមទាំង​ សេវា​ធានារ៉ាប់រង និង​អាជីវកម្ម​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន។

កាលពីសប្ដាហ៍មុន ប្រទេសចិន​បាន​ចាប់ផ្ដើម​ការ​ស៊ើប​អង្កេត​លើ​របាយការណ៍​ដែលមាន​ការអនុវត្ត​បែបផ្ដាច់មុខ និង​បាន​កោះហៅ​ក្រុមហ៊ុន​ Ant ឲ្យជួប​ប្រជុំពិភាក្សា​​ស្ដីអំពី​បទបញ្ញត្តិ​ហិរញ្ញវត្ថុ​ផងដែរ។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាលីបាបា Group ដែលបាន​ចុះបញ្ជី​នៅ​សហរដ្ឋអាមេរិក ក៏មាន​ការ​ធ្លាក់ចុះ ៨,១% ផងដែរ​នៅ​ផ្សារហ៊ុន New York ដែលវា​គឺជា​ការធ្លាក់ចុះ​ខ្លាំងបំផុត​ក្នុងរយៈពេល​ជិត​៦ឆ្នាំមកនេះ បន្ទាប់ពី​អាជ្ញាធរចិន​បាន​សម្រេច​ឲ្យ​ព្យួរ​ការចុះបញ្ជី​បោះផ្សាយ​លក់ភាគហ៊ុន​របស់​ក្រុមហ៊ុន Ant នៅក្នុង​ផ្សារភាគហ៊ុន​សៀងហៃ និង​ហុងកុង។ ផ្សារភាគហ៊ុន​នៅហុងកុង ក៏បាន​រអិល​ធ្លាក់ចុះ ៩,៣% ផងដែរ នៅក្នុង​ម៉ោង​បើកជួញដូរ​ដំបូង​នៅក្នុងស្រុក។

ការបង្កើន​ការត្រួតពិនិត្យ​តាមដាន​ពីសំណាក់​រដ្ឋាភិបាល​ចិននេះ ក៏បាន​ធ្វើឲ្យ​មានការ​កាត់បន្ថយ​នូវ​ចំណាប់​អារម្មណ៍​របស់​វិនិយោគិន​ក្នុងផ្សារភាគ​ហ៊ុន និង​បាន​ទាញ​ទម្លាក់​តម្លៃភាគហ៊ុន របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សៗ​ដែលស្រដៀងគ្នា​នឹង​ក្រុមហ៊ុន​របស់​លោក Jack Ma ផងដែរ បើទោះបីជា​មាន​ការកើនឡើង​នូវ​តម្រូវការ​សេវាកម្ម​តាម​អ៊ីនធើណែត នៅអំឡុងពេល​កូវីដ-១៩ ក្ដី។

តួយ៉ាង ភាគហ៊ុន​របស់​ក្រុមហ៊ុន Tencent បានធ្លាក់ចុះ​ដល់ទៅ ១៥% តាំងពីដើមខែ​វិច្ឆិកា​មក ខណៈដែល​ក្រុមហ៊ុន​ដឹកជញ្ជូន​ម្ហូបអាហារ​ ដ៏ធំមួយ​នៅចិន​ គឺ Meituan ក៏ធ្លាក់ចុះ​ជិត​១ភាគ៥ នៃ​តម្លៃ​ដែលធ្លាប់​មាន​ខ្ពស់បំផុត​កាលពី​ខែមុនផងដែរ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃជាប់ចំណាត់ថ្នាក់លេខ២ នៅអាស៊ី លើការ​ប្រមូលទុន តាមរយៈ​ការបោះផ្សាយ IPO

ព័ត៌មាន
នៅក្នុងតំបន់អាស៊ី ប្រទេសថៃបានជាប់ចំណាត់ថ្នាក់លេខ ២ លើការបោះផ្សាយលក់មូលបត្រសាធារណៈ (IPO) សម្រាប់ឆ្នាំ ២០២០នេះ ដោយប្រមូលទុនប្រមាណជិត ៥ព…

រកឃើញករណីឆ្លងកូវីដ-១៩ ថ្មី ០២នាក់ ជាពលករ​ខ្មែរ​ធ្វើ​ដំណើរ​មក​ពីថៃ

ព័ត៌មាន
នៅថ្ងៃទី៣១ ធ្នូ នេះ ក្រសួងសុខាភិបាល​ បានប្រកាសថា មាន​ករណី​ឆ្លង​វីរុស​កូវីដ-១៩ ថ្មី ចំនួន ០២នាក់ទៀត ជា​ស្ត្រី​ខ្មែរ​ធ្វើការនៅប្រទេសថៃ ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ