គ្រឹះស្ថានពាណិជ្ជកម្ម Mitsui & Co. របស់ជប៉ុន កំពុងពិចារណាទិញភាគហ៊ុននៅអណ្ដូងប្រេង North Field នៅក្បែរឆ្នេរសមុទ្រនៃប្រទេសកាតា ក្នុងឈូងសមុទ្រពែក្សជាកន្លែង ដែលកំពុងពង្រីកគម្រោងចំនួន២នៅទីនោះ។
ផលិតកម្មឧស្ម័ននៅកន្លែងពង្រីកទាំង២នេះ គ្រោងនឹងចាប់ផ្តើមឆាប់បំផុតនៅឆ្នាំ២០២៦។ នៅពេលគម្រោងទាំង២នេះបានបញ្ចប់រួចហើយ សមត្ថភាពផលិតឧស្ម័នរាវធម្មជាតិ (LNG) របស់ប្រទេសកាតានឹងកើនឡើងដល់១២៦លានតោនក្នុងមួយឆ្នាំ គឺលើសសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី។
ក្រុមហ៊ុន Mitsui នឹងសម្រេចចិត្តចុងក្រោយដោយផ្អែកលើកត្តាមួយចំនួនដូចជារយៈពេលនៃកិច្ចសន្យា តម្លៃ និងប្រាក់ចំណេញ ហើយក្រុមហ៊ុននេះបាននិយាយថា ពួកគេកំពុងពិចារណាជម្រើសផ្សេងៗ ប៉ុន្តែសូមបដិសេធការធ្វើអត្ថាធិប្បាយពីព័ត៌មានលម្អិត។
ផែនការរបស់ជប៉ុននេះ គឺដើម្បីបង្កើតសម្ព័ន្ធក្រុមហ៊ុនជប៉ុនមួយ ដើម្បីទិញផលប្រយោជន៍នៅអណ្ដូងប្រេង North Field ហើយក្រុមហ៊ុនផ្គត់ផ្គង់ថាមពល JERA របស់ជប៉ុន ក៏កំពុងពិចារណាចូលរួមក្នុងគម្រោងការនេះដែរ។
នៅក្នុងប្រទេសឥណ្ឌូនេស៊ី ឯណោះវិញ ក្រុមហ៊ុន Mitsubishi Corp ក្រុមហ៊ុនថាមពល Inpex និងក្រុមហ៊ុនដទៃទៀតកំពុងពង្រីកផលិតកម្មរបស់ពួកគេនៅអណ្ដូងឧស្ម័ន តាងហ្គូ (Tangguh) ឱ្យឡើងដល់ជាង១១លានតោនក្នុងមួយឆ្នាំ។ ក្នុងចំណោមការបង្កើនផលិតកម្មនេះ ក្រុមហ៊ុន Kansai Electric Power នឹងទទួលបានរហូតដល់ទៅ១លានតោន ដើម្បីផ្គត់ផ្គង់រោងចក្រថាមពល។
ចំណែកនៅប្រទេសកាណាដាវិញ ក្រុមហ៊ុន Mitsubishi របស់ជប៉ុន នឹងចាប់ផ្ដើមដំណើរការរោងចក្រឧស្ម័នរាវធម្មជាតិ នៅពាក់កណ្តាលឆ្នាំ២០២៦ ដោយសហការជាមួយក្រុមហ៊ុន Shell និងក្រុមហ៊ុនដទៃទៀត។
ជប៉ុន គឺជាប្រទេសនាំចូលឧស្ម័នរាវធម្មជាតិ ដ៏ធំបំផុតរបស់ពិភពលោក ដោយជប៉ុនបានទិញឧស្ម័ននេះចំនួន៧២លានតោន ក្នុងឆ្នាំ២០២២ ដោយ១០% បានមកពីប្រទេសរុស្ស៊ី ហើយនៅពេល ជប៉ុនមានទំនាក់ទំនងកាន់តែតានតឹងជាមួយទីក្រុងម៉ូស្គូ ប្រទេសជប៉ុនទំនងជាមិនទទួលបានការផ្គត់ផ្គង់ឧស្ម័នរាវធម្មជាតិពីគម្រោង Sakhalin-2 របស់រុស្ស៊ីទៀតនោះទេ៕